វិបត្ដិ​សេដ្ឋកិច្ច រុញច្រាន​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​អង់គ្លេស លាលែង​តំណែង

ព័ត៌មានអន្តរជាតិ
0
78


​រាជធានី​ឡុង​ដ៍​៖ ជាមួយនឹង​ការហ៊ុមព័ទ្ធ ដោយ​វិបត្ដិនយោបាយ និង សេដ្ឋកិច្ច រហូត​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ដល់​រដ្ឋាភិបាល​របស់លោក​ស្រី លី​ស ត្រាស់ ទើប​លោកស្រី បានចេញ​មុខ​សុំ​អភ័យទោស ហើយ​ប្រកាស​លាលែង ចេញពី​តំណែង ក្រោយពេល​លោកស្រី កាន់កាប់​តំណែង​កំពូល​នេះ បានត្រឹមតែ​រយៈពេល​៤៥​ថ្ងៃ បន្ទាប់ពី​ស្នង​តំណែង បន្ដ​ពី​លោក បូរី​ស ច​ន​សុន (Boris Johnson)​។​

​សារព័ត៌មាន The Guardian បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែតុលា ថា លោកស្រី លី​ស ត្រាស់ (Liz Truss) បានប្រកាស​លាលែង ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី ក្រោយពេល​លោកស្រី បាន​ឡើងកាន់តំណែង ត្រឹមតែ​រយៈពេល​៤៥​ថ្ងៃ​ប៉ុណ្ណោះ​។​

​លោកស្រី លី​ស ត្រាស់ បានបញ្ជាក់ ថា អ្នក​ស្នង​តំណែង​ពី​លោកស្រី នឹងត្រូវ​ជ្រើសរើស នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​ការបះបោរ​ឡើង ដោយ​សមាជិកសភា មកពី​គណបក្ស​អភិរក្សនិយម Tory របស់លោក​ស្រី បាន​បង្ខំ​ឱ្យ​លោកស្រី​លាលែង ចេញពី​តំណែង​។ ចំណែក​អ្នក​ស្នង​តំណែង​ពី​លោកស្រី នឹង​ក្លាយជា​នាយករដ្ឋមន្ដ្រី​ទី​៥ មកពី​គណបក្ស​អភិរក្ស ចាប់តាំងពី​ចក្រភព​អង់គ្លេស បាន​បោះឆ្នោត ចាក​ចេញពី​សហភាព​អឺរ៉ុប នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ Brexit នា​ឆ្នាំ​២០១៦ នៅក្នុង​អំឡុង​មាន​ភាពចលាចល មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​ចក្រភព​អង់គ្លេស​។​

​លោក បូរី​ស ច​ន​សុន (Boris Johnson) អតីត​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស ក៏​ស្ថិត​ក្នុងចំណោម​សមាជិកសភា ត្រូវបាន​គេ​និយាយ ថា កំពុងតែ​ពិចារណា​លើ​តំណែង​នេះ ប៉ុន្ដែ​លោក ជេ​រេ​មី ហាន់ (Jeremy Hunt) បាន​បដិសេធ​ឈរឈ្មោះ​។​


​លោកស្រី លី​ស ត្រាស់ ត្រូវបាន​ជ្រើសរើស និង តែងតាំង​ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ ក្រោយពេល​លោក បូរី​ស ច​ន​សុន បានប្រកាស​លាលែង​ពី​តំណែង ជុំវិញ​រឿងអាស្រូវ នៅក្នុង​ចំណោម​សមាជិកសភា នៃ​គណបក្ស​របស់គាត់​។ លោកស្រី លី​ស ត្រាស់​ក្លាយជា​នាយករដ្ឋមន្ត្រីរ​បស់​ចក្រភព​អង់គ្លេស កាន់តំណែង មាន​រយៈពេល​ខ្លី​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ នា​សម័យ​ទំនើប​។​

​លោកស្រី លី​ស ត្រាស់ បានប្រកាស​លាលែង​ពី​តំណែង ក្រោយពេល​មាន​វិបត្តិ​នយោបាយ និង សេដ្ឋកិច្ច អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ចាប់តាំងពី​លោកស្រី បាន​ឡើងកាន់តំណែង ខណៈ​រដ្ឋាភិបាល​របស់​លោកស្រី បានដាក់​ចេញ​នូវ​ផែនការ​កំណែទម្រង់សេដ្ឋកិច្ច​ថ្មី​មួយ ដោយមាន​ការកាត់បន្ថយ​ពន្ធ មាន​ទំហំ​ទឹកប្រាក់ ប្រហែល​៤៥​ពាន់​លាន​ដុល្លារ​។ ចំ​ណែ​កំណែទម្រង់សេដ្ឋកិច្ច​រប​ស់លោក​ស្រី បាន​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ផងដែរ​។ ដោយឡែក ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) បាន​ហៅ​ការកាត់បន្ថយ​ពន្ធ​រប​ស់​រដ្ឋាភិបាល​របស់លោក​ស្រី លី​ស ត្រាស់ ជា​កំហុសឆ្គង​សេដ្ឋកិច្ច ហើយ​ទាមទារ​ឲ្យ​លោកស្រី លុបចោល​វិញ​។​

​លោក Sir Keir Starmer មេដឹកនាំ​បក្សប្រឆាំង បាន​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​ជាស​កល នៅមុន​អាណត្តិ​។ គណបក្ស​អភិរក្សនិយម ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Boris Johnson បានឈ្នះ​សំឡេង​ភាគច្រើន​លើសលប់ នៅក្នុង​ការបោះឆ្នោត​សកល​ចុងក្រោយ កាលពី​ឆ្នាំ​២០១៩​។​

​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​ដ៏​ខ្លី​មួយ នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល​ដោ​នី​ង​ស្ទ្រី​ត (Downing Street) លោកស្រី លី​ស ត្រាស់ បានបញ្ជាក់ ថា «​គណបក្ស​អភិរក្ស បានជ្រើសរើស​ខ្ញុំ ឲ្យ​ឡើងកាន់តំណែង ដើម្បី​កាត់​បន្ថយពន្ធ និង បង្កើន​កំណើនសេដ្ឋកិច្ច​។ ខ្ញុំ​ទទួលស្គាល់ ថា ខ្ញុំ​មិនបាន​ប្រើប្រាស់​អំណាច​លើ​អ្វីដែល​ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឡើង ដោយ​គណបក្ស​អភិរក្ស​នោះឡើយ​»​។​

​លោកស្រី ត្រាស់ បាន​បន្ថែមថា លោកស្រី នឹង​នៅ​បន្ដ​កាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី រហូតដល់​មាន​អ្នក​ស្នង​តំណែង​ជា​ផ្លូវការ កាន់​តែំ​ណែ​ង​ជា​ប្រធាន​បក្ស ហើយ​ត្រូវបានតែងតាំង ជា​នាយករដ្ឋមន្ដ្រី ដោយ​ព្រះមហាក្សត្រ ឆា​លស៍ (Charles)៕​