ទូក​សង្ស័យ​រត់ពន្ធ​មនុស្ស នៅក្នុង​កណ្ដាល​សមុទ្រ សង្គ្រោះ​ទាន់​ជិត​៧០​នាក់​

ព័ត៌មានអន្តរជាតិ
0
194
រដ្ឋធានី​សាន​ជួន (San Juan) ៖ មនុស្ស យ៉ាងតិច​៥​នាក់​បាត់​បង់ជីវិត និង ជិត​៧០​នាក់​ផ្សេងទៀត បាន​ជួយសង្គ្រោះ​ទាន់ពេលវេលា ក្រោយពេល​ទូក​ដឹក​ជន​ចំណាកស្រុក​មួយគ្រឿង ដែល​សង្ស័យ​រត់ពន្ធ​មនុស្ស បាន​លិច នៅ​ភាគ​ខាងលិច​កោះ​ព័រ​តូ​រី​កូ (Puerto Rico) ស្ថិតក្នុង​សមុទ្រ​ការី​ប​បៀ​ន (Caribbean)​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកក្កដា ថា ទូក​ដែល​សង្ស័យ អំពី​ការរត់ពន្ធ​មនុស្ស​នេះ ជា​ទូក​ចុងក្រោយ​បំផុត នៅក្នុង​ការធ្វើដំណើរ​តាម​សមុទ្រ ប្រកបដោយ​គ្រោះថ្នាក់​បំផុត ឆ្លងកាត់​ភាគ​ខាងជើង សមុទ្រ​ការី​ប​បៀ​ន ដែល​ដឹក​ជន​ចំណាកស្រុក​។​


​លោក រី​កាដូ (Ricardo) អ្នកនាំពាក្យ ឆ្មាំ​សមុទ្រ សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា នៅក្នុង​ឧបទ្ទវហេតុ​នោះ យ៉ាងហោចណាស់ មាន​ជន​ចំណាកស្រុក ចំនួន​៥​នាក់ បាន​បាត់​បង់ជីវិត ហើយ​មនុស្ស ចំនួន​៦៦​នាក់​ផ្សេងទៀត បាន​ជួយសង្គ្រោះ ផុតពី​គ្រោះថ្នាក់​។ ប៉ុន្ដែ​អាជ្ញាធរ បានដាក់​ការសង្ស័យថា ទូក​រត់ពន្ធ​មនុស្ស បាន​ទម្លាក់​ក្រុម​ជន​ចំណាកស្រុក​ទាំងនេះ ទៅក្នុង​ទឹក នៅក្បែរ​កោះ​ដែល​គ្មាន​មនុស្ស​រស់ ស្ថិតនៅ​ភាគ​ខាងលិច កោះ​ព័រ​តូ​រី​កូ​។​


​លោក រី​កាដូ (Ricardo) អ្នកនាំពាក្យ ឆ្មាំ​សមុទ្រ​សហរដ្ឋអាមេរិក បាន​បន្ថែមថា ក្រោយ​ការសាកសួរ​រួចមក អាជ្ញាធ​សហពន្ធន៍ និង អាជ្ញាធរ​ក្នុង​តំបន់ បាន​កំណត់ថា មិនមាន​ជនរងគ្រោះ​ណា​ផ្សេង ពី​ជន​ចំណាកស្រុក​ទាំងនេះ​ឡើយ​៕​