របប​យោ.ធា​ភូមា រៀបចំ​គម្រោង​ប្រ.ហារជីវិត​អ្នកនយោបាយ ជាង​១០០​នាក់​បន្ថែមទៀត​

ព័ត៌មានអន្តរជាតិ
0
108
រដ្ឋធានី​ណៃ​ពិដោរ​៖ រហូតមកដល់​ពេលនេះ មាន​សេចក្ដីរាយការណ៍​ថា របប​យោធា​មី​យ៉ាន់​ម៉ា កំពុងតែ​រៀបចំ​គម្រោង កាត់ទោស​ប្រហារជីវិត​សកម្មជន​នយោបាយ ដែល​ស្ថិតក្នុង​បញ្ជី​មរណៈ ជាង​១០០​នាក់​បន្ថែមទៀត ក្រោយ​ការកាត់ទោស​ព្យួរ​.​ក​សកម្មជន​លេចធ្លោ ចំនួន​៤​រូប ដោយ​រួមទាំង​អតីត​តំណាងរាស្ដ្រ​ម្នាក់​ផង កាលពី​ចុង​សប្ដាហ៍​មុន​។​

​សារព័ត៌មាន​ភូមា The Irrawaddy បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកក្កដា ថា នេះ​ជាការ​ព្រមាន ជាបន្ទាន់​របស់​យើង ទៅកាន់​ពិភពលោក ព្រោះ​របប​ដ៏​ព្រៃផ្សៃ នៅ​មី​យ៉ាន់​ម៉ា​កំពុងតែ​រៀបចំ​គម្រោង ប្រហារជីវិត​អ្នកទោសនយោបាយ​ជាច្រើន​នាក់ បន្ថែមទៀត នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ និង សប្តាហ៍​ខាងមុខនេះ​។ សម្រាប់​អ្នកមាន​ចិត្ត​អាណិតអាសូរ និង ចង់ឃើញ​យុត្តិធម៌ នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ ឥឡូវនេះ មិនមែនជា​ពេលវេលា ត្រូវ​ពន្យារ​នោះឡើយ​។​


​ក្រោយពេល​របប​យោធា​មី​យ៉ាន់​ម៉ា បាន​កាត់​ប្រហារជីវិត លើ​សកម្មជន​លទ្ធិប្រជាធិបតេយ្យ​លេចធ្លោ ចំនួន​៤​នាក់ ដោយ​ក្នុងនោះ​មាន​ទាំង​អតីត​តំណាងរាស្ដ្រ​ម្នាក់ មកពី​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ របស់លោក​ស្រី អ៊ោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) កាលពីពេល​ថ្មីៗ​នេះ​រួចមក ប៉ុន្ដែ​នៅពេលនេះ ជោគវាសនា​របស់​អ្នកទោសនយោបាយ ចំនួន​៧៦​នាក់​ផ្សេងទៀត ដែល​នៅសល់ នៅក្នុង​បញ្ជី​មរណៈ​នោះ កំពុងតែ​ស្ថិតក្នុង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ពី​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

កាលពី​ចុង​សប្ដាហ៍​មុន របប​សឹក​មី​យ៉ាន់​ម៉ា បាន​ព្យួរ​.​ក​អ្នកទោសនយោបាយ ចំនួន​៤​នាក់ រួមមាន លោក កូ ជី​មមី (Ko Jimmy), លោក កូ ប្យ៉ូ ហ្សែ​យ៉ា សាវ (Ko Phyo Zeya Thaw), លោក កូ ហ្លា មី​យ៉ូ អ៊ោ​ង (Ko Hla Myo Aung) និង លោក កូ អ៊ោ​ង ធូ​រ៉ា ហ្សា​វ (Ko Aung Thura Zaw)​។ ប៉ុន្ដែ​នៅពេលនេះ មាន​របាយការណ៍​ដ៏​គួរឱ្យ​ព្រួយបារម្ភ កំពុងតែ​លេចឡើង​ថា អ្នកទោសនយោបាយ ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត នៅក្នុង​ពន្ធនាគារ​អ៊ី​សេន (Insein) ទីក្រុង​យ៉ាំង​ហ្គោ​ន នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ពី​អ្នកទោស​ផ្សេងៗ​ទៀត​។


​របាយការណ៍​ដដែល បាន​បន្ថែមថា អ្នកទោសនយោបាយ ចំនួន​៤១​នាក់ នៅក្នុង​ចំណោម​អ្នក​ជាប់ឃុំ ចំនួន​៧៦​នាក់ នឹងត្រូវ​កាត់ទោស​ប្រហារជីវិត នៅ​ពន្ធនាគារ Insein​។ បើ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ មាន​មនុស្ស ចំនួន​១១៨​នាក់ នឹងត្រូវ​របប​សឹក​មី​យ៉ាន់​ម៉ា កាត់ទោស​ប្រហារជីវិត ពាក់ព័ន្ធ​នឹង​ង​សកម្មភាព​របស់​ពួកគេ ប្រឆាំងនឹង​អំពី​រដ្ឋប្រហារ និង របប​គ្រប់គ្រង​យោធា​។ ចំណែក​អ្នកនយោបាយ ចំនួន​៤២​នាក់​នេះ នឹងត្រូវ​កាត់ទោស​កំបាំង​មុខ​។​

​សមាគម​ជំនួយការ​អ្នកទោសនយោបាយ ហៅ​កាត់ AAPP បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ ថា សកម្មជន ដែល​នៅ​សេសសល់ ហើយ​ត្រូវ​របប​សឹក​មី​យ៉ាន់​ម៉ា កាត់ទោស​ប្រហារជីវិត ទាំង​៧៦​នាក់​នោះ រួមមាន និស្សិត មកពី​សាកលវិទ្យាល័យ​នានា និង សាស្ដ្រាចារ្យ​ក្មេងៗ ហើយ​ក្នុងនោះ​មាន​ស្ដ្រី ចំនួន​៨​នាក់​ផងដែរ​។ ពួកគេ​ទាំងនេះ ត្រូវ​ប្រឈមមុខ​នឹង​ជោគវាសនា ដូច​សកម្មជន​នយោបាយ ចំនួន​៤​នាក់ ដែល​ត្រូវបាន​ព្យួរ​.​ក កាលពី​ចុង​សប្ដាហ៍​មុន​៕​