ចិន​កាន់តែ​គំរា.ម​បា.ញ់​ទម្លា.ក់​យន្ដហោះ ប្រធានសភា​សហរដ្ឋអាមេរិករឹតតែ​អត់​ខ្លា.ច​

ព័ត៌មានអន្តរជាតិ
0
193
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល ចិន​បាន​ព្រមាន​ខ្លាំង អំពី​ការបាញ់​ទម្លាក់​យន្ដហោះ​ដឹក​លោកស្រី​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក នោះមក ប៉ុន្ដែ​ឥឡូវនេះ លោកស្រី ណា​ស៊ី ផែ​ឡូ​ស៊ី កំពុងតែ​ចាប់ផ្ដើម បំពេញ​ទស្សនកិច្ច មកកាន់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​១ ខែសីហា នេះ ថា លោកស្រី និង គណៈប្រតិភូ​របស់លោក​ស្រី នឹង​ចុះ​ជាន់​ទឹកដី​សិង្ហ​បុរី មុននឹង​បន្ដដំណើរ​ទៅកាន់​ប្រទេស​ជា​សម្ពន្ធមិត្ត​ផ្សេងៗ​ទៀត​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​រាត្រី ថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា ថា លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាម​រិ​ក កំពុងតែ​ចាប់ផ្ដើម ធ្វើដំណើរ​មក​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ការិយាល័យ​របស់លោក​ស្រិ មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់ អំពី​ការ​ទៅធ្វើ​ទស្សនកិច្ច នៅ​កោះ​តៃវ៉ាន់ នោះឡើយ​។​



​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​អះអាងថា តៃវ៉ាន់ ដែល​គ្រប់គ្រង ដោយ​ខ្លួនឯង តាមបែប​ប្រជាធិបតេយ្យ ជា​អាណាខេត្ត​របស់ខ្លួន មិនអាច​កាត់ផ្ដាច់ ចេញពី​ប្រទេស​ចិន បានឡើយ​។ លើសពីនេះទៅទៀត ចិន​តែងតែ​គំរាមកំហែង អំពី​ការប្រើប្រាស់​កម្លាំង​ទ័ព វាយលុក​ចូលកាន់​កាប់​ដែន​កោះ​មួយ​នេះ ប្រសិនបើ​ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស អំពី​ឯករាជភាព​របស់ខ្លួន​។ ជាមួយនឹង​ការគំរាមកំហែង​នោះ ចិន​តែងតែ​បញ្ជូន​យន្ដហោះ​ទម្លាក់​គ្រាប់បែក យន្ដហោះ​ប្រយុទ្ធ និង នាវាចម្បាំង រាប់រយ​គ្រឿង ក្នុង​១​ខែៗ ទៅ​ឡោមព័ទ្ធ​ដែន​កោះ​មួយ​នេះ ដើម្បី​បំភិតបំភ័យ​ដល់​ក្រុង​តៃប៉ិ ឲ្យ​ព្រម​ទទួលយក​នូវ​ដែន​អធិបតេយ្យភាព​របស់ខ្លួន​។​

​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុ​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) បាន​ព្រមាន​តាម​ទូរស័ព្ទ ដល់​សម​ភាគី​សហរដ្ឋ​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) កុំ​ឲ្យ​ប្រលែង​លេង​ជាមួយនឹង​ភ្លើង ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់​។ ប៉ុន្ដែ​សហរដ្ឋអាមេរិក ក៏បាន​ព្រមាន​ដល់​ចិន វិញ អំពី​ការមិនអាច​កែប្រែ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ប្រឆាំង​ដាច់ខាត​នូវ​ការបង្ក​អសន្ដិសុខ​ណាមួយ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង សមុទ្រ​ចិន​ខាងត្បូង​។​


​ដោយឡែក ជុំវិញ​ការព្រមាន​អំពី​ការបាញ់​ទម្លាក់​យន្ដហោះ​ដឹក​លោកស្រី​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​សហរដ្ឋអាមេរិក នោះ លោក ម៉ាក មី​ល​ឡេ (Mark Milley) នាយអគ្គសេនាធិការ​ចម្រុះ​របស់​សហរដ្ឋអាមេរិក បាន​ថ្លែង​ទៅកាន់​បណ្ដាញ​ទូរទស្សន៍​ល្បីៗ​របស់​ពិភពលោក ដោយបាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ ថា កងទ័ព​សហរដ្ឋអាមេរិក ត្រូវតែ​ការពារ​សុវត្ថិភាព ដល់​ការធ្វើដំណើរ​របស់លោក​ស្រី​។ ប្រសិនបើ​ដំណើរ​ទស្ស​កិច្ច​របស់​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី ទៅកាន់​តៃវ៉ាន់ កើតឡើង​មែន​នោះ លោកស្រី ក្លាយជា​មន្ដ្រី​ជាប់ឆ្នោត​កំពូល​របស់​សហរដ្ឋអាមេរិក លើកដំបូង បានមក​កាន់​កោះ​នេះ នៅក្នុង​រយៈ​២៥​ឆ្នាំ​កន្លងមកនេះ ចាប់តាំងពី​ប្រធានសភា​ទី​៥០ មកពី​គណបក្ស​សាធារណៈ លោក ញូ​ត ហ្គី​ន​ហ្គ្រិ​ច (Newt Gingrich) បានមក​កាន់​កោះ​តៃវ៉ាន់ កាលពី​អំឡុង​ឆ្នាំ​១៩៩៧​។​

​លោកស្រី ណា​ស៊ី ផែ​ឡូ​ស៊ី តំណាងរាស្ដ្រ បក្ស​ប្រជាធិបតេយ្យ ប្រចាំ​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​សភា​សហ​រដ្ឋ​អាមេរិក ចំនួន​៦​នាក់ នឹង​ព្យាយាម «​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ដែល​មិន​អាចធ្វើ​ឲ្យ​រង្គោះរង្គើ ដល់​សម្ព័ន្ធមិត្ត និង មិត្ត​របស់​យើង នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​»​។​


​ការិយាល័យ​របស់លោក​ស្រី ប្រធានសភា​សហរដ្ឋអាមេរិក បានបញ្ជាក់ «​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្ដោតទៅលើ​កិច្ចការពារ​សន្ដិសុខ​ទៅវិញទៅមក ភាពជា​ដៃគូ​ខាង​សេដ្ឋកិច្ច និង អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​»​។ ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​មន្ដ្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក នាពេលនេះ រួមមាន សិង្ហ​បុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ជប៉ុន​។​

​ដោយឡែក គណៈប្រតិភូ​អមដំណើរ​របស់លោក​ស្រី ណាន់​ស៊ី ផែ​ឡូ​ស៊ី ប្រធានសភា​សហរដ្ឋអាមេរិក គឺជា​សមាជិក​នាំមុខគេ នៃ​សភាតំណាងរាស្ត្រ រួមមាន លោក ហ្គ្រែ​ហ្គូ​រី មី​កស៍ (Gregory Meeks), លោក ម៉ាក តា​កា​ណូ (Mark Takano), លោកស្រី ស៊ូ​ហ្សា​ន ដែល​ប៊ែ​ណេ (Suzan DelBene), លោក រ៉ា​ចា គ្រី​ស្នា​មូ​ធី (Raja Krishnamoorthi ) និង លោក អាន​ឌី គីម (Andy Kim)៕​