សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​ចិន​កាន់តែ​ក្ដៅស្លឹកត្រចៀក

ព័ត៌មានអន្តរជាតិ
0
191
រាជធានី​តូ​ក្យូ​៖ ស្របពេល​ទំនាក់ទំនង​ការទូត រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង កំពុងតែ​ធ្លាក់ចុះ​កាន់តែខ្លាំង ជុំវិញ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​ឥទ្ធិពល​របស់​ប្រធានសភា​សហរដ្ឋអាមេរិក លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) មកកាន់​កោះ​តៃវ៉ាន់​នោះ ចិន​ក៏​បង្កើន​ការធ្វើ​សមយុទ្ធ​យោធា ឡោមព័ទ្ធ​ដែន​កោះ ហើយ​សហរដ្ឋអាមេរិក ក៏បាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង តំបន់​នៅ​ជុំវិញ​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ កាន់តែ​ធ្វើ​តំបន់​នេះ​ឡើង​កម្ដៅ​បន្ថែមទៀត​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ ថា កងទ័ពជើងទឹក​រប​ស់​សហរដ្ឋអាមេរិក កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែសីហា បាន​បញ្ជាក់ថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan កំពុងតែ​ធ្វើ​ប្រតិបត្តិការ តាម​ការគ្រោងទុក នៅលើ​ដែនសមុទ្រ​ហ្វីលីពីន ស្ថិតក្នុង​តំបន់​ភាគ​ខាងលិច នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​


​ទស្សនាវដ្ដី​សហរដ្ឋអាមេរិក Newsweek ក៏បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា ដោយសារតែ​ភាព​តានតឹង រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប្រធានសភា​សហរដ្ឋអាមេរិក មកកាន់​តៃវ៉ាន់ និង ការគំរាមកំហែង​យោធា ពី​ចិន ផង​នោះ នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan និង នាវា​ផ្ទុក​យន្ដហោះ​ដើរ​ថាមពលនុយក្លេអ៊ែរ Nimitz របស់​សហរដ្ឋអាមេរិក ត្រូវបាន​គេ​ប្រទះឃើញ នៅ​សមុទ្រ​ចិន​ខាងត្បូង កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​ជាមួយគ្នានេះដែរ កង​នា​វាទី​៧​របស់​សហរដ្ឋអាមេរិក បាន​សរសេរ នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ថា កងទ័ពជើងទឹក​រប​ស់​សហរដ្ឋអាមេរិក បានដាក់​ពង្រាយ​នាវា​ផ្ទុក​យន្ដហោះ USS Ronald Reagan (CVN 76) សម្រាប់ធ្វើ​ប្រតិបត្តិការ​ជាប្រចាំ នៅ​សមុទ្រ​ហ្វីលីពីន​។ នាវា​ផ្ទុយ​យន្ដហោះ Ronald Reagan ជ្រក​ក្រោម​ទង់ ក្រុម​នាវា​ផ្ទុក​យន្ដហោះ​ប្រយុទ្ធ​ទី​៥ (Carrier Strike Group 5) ផ្តល់​កម្លាំង​ត្រៀមប្រយុទ្ធ ទប់ស្កាត់ និង ការពារ​សហរដ្ឋអាមេរិក ហើយ​គាំទ្រ​ដល់​សម្ពន្ធមិត្ត ភាពជា​ដៃគូ និង ផលប្រយោជន៍​រួម នៅលើ​ដែនសមុទ្រ ស្ថិតក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។


​អ្នកនាំពាក្យ កង​នា​វាទី​៧​របស់​ទ័ពជើងទឹក​ស​ហ​រដ្ឋ​អាមេរិក បាន​អះអាង ថា «​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Ronald Reagan អមដំណើរ ដោយ​ក្រុម​នាវាចម្បាំង​ជាច្រើន​គ្រឿង​ផ្សេងទៀត កំពុងតែ​ស្ថិតក្នុង​សមុទ្រ​ហ្វីលីពីន ដើម្បី​បន្តធ្វើ​ប្រតិបត្តិការ​ជាធម្មតា ទៅតាម​ការគ្រោងទុក ក្រោម​ក្របខ័ណ្ឌ ដំណើរ​ល្បាត​ជាប្រចាំ​របស់ខ្លួន សម្រាប់​កិច្ច​គាំទ្រ​ដល់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែលជា​សេរីភាព និង ការធ្វើ​នាវាចរណ៍​ជា​ចំហ​។ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទាំងនេះ បាន​ចល័ត ទៅកាន់​តំបន់​ក្បែរ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​អង្គារ ចំពេល​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី បានធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​កោះ​តៃវ៉ាន់ ខណៈ​ក្រុង​ប៉េកាំង ព្រមាន​រារាំង​ដល់​ការធ្វើដំណើរ​របស់លោក​ស្រី​។​


​ជាមួយនឹង​ការប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំងក្លា ដល់​ដំណើរ​ទស្សនកិច្ច​របស់​កំពូល​អ្នកនយោបាយរ​បស់​សហរដ្ឋអាមេរិក នោះ ក្រុង​ប៉េកាំង បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ចំនួន​៦​កន្លែង ឡោមព័ទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់ ដោយ​រួមមាន​ទាំង​ការបាញ់​គ្រាប់​ពិត ចាប់ពី​ថ្ងៃទី​៤-៧ ខែសីហា ឆ្នាំ​២០២២​។ សកម្មភាព​យោធា​របស់​ចិន ក៏បាន​ធ្វើ​ឲ្យ​តៃវ៉ាន់ លុបចោល​ការហោះហើរ​ជា​អន្ដរជាតិ ចំនួន​៥១​ជើង ផងដែរ​៕​