សហរដ្ឋអាមេរិក បំបាក់​អំនួត​ពូ​ទីន បំភ័យ​ចិន​ឲ្យ​ឈប់​គំរាម​តៃវ៉ាន់

ព័ត៌មានអន្តរជាតិ
0
193
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ដោយសារតែ​រុស្ស៊ី​តែងតែ មាន​អំនួត​នឹង​មី​ស៊ី​ល​អន្ដរទ្វីប ទើប​សហរដ្ឋអាមេរិក បាន​បាញ់​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្ដរទ្វីប ដើម្បី​បង្ហាញ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ហើយ​បំភ័យ​ចិន ឲ្យ​បញ្ឈប់​គំរាមកំហែង​តៃវ៉ាន់​។​

​សារព័ត៌មាន NBC News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១៧ ខែសីហា ថា នៅ​ក្នុងការ​វិវឌ្ឍន៍​ស្ថានការណ៍​ថ្មីៗ​នេះ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ បានប្រកាស ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្ដរទ្វីប​មី​នូ​ថែ​មែន​ស្រ៊ី (Minuteman III Intercontinental Ballistic Missile ហៅ​កាត់ ICBM) ក្រោយ​ការផ្អាក កាលពីដើម​ខែសីហា ដោយសារ​ការកើនឡើង​នូវ​ភាព​តានតឹង​ផ្នែក​នយោបាយ​ជាមួយ​ចិន និង រុស្ស៊ី​។ ប៉ុន្ដែ​បើតាម​សេចក្ដីរាយការណ៍ បាន​អះអាងថា មី​ស៊ី​ល​នេះ ត្រូវ​កំណត់​កាលបរិច្ឆេទ បាញ់​សាកល្បង នៅ​សប្ដាហ៍​ទី​១ នៃ​ខែសីហា​។​



​កងទ័ពអាកាស​របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ការបាញ់​សាកល្បង​នេះ ក៏​ជា​ធាតុ​ផ្សំ ជាប្រចាំ​សម្រាប់​សកម្មភាព​សំដៅ​ដល់​ការធានា ជូន​សម្ពន្ធមិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន និង​បង្ហាញ ពី​ការរារាំង​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​រក្សា​ឲ្យ​មាន​សុវត្ថិភាព សុវត្ថិភាព អាច​ទុកចិត្តបាន ហើយ​មាន​សមត្ថភាព​ទប់ទល់​នឹង​ការគំរាមកំហែង នៅក្នុង​សតវត្ស​ទី​២១​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​ទាំងនេះ បានបញ្ជាក់​ពី​ភាពជាក់លាក់ ទំនុកចិត្ត​របស់​ប្រព័ន្ធ​អាវុធ ICBM និង​ផ្តល់ព័ត៌មាន​សំខាន់ៗ ដើម្បី​រក្សា​ការទប់ស្កាត់​អាវុធ​នុយក្លេអ៊ែរ​ប្រកបដោយ​សុវត្ថិភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​។​


​មន្ដ្រី​យោធា​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ថា កងទ័ព​សហរដ្ឋអាមេរិក បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​មី​នូ​ថែ​មែន​ស្រ៊ី (Minuteman III) ក្រោយ​ការពន្យារពេល នាពេល​កន្លងមក ដើម្បី​បញ្ចៀស​នូវ​ភាព​តានតឹង ជាមួយនឹង​ក្រុង​ប៉េកាំង ដែល​កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួន ខណៈ​ចិន​អះអាង​ជា​ទឹកដី​របស់ខ្លួន​។​



​មន្ដ្រី​យោធា​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប Minuteman III ចេញពី​មូលដ្ឋាន​កងទ័ព​អវកាស វ៉ាន់​ឌិន​បឺ​គ (Vandenberg) ស្ថិតក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ក៏បាន​បង្ហាញ អំពី​ការត្រៀមខ្លួន​របស់​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក ក៏ដូចជា ការបង្ហាញ​ពី​ប្រសិទ្ធភាព នៃ​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​ផងដែរ​។​

​ក្រុង​ប៉េកាំង បាន​ខឹងសម្បា​យ៉ាងខ្លាំង ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​តៃវ៉ាន់ កាលពីដើម​ខែសីហា​។ ជាមួយនឹង​ការប្រឆាំង​តវ៉ា​នោះ ចិន​បានដាក់​ពង្រាយ​យន្តហោះ​យោធា និង នាវាចម្បាំង​ជាច្រើន​គ្រឿង ធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​។ ប៉ុន្ដែ​ដើម្បី​កុំ​ឲ្យ​ចិន​កាន់តែ​ផ្ទុះ​កំហឹង បន្ថែមទៀត​នោះ យោធា​អាមេរិក​បានសម្រេច​ចិត្ត ផ្អាក​ការសាកល្បង​មី​ស៊ី​ល​របស់ខ្លួន មួយរយៈ​សិន ហើយ​ទើបតែ​ពេលនេះ បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប Minuteman III ដែលជា​អាវុធ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋអាមេរិក​។ មី​ស៊ី​ល​អន្ដរទ្វីប​នេះ អាច​បាញ់​បាន​ចម្ងាយ ចាប់ពី ៩ ៦៦០​គីឡូម៉ែត្រ​ឡើងទៅ និង វា​អាច​ហោះ​ក្នុង​ល្បឿន​អតិបរមា ២៤ ០០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​៕​