បើក​យន្ដហោះ​បុក​បង្គោល​ភ្លើង កៀប​ជាប់​លើ​អាកាស មនុស្ស​ជាង​១​សែន​នាក់​អត់​អគ្គិសនី​ប្រើប្រាស់​

ព័ត៌មានអន្តរជាតិ
0
179



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ អាកាសយានិក​ម្នាក់ បាន​បើក​យន្ដហោះ​ធុន​តូច បុក​បង្គោល​ភ្លើង​កៀប ជាប់​នៅលើ​អាកា​សមាន​រយៈពេល​ជាច្រើន​ម៉ោង ទម្រាំ​ក្រុម​សង្គ្រោះ​ជួយ​អន្ដរាគមន៍ យកចេញ​បាន ហើយ​មនុស្ស​ប្រហែល​ជាង​១​សែន​នាក់ អត់​មាន​អគ្គិសនី​ប្រើប្រាស់ កាលពី​រាត្រី ថ្ងៃអាទិត្យ ស្ថិតក្នុង​រដ្ឋ​ម៉ា​រី​ឡែ​ន​ដ៍ (Maryland) ដែលមាន​ចម្ងាយ​ត្រឹមតែ ប្រហែល​៤៨​គីឡូម៉ែត្រ ពី​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​

​សារព័ត៌មាន Richmond Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​២៨ ខែវិច្ឆិកា ថា មនុស្ស ចំនួន​២​នាក់ ត្រូវបាន​សង្គ្រោះ ពី​យន្តហោះ​ខ្នាតតូច​មួយគ្រឿង កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល ថ្ងៃ​ចន្ទ ស្ថិតក្នុង​រដ្ឋ Maryland ក្រោយពេល​យន្ដហោះ​របស់​ពួកគេ បាន​បុក​បង្គោល​បណ្តាញ​អគ្គិសនី ជាប់​នៅលើ​អាកាស មាន​កម្ពស់ ប្រហែល​៣០​ម៉ែត្រ អស់​រយៈពេល​ជាច្រើន​ម៉ោង​។​

​លោក ស្កុ​ត ហ្គោល​ស្ដេ​ន (Scott Goldstein) ប្រធាន​ផ្នែក​ពន្លត់​អគ្គិភ័យ​តំបន់​ម៉ុង​ហ្គោ​មឺ​រី (Montgomery ) រដ្ឋ​ម៉ា​រី​ឡែ​ន​ដ៍ (Maryland) បានបញ្ជាក់ ថា យន្ដហោះ​ខ្នាតតូច​នោះ ត្រូវបាន​យកចេញ ពី​បង្គោល​ភ្លើងអគ្គិសនី នៅវេលា​ម៉ោង​១២ និង ១៦​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ចន្ទ​។ ចំណែក​មនុស្ស​២​នាក់ នៅក្នុង​យន្ដហោះ​នោះ បាន​រួច​ផុតពី​គ្រោះថ្នាក់ ដល់​អាយុជីវិត​។ ប៉ុន្ដែ​នៅក្នុង​ហេតុការណ៍​នោះ បាន​បង្ក​ឱ្យ​ប្រជាជន ១២០ ០០០​នាក់ គ្មាន​អគ្គិសនី​ប្រើប្រាស់ ខណៈ​ភ្លើង​បំភ្លឺ​ផ្លូវ និង ភ្លើង​សញ្ញា​ចរាចរណ៍ ក៏បាន​កាត់ផ្ដាច់​មួយរ​យៈ​ពេល​ផងដែរ​។​

​បើតាម​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹង ថា យន្ដហោះ​ខ្នាតតូច ដែល​បាន​ជួបនឹង​គ្រោះថ្នាក់​នោះ ជា​ប្រភេទ Mooney M20J បាន​ហោះ​ចេញពី​តំបន់​វ៉េ​ស​ឆេស​ស្ទ័​រ (Westchester) រដ្ឋ New York ឆ្ពោះទៅ​ចុះចត នៅក្នុង​អាកាសយានដ្ឋាន តំបន់ Montgomery​។ ប៉ុន្ដែ​យន្ដហោះ​ទៅ​មិនទាន់​ដល់​គោលដៅ​ផង ក៏បាន​ជួបនឹង​ហេតុការណ៍​បែបនេះ​តែម្ដង ហើយក៏​សំណាងល្អ ដោយ​អ្នក​នៅក្នុង​យន្ដហោះ មិន​ជួបនឹង​គ្រោះថ្នាក់​៕​