នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស នៅតែ​បន្ដ​គាំទ្រ​តៃវ៉ាន់ ព្រោះ​ជា​ដៃគូ​ដ៏​សំខាន់​

ព័ត៌មានអន្តរជាតិ
0
87


​រដ្ឋធានី​ហ្សា​ការ​តា​៖ បើទោះជា ចិន នៅតែ​បន្ដ​បង្កើន​សម្ពាធ​យោធា ប្រឆាំងនឹង​តៃវ៉ាន់ ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) បានមក​កាន់​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃទី​២ ខែសីហា រហូតមកដល់​ពេលនេះ​យ៉ាងណាក្ដី ប៉ុន្ដែ​សម្រាប់​ចក្រភព​អង់គ្លេស នៅតែ​បន្ដ​គាំទ្រ ដល់​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​ដដែល​។​

​សារព័ត៌មាន Taipei News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១៦ ខែវិច្ឆិកា ថា លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ខណៈ​ធ្វើដំណើរ​ទៅ​ចូលរួម​ប្រជុំ​កំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថា «​ខ្ញុំ​បាន​បដិសេធ​ការបញ្ជូន​គ្រឿង​សព្វាវុធ ទៅកាន់​កោះ​តៃវ៉ាន់ ដោយសារតែ​រដ្ឋាភិបាល​របស់ខ្ញុំ ត្រូវ​ត្រួត​ពិនិត្យឡើងវិញ លើ​គោលនយោបាយ​ការបរទេស ការពារជាតិ និង សន្ដិសុខ​របស់​ចក្រភព​អង់គ្លេស​។ ប៉ុន្ដែ​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​គាំទ្រ​តៃវ៉ាន់ តាម​អ្វីដែល​យើង​ធ្វើបាន នៅ​ក្នុងការ​ក្រោកឈរឡើង ប្រឆាំងនឹង​ការឈ្លានពាន​របស់​ចិន​»​។​

​លោក ច​ន ប៊ូ (John Bew) ទីប្រឹក្សា​ពិសេស ផ្នែក​គោលនយោបាយ​ការបរទេស​របស់លោក ស៊ូ​ណាក់ កំពុងតែ​ធ្វើ​បច្ចុប្បន្នភាព លើ​សន្ដិសុខ ការពារជាតិ និង កិច្ចការបរទេស កាលពី​ឆ្នាំ​កន្លងទៅ ហើយ​រំពឹងថា នឹង​ចេញ​សេចក្ដីរាយការណ៍ នៅ​ចុង​ឆ្នាំនេះ​។​

​លោក Sunak បាន​បន្ថែម ថា «​សម្រាប់​ទស្សនៈ​របស់ខ្ញុំ គឺថា ប្រទេស​ចិន បង្កបញ្ហា​ជា​ប្រព័ន្ធ​ចំពោះ​តម្លៃ និង ផលប្រយោជន៍​របស់​យើង ហើយ​ក្រុង​ប៉េកាំង បង្ហាញ​ការគំរាមកំហែង ផ្អែកលើ​រដ្ឋ​ដ៏​ធំ​បំផុត សម្រាប់​សន្តិសុខ​សេដ្ឋកិច្ច​របស់​យើង​»​។

​ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ដ្រី បង្ហាញ​ពី​ក្ដីសង្ឃឹម ថា នឹង​មានឱកាស​ពិភាក្សា ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping)​។ ប៉ុន្ដែ​នៅក្នុង​ខែ​នេះដែរ លោក ហ្គ្រេ​គ ហែ​នស៍ (Greg Hands) រដ្ឋមន្ដ្រី​គោលនយោបាយ​ពាណិជ្ជកម្ម បានធ្វើ​ដំណើរ​ទៅកាន់​តៃវ៉ាន់ សម្រាប់​ការចរចា ទល់មុខ​គ្នា​ជា​លើកដំបូង ចាប់តាំងពី​ការផ្ទុះ​ជំងឺ​កូ​វីដ​មក​។ លោក​រដ្ឋមន្ដ្រី បានបញ្ជាក់ ថា ដោយសារតែ​សេដ្ឋកិច្ច​ជឿនលឿន និង បច្ចេកវិទ្យា​ជាន់ខ្ពស់ ទើប​តៃវ៉ាន់ ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ សម្រាប់​ចក្រភព​អង់គ្លេស​៕​