មន្ដ្រី​អ៊ុយ​ក្រែ​ន អះអាងថា រុស្ស៊ី បាត់បង់​ទាហាន​នៅលើ​សមរភូមិ ១​ថ្ងៃ​៥០០​នាក់​

ព័ត៌មានអន្តរជាតិ
0
98


​រដ្ឋធានី​កៀវ​៖ ជាមួយនឹង​សង្គ្រាម អស់​រយៈពេល​ជាង​២៣០​ថ្ងៃ​កន្លងមកនេះ មាន​សេចក្ដីរាយការណ៍ ពី​មន្ដ្រី​ក្រុង​កៀវ អះអាង ពី​ទាហាន​រុស្ស៊ី បាន​ស្លាប់ នៅលើ​សមរភូមិ​ប្រយុទ្ធ កាលពី​ម្សិលមិញ មាន​ចំនួន​កើនឡើង រហូតដល់​៥០០​នាក់​។​

​សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែតុលា ថា អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​បង្ហោះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ថា កម្លាំង​ការពារ​ទឹកដី​របស់​ក្រុង​កៀវ បានសម្លាប់​ទាហាន​រុស្ស៊ី កើនឡើង ដល់​៦៤ ៣០០​នាក់ ដោយ​រាប់បញ្ចូល​ទាំង​ការស្លាប់​ថ្មី កាលពី​ម្សិលមិញ ចំនួន​៥០០​នាក់​ផង​។ ចំនួន​ទាហាន​រុស្ស៊ី បាត​បង់​បង់​ទាំងនេះ គឺ​គិត​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នា​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមកដល់​ថ្ងៃទី​១៤ ខែតុលា​។​

​ក្រៅពី​ការបាត់បង់​កងទ័ព​នោះ រុស្ស៊ី ក៏បាន​ខូចខាត​គ្រឿងយុទ្ធោបករណ៍​ជាច្រើន​បន្ថែមទៀត រួមមាន រថក្រោះ ចំនួន ២ ៥២១​គ្រឿង​, រថពាសដែក ចំនួន ៥ ១៧២​គ្រឿង​, ប្រព័ន្ធ​បាញ់កាំភ្លើង​ធំ ចំនួន ១ ៥៦៦​គ្រឿង​, ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត MLRS ចំនួន​៣៦២​គ្រឿង​, ប្រព័ន្ធ​ការពារ​ប្រឆាំងនឹង​យន្ដហោះ ចំនួន ១៨៦​គ្រឿង​, យន្ដហោះ​ចម្បាំង ២៦៨​គ្រឿង​, ឧទ្ធម្ភាគចក្រ ចំនួន ២៤០​គ្រឿង​, គ្រូ​សមី​ស៊ី​ល ចំនួន ៣១៦​ដើម​, នាវាចម្បាំង​តូចធំ ១៦​គ្រឿង​, យានយន្ដ​ដឹក​សាំង ៣ ៩៤៤​គ្រឿង និង សម្ភារ​សឹក​ផ្សេងៗ​ទៀត​។​

​ទោះជា​យ៉ាងណា សេចក្ដីរាយការណ៍​នេះ នៅ​មិនទាន់មាន​ប្រភព​ឯករាជ្យ​ណាមួយ បញ្ជាក់ ជុំវិញ​ការអះអាង​របស់​អ៊ុយ​ក្រែ​ន អំពី​ការសម្លាប់​ទាហាន និង កម្ទេច​គ្រឿងយុទ្ធោបករណ៍​របស់​រុស្ស៊ី នៅឡើយ​។ ដោយឡែក ក្រុង​មូ​ស្គូ ក៏​នៅ​មិនទាន់មាន​ប្រតិកម្ម​ភ្លាមៗ អំពី​ការលើកឡើង ពី​មន្ដ្រី​ក្រុង​កៀវ នោះដែរ​៕​