ធ្នឹម​ស្ពាន នៅ​កណ្ដាល​ទីក្រុង​បាងកក បាក់​សង្កត់​អ្នកដំណើរ​ស្លាប់ និង​របួស​ជាច្រើន​នាក់​

ព័ត៌មានអន្តរជាតិ
0
400
រាជធានី​បាងកក​៖ ធ្នឹម​ស្ពាន​មួយកន្លែង បាន​បាក់​សង្កត់ លើ​អ្នកដំណើរ បណ្ដាល​ឲ្យ​មាន​មនុស្ស​យ៉ាងហោចណាស់ ២​នាក់​បាត់​បង់ជីវិត និង ២​នាក់​ផ្សេងទៀត​បាន​រងរបួស​នោ​ក្នុង​ហេតុការណ៍​បាក់​ស្ពាន កាលពី​រាត្រី ថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា នៅតាម​ផ្លូវ​រ៉ា​ម៉ា​ទី​២ (Rama II) ក្រុង​បាងកក ប្រទេស​ថៃ​។​


​សារព័ត៌មាន​ថៃ The Nation បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​១ ខែសីហា ថា ស្ពាន​ដែល​បង្ក​គ្រោះថ្នាក់​នេះ ស្ថិតក្រោម​ការជួសជុល ហើយ​វា​មាន​ទីតាំងនៅ​ទល់មុខ​មន្ទីរពេទ្យ​វី​ផា​រ៉ា​ម (Vibharam ) ផ្លូវ Rama II ស្ថិតក្នុង​ស្រុក Muang ខេត្ត Samut Sakhon​។ គ្រោះថ្នាក់​នោះ បានកើត​ឡើង ដោយសារ​ធ្នឹម​ស្ពាន​អាកាស​មួយ​ប្រឡោះ បាន​បាក់​ធ្លាក់ សង្កត់​មកលើ​រថយន្ត និង​មនុស្ស ខណៈ​ពួកគេ​កំពុងតែ​ធ្វើដំណើរ នៅតាម​ដងផ្លូវ រ៉ា​ម៉ា​២ ចូលមក​កាន់​ក្រុង​បាងកក កាលពី​ម៉ោង​៩​យប់ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​។ នៅក្នុង​ហេតុការណ៍​នោះ បាន​បណ្ដាលឱ្យមាន​មនុស្ស​២​នាក់​បាត់​បង់ជីវិត និង ២​នាក់​ផ្សេងទៀត​រងរបួស​។​


​ក្រុម​អ្នក​ជួយសង្គ្រោះ ក៏បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ធ្វើការ​អន្តរាគមន៍ និង ជួយសង្គ្រោះ​ជីវិត​មនុស្ស ចេញ​គំនរ​បាក់បែក ហើយ​ផ្លូវ​មួយ​ខ្សែ ក៏បាន​បិទ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​។ ចំណែក​អ្នករងរបួស ក៏ត្រូវ​បាន​បញ្ជូន​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​៕​