ចិន ព្រមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក ឲ្យ​ដក​ខ្លួ​នថយ​ចេញពី​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
197
​រដ្ឋធានី​ប៉េកាំង​៖ ដោយសារ​តែមាន​ការលេចឮ​ព័ត៌មាន អំពី​ដំណើរ​ទស្សនកិច្ច​ប្រធានសភា លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ទៅកាន់​កោះ​តៃវ៉ាន់ នាពេលខាងមុខ ហើយ​ស្របពេល​នឹង​កម្លាំង​ទាហាន​របស់​ក្រុង​វ៉ាស៊ីនតោន កំពុងតែ​រៀបចំ​សេណា​រី​យ៉ូ ទប់ស្កាត់​នូវ​ការវាយប្រហារ​ណាមួយ​ទៅលើ​យន្ដហោះ​របស់លោក​ស្រី ផង​នោះ ប្រធានាធិបតី​ចិន បាន​ព្រមាន​ខ្លាំងៗ ដល់​សម​ភាគី​សហរដ្ឋ​អាមេរិក ត្រូវ​ដកខ្លួន​ថយ​ចេញ​ពូ​ដែន​កោះ​មួយ​នេះ​។​

​សារព័ត៌មាន MZ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ថា លោក ស៊ី ជិន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន បាន​ព្រមាន​ខ្លាំងៗ ដល់​សម​ភាគី​សហរដ្ឋ​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) មិនត្រូវ​ប្រ​លែ​លេង​ជាមួយនឹង​ភ្លើង ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ នៅក្នុង​សន្ទនា​គ្នា​តាម​ទូរស័ព្ទ ជា​លើក​ទី​៥ នៅក្នុង​ការដោះស្រាយ​ភាព​តានតឹង ទាំង​បញ្ហា​សេដ្ឋកិច្ច និង ភូមិសាស្ត្រ​នយោបាយ​។​



​បណ្ដាញ​ផ្សព្វផ្សាយ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន បាន​រាយការណ៍​ថា លោក ស៊ី ជិន​ពីង បាន​ប្រាប់​ដល់​សម​ភាគី លោក ចូ បៃ​ដិ​ន ថា សហរដ្ឋអាមេរិក គួរតែ​គោរព តាម​គោល​ការ​ចិន​តែមួយ​។ ប្រមុខរដ្ឋ​ចិន បាន​សង្កត់ធ្ងន់ថា ក្រុង​ប៉េកាំង បាន​ប្រឆាំង​ដាច់ខាត ចំពោះ​ការប្រកាស អំពី​ឯករាជភាព​របស់​តៃវ៉ាន់ និង ការជ្រៀតជ្រែក​ណាមួយ មកពី​កម្លាំង​ខាងក្រៅ​។ បណ្ដា​ផ្សព្វផ្សាយ​ចិន បាន​ដកស្រង់​សម្ដី​របស់​ប្រធានាធិបតី​ចិន ប្រាប់​ទៅ​សម​ភាគី​សហរដ្ឋអាមេរិក ថា «​យើង​សង្ឃឹមថា សហរដ្ឋអាមេរិក អាច​យល់ច្បាស់ អំពី​បញ្ហា​នេះ បើ​អ្នកលេង​ជាមួយនឹង​ភ្លើង វា​នឹង​រលាក ឬ​ចេះ​អ្នក​ជាមិនខាន​»​។​

​ដោយឡែក សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក វិញ បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ថា លោក ចូ បៃ​ដិ​ន បាន​ប្រាប់​ដល់​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង ថា គោលនយោបាយ​របស់​ស​ហ​រដ្ឋ​អាមេរិក មិនមាន​ការផ្លាស់ប្ដូរ​នោះឡើយ​។ ប៉ុន្ដែ​ក្រុង​វ៉ាស៊ីនតោន ក៏បាន​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ណាមួយ ជា​ឯកតោភាគី នៅក្នុង​ការផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន ឬ​ការធ្វើឱ្យ​ខូច​ដល់​សណ្ដាប់ធ្នាប់​សន្តិភាព និង ស្ថិរភាព នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​» ដែលជា​ផ្នែក​មួយ នៃ​ទឹក​បំបែក​កោះ​នេះ ចេញពី​ប្រទេស​ចិនដីគោក​។


​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​មេដឹកនាំ នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​១ និង លេខ​២​របស់​ពិ​ភ​លោក កាលពី​ថ្ងៃ​ព្រហស្បតិ៍ អស់​រយៈពេល​ជាង​២​ម៉ោង​នេះ បានកើត​ឡើង ខណៈ​លោក ចូ បៃ​ដិ​ន មាន​គោលបំណង​ស្វែងរក​វិធីសាស្ដ្រ​ថ្មី សម្រាប់​ធ្វើការ​ជាមួយនឹង​ប្រទេស​ចិន ចំពេល​មានការ​កើនឡើង នៃ​ការប្រកួតប្រជែង​ជាស​កល និង ភាព​តានតឹង រវាង​មហាអំណាច​ទាំង​២ ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស សុខភាព​ពិភពលោក និង គោលនយោបាយ​សេដ្ឋកិច្ច នៅក្នុង​ចំណោម​បញ្ហា​ជាច្រើន​ផ្សេងៗ​ទៀត​។​

​នៅមុន​ជំនួប​តាម​ទូរស័ព្ទ រវាង​មេដឹកនាំ​មហាអំណាច​ទាំង​២​នេះ ក្រុង​ប៉េកាំង កាលពីពេល​ថ្មីៗ បានចេញ​នូវ​ការព្រមាន​ខ្លាំងៗ អំពី​ផលវិបាក​នានា ជុំវិញ​ដំណើរ​ទស្សនកិច្ច​នាពេលខាងមុខ​របស់​ប្រធានសភា​សហរដ្ឋអាមេរិក លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ទៅកាន់​កោះ​តៃវ៉ាន់ ដោយ​ចាត់ទុកជា​សកម្មភាព​បង្កហេតុ​។ ដោយឡែក ដែន​កោះ គ្រប់គ្រង​ដោយ​ខ្លួនឯង​តាមបែប​លទ្ធិប្រជាធិបតេយ្យ​មួយ​នេះ បានទទួល​ការគាំទ្រ​ផ្នែក​ការពារ​ក្រៅផ្លូវការ ពី​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​ដែន​កោះ​មួយ​នេះ ជា​អាណាខេត្ត​មួយ​របស់ខ្លួន មិនអាច​កាត់ផ្ដាច់ ចេញពី​ប្រទេស​ចិន បាន​។ លើសពីនេះទៅទៀត ប្រទេស​មហា​យក្ស នៅ​អាស៊ី​មួយ​នេះ តែងតែ​គំរាមកំហែង​ជា​ញឹកញាប់ អំពី​ការប្រើប្រាស់​កម្លាំង​ទ័ព វាយលុក​ទៅលើ​ដែន​កោះ​មួយ​នេះ ប្រសិនបើ​ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស​ឯករាជភាព កាត់ផ្ដាច់​ចេញពី​ការគ្រប់គ្រង​របស់​ចិន​។​


​លោក ហ្សា​វ លី​ជៀន (Zhao Lijian) អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន កាលពីដើម​សប្ដាហ៍​នេះ ថា «​ប្រសិនបើ​សហរដ្ឋអាមេរិក នៅតែ​ទទូច​ដើរ​តាមផ្លូវ​របស់ខ្លួន ហើយ​ប្រជែង នៅលើ​បន្ទាត់​ក្រហម​របស់​ចិន នោះ ក្រុង​ប៉េកាំង ប្រាកដជា​នឹង​ឆ្លើយតប ដោយ​បង្ខំចិត្ត​។ ជាមួយគ្នានេះដែរ ផលវិបាក​ជា​បន្តបន្ទាប់ នឹងត្រូវ​កើតឡើង​ដោយសារតែ​ក្រុង​វ៉ាស៊ីនតោន​»​។​

​លោកស្រី Pelosi នឹង​ក្លាយជា​មន្ត្រី​ជាប់ឆ្នោត​លំដាប់​ខ្ពស់បំផុត​របស់​សហរ​ដ្ឋ​អាមេរិក ដែល​នឹងធ្វើ​ដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់ ចាប់តាំងពី​លោក ញូ​វ ហ្គី​ង​រី​ច (Newt Gingrich) មកពី​គណបក្ស​សាធារណរដ្ឋ ខណៈ​ធ្វើជា​ប្រធានសភា បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅលើ​កោះ​តៃវ៉ាន់ កាលពី​អំឡុង ឆ្នាំ​១៩៩៧​។ ដោយឡែក លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ថា មន្ត្រី​យោធា​សហរដ្ឋអាមេរិក ជឿថា ដំណើរ​ទស្សនកិច្ច​នេះ មិនមែនជា​គំនិតល្អ សម្រាប់​លោកស្រី Pelosi នៅក្នុង​ការ​ទៅកាន់​កោះ​តៃវ៉ាន់ នាពេល​នេះឡើយ​។​


​ដោយឡែក លោក ច​ន ឃើ​រ​ប៊ី (John Kirby) អ្នកនាំពាក្យ សន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សប្ដាហ៍​នេះ​ថា វា​ជា​រឿង​សំខាន់ សម្រាប់​លោក ចូ បៃ​ដិ​ន និង លោក ស៊ី ជិន​ពីង នៅក្នុង​ការប្រឈមមុខ​ដាក់គ្នា ដោយ​គាត់​ពណ៌នា អំពី​ទំនាក់ទំនង រវាង​ក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​ថា ជា «​ទំនាក់ទំនង​ទ្វេភាគី​ដ៏​មាន​ផលវិបាក​បំផុត​មួយ នៅក្នុង​ពិភពលោក នាពេល​បច្ចុប្បន្ននេះ​»៕​