នាយករដ្ឋមន្ដ្រី​អេ​ស្ប៉ា​ញ ទាមទារ​ឲ្យ​រដ្ឋមន្ដ្រី លែង​ពាក់​ក្រវាត់​.​ក​

ព័ត៌មានអន្តរជាតិ
0
84
រាជធានី​ម៉ា​ឌ្រី​ដ​៖ រហូតមកដល់​ពេលនេះ នាយករដ្ឋមន្ដ្រី​អេ​ស្ប៉ា​ញ បាន​អំពាវនាវ​ដល់​រដ្ឋមន្ដ្រី មន្ដ្រីរាជការ និង បុគ្គលិក​ឯកជន គួរតែ​លែង​ពាក់​ក្រវាត់​.​ក ដើម្បី​កាត់បន្ថយ​នូវ​ភាព​ស្អុះស្អាប់ ហើយ​នេះ​ក៏​ជា​វិធានការ​ដ៏​ល្អ​មួយ សម្រាប់​ការជួយ​សន្សំសំចៃ​ថាមពល ស្របតាម​ផែនការ​របស់​គណៈកម្មកា​រ​អឺរ៉ុប នៅក្នុង​ការកាត់បន្ថយ​នូវ​ការពឹង​ផ្អែកទៅលើ​ប្រេង និង ឧស្ម័ន​របស់​រុស្ស៊ី ផងដែរ​។​

​សារព័ត៌មាន Pragativadi បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​៣០ ខែកក្កដា ថា លោក ផែ​ដ្រូ សាន​ចែស (Predro Sanches) នាយករដ្ឋមន្ដ្រី​អេ​ស្ប៉ា​ញ បាន​អំពាវ​នាដ​ល់​បុគ្គលិក ទាំង​វិស័យ​សាធារណៈ និង ឯកជន ត្រូវតែ​បញ្ឈប់​នូវ​ការពាក់​ក្រវាត់​.​ក​ដូចគ្នា​។ នេះ​ជា​វិធានការ សន្សំសំចៃ​ថាមពល នៅក្នុង​កាលៈទេសៈ​អាកាស​ធាតុ កំពុងតែ​ឡើងក​ម្ដៅ និង​ការកាត់បន្ថយ​នូវ​ថាមពល​។​


​លោកនាយក​រដ្ឋមន្ដ្រី​អេ​ស្ប៉ា​ញ បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក នឹង​អនុម័ត​នូវ​វិធានការ​សន្សំសំចៃ​ថាមពល​«​បន្ទាន់​» នេះ នៅ​ថ្ងៃ​ចន្ទ ទី​១ ខែសីហា ខណៈ​បណ្តា​ប្រទេស​នានា នៅ​តំបន់​អឺរ៉ុប កំពុងតែ​ខិតខំ​ប្រឹងប្រែង កាត់បន្ថយ​នូវ​ការពឹងផ្អែក ទៅលើ​ឧស្ម័ន​របស់​រុស្ស៊ី ដើម្បី​ឲ្យ​ថយ​នៅ​កម្រិត​តិច ក្រោយ​ការផ្ទុះ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សីតុណ្ហភាព កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែកក្កដា បាន​ឡើងដល់​៣៦​អង្សា​សេ នៅក្នុង​រាជធានី​ម៉ា​ឌ្រី​ដ និង ៣៩​អង្សា​សេ នៅក្នុង​ទីក្រុង​សេ​វី​ល​ឡា (Seville) ។ ជាមួយគ្នានេះ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ សីតុណ្ហភាព នៅ​តំបន់​អឺរ៉ុប បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត ក្នុង​កំណត់ត្រា​របស់ខ្លួន​។​


​លោកនាយក​រដ្ឋមន្ដ្រី​អេ​ស្ប៉ា​ញ បាន​គូសបញ្ជាក់ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ថា គាត់​នឹងមិន​ពាក់​ក្រវាត់​.​ក ហើយ​គាត់​ក៏​ចង់​ឲ្យ​រដ្ឋមន្ដ្រី មន្ដ្រីរាជការ និង បុគ្គលិក នៅក្នុង​វិស័យ​ឯកជន ធ្វើបែបនេះ​ដូចគ្នា​ដែរ​។ វិធីសាស្ដ្រ​នេះ នឹង​ជួយ​ឲ្យ​យើងទាំងអស់គ្នា អាច​សន្សំសំចៃ​ថាមពល​បាន​។​

​លោកនាយក​រដ្ឋមន្ដ្រី បាន​បន្ថែមថា វិធានការ​បែបនេះ នឹងធ្វើ​ឲ្យ​ប្រជាជន មិន​ស្អុះស្អាប់ ហើយ​ការធ្វើ​ដូច្នេះ ក៏​នឹង​នាំ​ឲ្យ​មានការ​ចំណាយ​លើ​ថាមពល​តិច ព្រោះ​ម៉ាស៊ីនត្រជាក់ នឹងត្រូវ​ប្រើប្រាស់​តិចតួច​ជាង​មុន​។​


​វិធានការ​របស់លោក​នាយករដ្ឋមន្ដ្រី​អេ​ស្ប៉ា​ញ បែបនេះ ក៏​មិនមែនជា​លើកដំបូង​បំផុត​នោះដែរ​។ នៅក្នុង​ឆ្នាំ​២០១១ ជប៉ុន បានបង្ហាញ​នូវ​យុទ្ធនាការ​របស់ខ្លួន ឈ្មោះ «Super Cool Biz» ដោយ​លើកទឹកចិត្ត ដល់​បុគ្គលិក​ធ្វើការ នៅតាម​ការិយាល័យ អាច​ស្លៀកពាក់​សម្លៀកបំពាក់​ស្ដើងៗ នៅក្នុង​រដូវក្ដៅ​។

​វិធានការ​របស់​ប្រទេស​អេ​ស្ប៉ា​ញ ក៏​ជា​ផ្នែក​មួយ ស្ថិតក្នុង​ផែនការ​របស់​គណៈកម្មកា​រ​អឺរ៉ុប មាន​ទំហំ​ទឹកប្រាក់ ២១០​ពាន់​លាន​អឺរ៉ូ (​លុយ​អឺរ៉ុប​) ឬ​ស្មើនឹង​ប្រហែល​ជាង ២១៤,១៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងការ​ជំរុញ​ថាមពល​កកើត​ឡើងវិញ និង កាត់បន្ថយ​នូវ​ការពឹងផ្អែក​របស់​ប្លុក​សេរី​មួយ​នេះ ទៅលើ​ឧស្ម័ន​របស់​រុស្ស៊ី ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕​