រុស្ស៊ី​ស៊ី​ញ៉េ​នឹង​ដៃ​លុប​នឹង​ជើង ទាហាន​ក្រុង​មូ​ស្គូ​បា.ញ់​មី.​ស៊ី​ល​ទៀតហើយ​

ព័ត៌មានអន្តរជាតិ
0
191
រដ្ឋធានី​គៀវ​៖ រហូតមកដល់​ពេលនេះ កម្លាំង​ទាហាន​របស់​រុស្ស៊ី បាន​បាញ់​មី​ស៊ី​ល​ជា​បន្ដបន្ទាប់​ទៅលើ​គោលដៅ​នានា នៅតាម​កំពង់​ឆ្នេរសមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន ក្រោយពេល​មន្ដ្រីជាន់ខ្ពស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង ក្រុង​គៀវ កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ សម្រាប់​សម្រួល​ដល់​បញ្ហា​សន្ដិសុខ​ស្បៀងអាហារ​របស់​ពិភពលោក ដែល​មនុស្ស​រាប់លាន​នាក់ កំពុងតែ​ប្រឈមមុខ​នឹង​គ្រោះ​អត់ឃ្លាន​។​

​សារព័ត៌មាន The Moscow Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ថា មន្ដ្រី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​អង្គារ បាន​ថ្លែងថា កម្លាំង​ទាហាន​រុស្ស៊ី បាន​បាញ់ស្រោច​មី​ស៊ី​ល​ជាច្រើន​គ្រាប់ សំដៅ​ទៅលើ​គោលដៅ​នានា នៅតាម​ឆ្នេរសមុទ្រ​ខ្មៅ នៅ​ជិត​ទីក្រុង​កំពង់ផែ​អូ​ដែ​ស​សា (Odessa) និង ទីក្រុង​មី​កូ​ឡាវ (Mykolaiv) ។ ការវាយប្រហារ​នេះ បានកើត​ឡើង ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​រុស្ស៊ី​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល ទៅលើ​ទីក្រុង Odessa កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ខែកក្កដា​។ សកម្មភាព​យោធា​ជា​បន្ដបន្ទាប់​របស់​ក្រុង​មូ​ស្គូ បាន​នាំ​ឲ្យ​មាន​ការលើក​ឡើងជា​សំណួរ អំពី​កិច្ចព្រមព្រៀង បំបែក​ភាពទាល់ច្រក ដើម្បី​បន្ត​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ពី​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​រំខាន ដោយ​ការ​លុកលុយ​នេះ​។​



​អ្នកនាំពាក្យ មន្ដ្រី​យោធា​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា រុស្ស៊ី កាលពី​ថ្ងៃ​អង្គារ បានកំណត់​គោលដៅ​វាយប្រហារ​តាម​អាកាស ទៅលើ​តំបន់​ជាច្រើន នៅតាម​ឆ្នេរសមុទ្រ​ខ្មៅ និង ទីក្រុង Mykolaiv ដោយបាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​សំណង់​អគារ​ឯកជន​ជាច្រើន​កន្លែង និង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​កំពង់ផែ​។ នៅក្នុង​ការវាយប្រហារ​នេះ រុស្ស៊ី បាន​ប្រើប្រាស់​យន្ដហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ ប្រភេទ Tu-22M3 យន្ដហោះ Su-30 និង យន្ដហោះ Su-35 ដោយ​បាញ់​ចេញពី​សមុទ្រ​ខ្មៅ​។​

​រុស្ស៊ី និង អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ ជា​លើកដំបូង ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​ឡើង កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ដើម្បី​នាំចេញ​គ្រាប់​ធញ្ញជាតិ​រាប់លាន​តោន ពី​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន នៅ​សមុទ្រ​ខ្មៅ សម្រាប់​ជួយ​បន្ធូរបន្ថយ​នូវ​គ្រោះ​អត់ឃ្លាន ដល់​មនុស្ស​រាប់លាន​នាក់ នៅលើ​ពិភពលោក​។ ការចុះ​កិច្ចព្រមព្រៀង រវាង​ប្រទេស​ជម្លោះ​ទាំង​២​នេះ បានធ្វើ​ឡើង ក្រោម​វត្ដ​មាន​របស់​ប្រមុខ​អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉េ​ស និង ប្រធានាធិបតី​តួ​ក​គី លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន នៅក្នុង​ទីក្រុង​អ៊ី​ស្ដង់​ប៊ូល ប្រទេស​តួ​ក​គី​។​


​ដោយឡែក មន្ដ្រី​អ៊ុយ​ក្រែ​ន បាន​អះអាងថា ក្រុង​មូ​ស្គូ មិន​គោរព​កិច្ចសន្យា​របស់ខ្លួន​នោះឡើយ ពោលគឺ​គ្រាន់តែ​ចុះហត្ថលេខា​ហើយ​បាន​មួយថ្ងៃ កងទ័ព​រុស្ស៊ី បាន​វាយប្រហារ ដោយ​មី​ស៊ី​ល ទៅលើ​កំពង់ផែ​អូ​ដែ​ស​សា​ភ្លាម ហើយ​កាលពី​ថ្ងៃ​អង្គារ ក៏​បន្ដ​វាយប្រហារ​បន្ថែមទៀត​៕​