ហ្សេ​ឡែ​ន​ស្គី មាន​មេទ័ព​កំពូល​ដ៏​ខ្លាំង​នៅ​ពីក្រោយ ទើប​ជោគជ័យ​លើ​ការ​វាយបក​ប្រឆាំងនឹង​រុស្ស៊ី

ព័ត៌មានអន្តរជាតិ
0
5


​រដ្ឋធានី​កៀវ​៖ យុទ្ធនាការ​វាយបក​របស់​រដ្ឋាភិបាល​ក្រុង​កៀវ បានចាប់ផ្ដើម តាំងពី​ថ្ងៃទី​៤ ខែមិថុនា រហូតមកដល់​ពេលនេះ កងទ័ព​អ៊ុយ​ក្រែ​ន បាន​រំដោះទឹកដី ប្រហែល ២០០​គីឡូម៉ែត្រ​ការ៉េ ពី​កម្លាំង​ទាហាន​រុស្ស៊ី ប៉ុន្ដែ​មាន​មនុស្ស​តិច​ណាស់ នៅលើ​ពិភពលោក បានដឹង អំពី​មេទ័ព​កំពូល នៅ​ពីក្រោយ​ផែនការ​នេះ ហើយ​គាត់​ត្រូវបាន​គេ​ពិពណ៌នា ថា ជា​ឧត្ដមសេនីយ៍​ប្រកបដោយ​ជោគជ័យ នា​សតវត្ស​ទី​២១​នេះ​។​

​សារព័ត៌មាន BBC បាន​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែកក្កដា ថា លោក​ឧត្ដមសេនីយ៍ អូ​ឡែក​សាន​ដ្រ ស៊ី​ស្គី (Oleksandr Syrskyi) បាន​ដឹកនាំ​កម្លាំង​ទ័ព​ការពារ​រដ្ឋធានី​កៀវ ខណៈ​រុស្ស៊ី បានចាប់ផ្តើម​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។

​លោក​ឧត្ដមសេនីយ៍ ក្លាយជា​មេគំនិត នៅ​ពីក្រោយ​ការវាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង បានទទួល​ជោគជ័យ សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន នៅ​ទីក្រុង​ខា​គី​វ (Kharkiv) កាលពី​រដូវក្តៅ នា​ឆ្នាំ​២០២២​។ ឥឡូវនេះ គាត់​ក៏​កំពុងតែ​ត្រួតពិនិត្យ លើ​ផែនការ​វាយបក​ជាថ្មី​របស់​កងទ័ព​អ៊ុយ​ក្រែ​ន នៅក្នុង​ឋានៈ​ជា​ប្រធាន​ប្រតិបត្តិការ​យោធា នៅ​តំបន់​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​អ័ក្ស​សំខាន់​ចំនួន​ពីរ​របស់​អ៊ុយ​ក្រែ​ន​។​

​អ្នកឆ្លើយ​ព័ត៌មាន​របស់ BBC បាន​រាយការណ៍ ថា យើង​ជួប​គាត់ នៅ​ទីតាំង​សម្ងាត់​មួយកន្លែង នៅក្បែរ​យាន​បញ្ជា ដែល​គាត់​តែងតែ​ប្រើប្រាស់ សម្រាប់​ចុះទៅ​ពិនិត្យមើល និង សាកសួរ​សុខទុក្ខ​ដល់​កងទ័ព​របស់គាត់ ហើយ​តាមដាន​នូវ​សកម្មភាព​ប្រយុទ្ធ​។ នៅលើ​ដំបូល​រថយន្ដ មាន​បំពាក់​ទៅដោយ​កាំភ្លើងយន្ត​ដ៏​ខ្លាំងក្លា ខណៈ​នៅ​ខាងក្នុង​រថយន្ដ មាន​អេក្រង់​ធំៗ បង្ហាញ​អំពី​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់ តាម​ដ្រូ​ន​រាប់រយ ដែល​កំពុងតែ​បង្ហោះ នៅលើ​ពី​សមរភូមិ​នានា​។ ប៉ុន្ដែ​នៅពេល​ខ្ញុំ​បាន​សួរ​ទៅ​គាត់ ថា តើ​វា​ជា​គោលដៅ​របស់គាត់ វាយ​រំដោះ​ទីក្រុង​នោះ មក​ឡើងវិញ​ឬ​? គាត់​បាន​ញញឹម ហើយ​និយាយ ថា «​បាទ​! ពិតណាស់ ខ្ញុំ​កំពុងតែ​ព្យាយាម​រំដោះទឹកដី​របស់​អ៊ុយ​ក្រេ​ន​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Syrskyi មាន​បញ្ជាក់ ថា «​យើង​ចង់​ទទួលបាន​លទ្ធផល​លឿន​ណាស់​។ ប៉ុន្តែ​តាមពិតទៅ វា​មិនអាច​ទៅរួច​នោះទេ​។ សូម្បីតែ​នៅ​ភាគ​ខាងកើត​តំបន់​នេះ ក៏​ពោរពេញ​ទៅដោយ​គ្រាប់មីន និង ខ្សែត្រៀម​ការពារ​។ ទាហាន​រុស្សី មាន​បន្ទាយ​ដ៏​រឹងមាំ​ជាច្រើន​។ ហេតុដូច្នេះ ទើប​ការ​វាយបក​របស់​យើង ពិតជា​មិនអាច​ធ្វើទៅបាន​លឿន ដូច​អ្វីដែល​យើង​ចង់​បានឡើយ​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Syrskyi បាន​សង្កត់ធ្ងន់ ថា «​ខ្ញុំ​ជឿ ថា ការរួបរួម​ដឹកនាំ​កម្លាំងយោធា​របស់​យើង និង ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​របស់​ទាហាន​យើង ក្លាយជា​ចំណុចខ្លាំង សម្រាប់​កងទ័ព​របស់​យើង​។ ដូច្នេះ​វា​មាន​ភាពផ្ទុយ​គ្នា​ស្រឡះ ពី​ឋានានុក្រម​យោធា​របស់​រុស្ស៊ី មើលទៅ​ហាក់បីដូចជា កំពុងតែ​រង​នូវ​ការប៉ះទង្គិច ដោយសារតែ​មន្ត្រីជាន់ខ្ពស់​យោធា ត្រូវបាន​ដកចេញ​ពី​តំណែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Syrskyi ត្រូវបាន​អ្នក​នៅ​ជុំវិញរ​ខ្លួន​របស់គាត់ កោតសរសើរ អំពី​ការប្តេជ្ញាចិត្ត ការតាំង​ចិត្ត និង យុទ្ធសាស្ដ្រ​សង្គ្រាម​របស់គាត់​។ គាត់​តែងតែ​គេង​ត្រឹមតែ​បួន​ម៉ោង​កន្លះ​នៅក្នុង​មួយ​យប់ ហើយ​ពេល​សម្រាក តែងតែ​ហាត់ប្រាណ​។​

​លោកស្រី ហាន​ណា ម៉ាលី​យ៉ា (Hanna Maliar) អនុរដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន បាន​ប្រាប់​យើង ថា កម្លាំង​ទាហាន​រុស្ស៊ី ស្ថិតក្នុង​ទីក្រុង​បា​កមូត នឹងត្រូវ​ឡោមព័ទ្ធ នាពេល​ដ៏​ឆាប់ៗ​នេះ​។ ប៉ុន្តែ​គ្រាប់កាំភ្លើង​ធំ​របស់​រុស្ស៊ី នៅតែ​បាញ់ស្រោច ដូច​ទឹកភ្លៀង ធ្លាក់​មកលើ​ទីតាំង​របស់​អ៊ុយ​ក្រែ​ន ដែលមាន​ចម្ងាយ ត្រឹមតែ​៣​គីឡូម៉ែត្រ ពី​ទីក្រុង​នេះ​។​

​លោក​វរសេនីយ៍ Oleksandr Bakulin មេបញ្ជាការ​កងពលតូច​លេខ​៥៧ បញ្ជាក់ ថា ឥឡូវនេះ​ទាហាន​រុស្ស៊ី កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​។ ប៉ុន្ដែ​គាត់​មិនបាន​មើលស្រាល ទៅលើ​សត្រូវ​របស់គាត់ នោះដែរ​។ ទាហាន​របស់​រដ្ឋាភិបាល​រុស្ស៊ី ប្រឈមមុខ នៅពេលនេះ មិន​ដូចជា​ទាហាន​ស៊ីឈ្នួល Wagner របស់លោក យ៉ែ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) ដែល​ទីបំផុត​បាន​ដណ្តើម កាន់កាប់​ទីក្រុង​បា​កមូត កាលពីដើម ឆ្នាំ​២០២៣

​លោក​មេបញ្ជាការ បាន​បន្ដ ថា «​ប្រសិនបើ​យើង​ប្រឹងប្រែង​បន្តិចទៀត​នោះ ទីក្រុង​បា​កមូត (Bakhmut) អាច​នឹងត្រូវ​យើង​ឡោមព័ទ្ធ​បាន​។ បើទោះជា​ការ​វាយ​រុលទៅមុខ​យឺត​យ៉ាងណាក៏ដោយ ក៏​គាត់​បាន​អះអាង ថា ត្រូវបាន​បង្កើន​សីលធម៌​ផងដែរ ដូច្នេះ​ការខាតបង់ កាន់តែ​តិច​ឡើង​។​

​លោក​ឧ​ត្ត​ម​សេនីយ Syrskyi បានបញ្ជាក់ ថា គ្រាប់បែក​ចង្កោម​របស់​អាមេរិក ឥឡូវនេះ បានមក​ដល់​អ៊ុយ​ក្រែ​ន​ហើយ ហើយនឹង​រៀបចំ​រួចរាល់ សម្រាប់​ការប្រើប្រាស់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​។ យើង​បានឃើញ​ឧបករណ៍​បាញ់ ប្រភេទ M777 ត្រូវបាន​ផ្គត់ផ្គង់ ដោយ​សហរដ្ឋអាមេរិក ដែល​នឹង​បាញ់​គ្រាប់ផ្លោង ទៅលើ​ទីតាំង នៅ​ជុំវិញ​ទីក្រុង​បា​កមូត​។ ការវាយរំដោះ​យក​ទីក្រុង​បា​កមូត​ត្រឡប់មកវិញ នឹងមាន​លើសពី​តម្លៃ​និមិត្តរូប​។ ប៉ុន្ដែ​ទីក្រុង​នេះ មាន​សារៈសំខាន់ ជា​យុទ្ធសាស្ត្រ ហើយ​វា​ជា​ច្រកចេញ​ទៅកាន់​ទីក្រុង​សំខាន់ៗ​ផ្សេងទៀត នៅក្នុង​តំបន់​។ ចំណែក​ប្រជាជន​របស់​យើង កំពុងតែ​រង់ចាំ​នូវ​ជ័យជម្នះ​របស់​កងទ័ព​យើង​។ ដូច្នេះ​ពួកគេ​ត្រូវការ​ជ័យជម្នះ​ជា​ជំហានៗ​»៕​