កងទ័ព​ចិន​ប្រកាស​ធ្វើសង្គ្រាម មុន​ប្រធានសភា​អាមេរិក ដល់​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
100
រដ្ឋធានី​ប៉េកាំង​៖ កងទ័ព​ចិន​បាន​បង្ហោះ​សារ អំពី​ការត្រៀមខ្លួន​ធ្វើសង្គ្រាម ចំពេល​មាន​ព័ត៌មាន​លេចឮ ជុំវិញ​ប្រធានសភា​សហរដ្ឋអាមេរិក គ្រោង​នឹងធ្វើ​ដំណើរ​មកកាន់​ដែន​តៃវ៉ាន់​។​

​សារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី RT បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែកក្កដា ថា កងទ័ព​ទី​៨០ នៃ​កងទ័ព​រំដោះប្រជាជន​ជិន បាន​បង្ហោះ​សារ នៅលើ​គណនី​ផ្លូវការ​របស់ខ្លួន ជា​ភាសា​ចិន ថា កងទ័ព​បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​សង្គ្រាម​។ នៅក្នុង​ការ​បង្ហោះ​សារ នៅ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ចិន​វេ​បូ (Weibo) កាលពី​ថ្ងៃ​សុក្រ នោះ ក៏មាន​ចុច​ចូលចិត្ត​ជាង​៣០០ ០០០​នាក់ និង មាន​អ្នក​ចូលទៅ​ខម​មិន ចំនួន ២០ ០០០ ត្រឹមតែ​រយៈពេល​១២​ម៉ោង​ប៉ុណ្ណោះ​។

​ដោយឡែក សារព័ត៌មាន MZ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ថា លោក ស៊ី ជិន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ព្រមាន​ខ្លាំងៗ​ដល់​សម​ភាគី​សហរដ្ឋ​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) កុំ​ប្រលែង​លេង​ជាមួយនឹង​ភ្លើង ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ នៅក្នុង​សន្ទនា​គ្នា​តាម​ទូរស័ព្ទ ជា​លើក​ទី​៥ នៅក្នុង​ការដោះស្រាយ​ភាព​តានតឹង ទាំង​បញ្ហា​សេដ្ឋកិច្ច និង ភូមិសាស្ត្រ​នយោបាយ​។​


​បណ្ដាញ​ផ្សព្វផ្សាយ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន បាន​រាយការណ៍​ថា លោក ស៊ី ជិន​ពីង បាន​ប្រាប់​ដល់​សម​ភាគី លោក ចូ បៃ​ដិ​ន ថា សហរដ្ឋអាមេរិក គួរតែ​គោរព តាម​គោល​ការ​ចិន​តែមួយ​។ ប្រមុខរដ្ឋ​ចិន បាន​សង្កត់ធ្ងន់ថា ក្រុង​ប៉េកាំង បាន​ប្រឆាំង​ដាច់ខាត ចំពោះ​ការប្រកាស អំពី​ឯករាជភាព​របស់​តៃវ៉ាន់ និង ការជ្រៀតជ្រែក​ណាមួយ មកពី​កម្លាំង​ខាងក្រៅ​។ បណ្ដា​ផ្សព្វផ្សាយ​ចិន បាន​ដកស្រង់​សម្ដី​របស់​ប្រធានាធិបតី​ចិន ប្រាប់​ទៅ​សម​ភាគី​សហរដ្ឋអាមេរិក ថា «​យើង​សង្ឃឹមថា សហរដ្ឋអាមេរិក អាច​យល់ច្បាស់ អំពី​បញ្ហា​នេះ បើ​អ្នកលេង​ជាមួយនឹង​ភ្លើង វា​នឹង​រលាក ឬ​ចេះ​អ្នក​ជាមិនខាន​»​។​

​ដោយឡែក សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក វិញ បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ថា លោក ចូ បៃ​ដិ​ន បាន​ប្រាប់​ដល់​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង ថា គោលនយោបាយ​របស់​ស​ហ​រដ្ឋ​អាមេរិក មិនមាន​ការផ្លាស់ប្ដូរ​នោះឡើយ​។ ប៉ុន្ដែ​ក្រុង​វ៉ាស៊ីនតោន ក៏បាន​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ណាមួយ ជា​ឯកតោភាគី នៅក្នុង​ការផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន ឬ​ការធ្វើឱ្យ​ខូច​ដល់​សណ្ដាប់ធ្នាប់​សន្តិភាព និង ស្ថិរភាព នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​» ដែលជា​ផ្នែក​មួយ នៃ​ទឹក​បំបែក​កោះ​នេះ ចេញពី​ប្រទេស​ចិនដីគោក​។​


​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​របស់​មេដឹកនាំ នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​១ និង លេខ​២​របស់​ពិ​ភ​លោក កាលពី​ថ្ងៃ​ព្រហស្បតិ៍ អស់​រយៈពេល​ជាង​២​ម៉ោង​នេះ បានកើត​ឡើង ខណៈ​លោក ចូ បៃ​ដិ​ន មាន​គោលបំណង​ស្វែងរក​វិធីសាស្ដ្រ​ថ្មី សម្រាប់​ធ្វើការ​ជាមួយនឹង​ប្រទេស​ចិន ចំពេល​មានការ​កើនឡើង នៃ​ការប្រកួតប្រជែង​ជាស​កល និង ភាព​តានតឹង រវាង​មហាអំណាច​ទាំង​២ ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស សុខភាព​ពិភពលោក និង គោលនយោបាយ​សេដ្ឋកិច្ច នៅក្នុង​ចំណោម​បញ្ហា​ជាច្រើន​ផ្សេងៗ​ទៀត​។​

​ចិន បាន​គំរាម​អំពី​ផលវិបាក​នានា អាច​នឹង​កើតឡើង ប្រសិនបើ​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី ធ្វើដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់​។ ដោយឡែក មន្ដ្រី​យោធា​សហរដ្ឋអាមេរិក ក៏បាន​អះអាង​អំពី​ការរៀបចំ​សេណា​រី​យ៉ូ​រួចជាស្រេច សម្រាប់​សុវត្ថិភាព​ដល់​យន្ដហោះ​ដឹក​លោកស្រី​ប្រធានសភា បញ្ចៀស​ពី​ការវាយប្រហារ​ណាមួយ បង្កឡើង​ដោយ​កងទ័ព​ចិន​។​


​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​តៃវ៉ាន់ ជា​អាណាខេត្ត​របស់ខ្លួន មិនអាច​កាន់​ផ្ដាច់​ចេញពី​ចិន​បាន​។ លើសពីនេះទៅទៀត ក្រុង​ប៉េកាំង ថែមទាំង​បាន​គំរាមកំហែង អំពី​ការប្រើប្រាស់​កម្លាំង​ទ័ព វាយលុក​ចូលកាន់​កាប់​កោះ​តៃវ៉ាន់ ប្រសិនបើ​ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស​ពី​ឯករាជភាព​របស់ខ្លួន កាត់ផ្ដាច់​ចេញពី​ចិន​។ ជាមួយនឹង​ការគំរាមកំហែង​នេះ ចិន​តែងតែ​បញ្ជូន​យន្ដហោះ​ចម្បាំង​រាប់រយ​គ្រឿង និង នាវាចម្បាំង ល្បាត និង ហោះហើរ ចូលទៅ​ជិត​ដែន​កោះ​មួយ​នេះ​។​

​ដោយឡែក ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃ អ៊ីង​វ៉ិ​ន ធ្លាប់បាន​អះអាងថា រដ្ឋា​បាល​តៃប៉ិ​របស់​លោកស្រី ត្រូវតែ​ការពារ​ដែន​កោះ​មួយ​នេះ ឲ្យ​ខាងតែបាន បើទោះជា​ត្រូវ​ចំណាយ​អស់​ទំហំ ឬ​តម្លៃ​ប៉ុនណា​ក៏ដោយ​។ ជាមួយនឹង​ការតាំងចិត្ដ​យ៉ាង​ម៉ឺង​មាត់​របស់​លោកស្រី​ប្រធានាធិបតី នោះ ក្រុង​តៃប៉ិ តែងតែ​ចំណាយ​ថវិកាជាតិ អស់​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​១​ឆ្នាំៗ ដើម្បី​ទិញ​គ្រឿងយុទ្ធោបករណ៍​ទំនើបៗ មកពី​សហរដ្ឋអាមេរិក យកមក​ទុក សម្រាប់​ការធ្វើ​សង្គ្រាម ទប់​ទល់នឹង​ការឈ្លានពាន ពី​ក្រុង​ប៉េកាំង​៕​