កងទ័ព​តៃវ៉ាន់​អត់​ខ្លាច​ចិនត្រៀមខ្លួន​ប្រយុ.ទ្ធជុំវិញ​ការគំរា.មកំហែ.ង​ដល់​ដំណើរ​របស់​ប្រធានសភា​អាមេរិក

ព័ត៌មានអន្តរជាតិ
0
206
រដ្ឋធានី​តៃប៉ិ​៖ ក្រោយពេល ចិន បាន​ព្រមាន​ពី​ផលវិបាក​ខាង​យោធា ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​ទីក្រុង​តៃប៉ិ នោះ​ភ្លាម តៃវ៉ាន់ កំពុងតែ​ដាក់​កងទ័ព​របស់ខ្លួន ឲ្យ​ស្ថិត​ក្នុងការ​ប្រុង​ជើងការ​ខ្ពស់ ត្រៀមខ្លួន​សម្រាប់​ការប្រយុទ្ធ​។​

​សារព័ត៌មាន Taiwan News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២ ខែសីហា ថា រហូតមកដល់​ពេលនេះ មាន​សេចក្តីរាយការណ៍​ថា កងទ័ព​តៃវ៉ាន់ បាន​បង្កើន​នូវ​ការត្រៀម​លក្ខណៈ សម្រាប់​ការប្រយុទ្ធ ខណៈ​ការកើនឡើង នៃ​ភាព​តានតឹង នៅ​ច្រក​សមុទ្រ​តៃវ៉ាន ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​ទីក្រុង​តៃប៉ិ​។​


​បើតាម​សារព័ត៌មាន​សិង្ហ​បុរី CNA បាន​ដកស្រង់​ប្រភពព័ត៌មាន​គួរ​ឲ្យ​ទុកចិត្តបាន បាន​រាយការណ៍ ថា តៃវ៉ាន់ បានដាក់​កម្លាំងប្រដាប់អាវុធ​របស់ខ្លួន ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ត្រៀមខ្លួន​ខ្ពស់ សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង ពី​កងទ័ព​រំដោះប្រជាជន (PLA) ចាប់ពី​វេលា​ចន្លោះ​ពី​ម៉ោង​៨​ព្រឹក ថ្ងៃ​អង្គារ ទី​២ ខែសីហា រហូតដល់​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​៤ សីហា ឆ្នាំ​២០២២​។​

​ប្រភពព័ត៌មាន​នានា បាន​សង្កត់ធ្ងន់ថា ការប្រកាសអាសន្ន​កម្រិត​ខ្ពស់​នេះ មិន​សំដៅ​តែ​ទៅដល់​ប្រទេស​កំពុង​ជាប់ជើង នៅក្នុង​សង្គ្រាម​នោះឡើយ​។​

​សេចក្ដី​ការណ៍​នេះ បានកើត​ឡើង ចំពេល​គេ​រំពឹងទុក​ថា លោកស្រី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក អាច​នឹងធ្វើ​ដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់ ខណៈ​ក្រុង​ប៉េកាំង បានប្រកាស​ពី​ឆ្លើយតប​ជាមួយនឹង​ការគំរាមកំហែង កាន់តែខ្លាំង​ក្លា​ឡើង​។ ដោយឡែក សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ បាន​ព្រមាន​អំពី​ការបង្ក​ហេតុ​យ៉ាងយូរ កើតចេញពី​ក្រុង​ប៉េកាំង រួមទាំង ការបាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​


​រដ្ឋបាល​សុវត្ថិភាព​ដែនសមុទ្រ​របស់​ប្រទេស​ចិន បានប្រកាសថា ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត នឹងធ្វើ​ឡើង នៅ​ថ្ងៃ​ចន្ទ និង ថ្ងៃ​អង្គារ ស្ថិតក្នុង​សមុទ្រ​បូ​ហៃ (Bohai) និង ដែនទឹក ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​ប៉េកាំង កាលពី​ចុង​សប្តាហ៍​មុន បានធ្វើ​សមយុទ្ធ​យោធា ចំនួន​៥​កន្លែង​រួចមកហើយ ស្ថិតក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង និង សមុទ្រ​ចិន​ខាងកើត រួមទាំង​សមយុទ្ធ​បាញ់​គ្រាប់​ពិត ចេញពី​ដែនទឹក ខេត្ត​ហ្វូ​ជៀន (Fujian) ។ សកម្មភាព​យោធា​របស់​ក្រុង​ប៉េកាំង ត្រូវគេ​ជឿថា ជាការ​បង្ហាញ​នូវ​ការតវ៉ា ប្រឆាំងនឹង​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi មកកាន់​កោះ​តៃវ៉ាន់​។​


​លោក ម៉ាក មី​ល​ឡេ (Mark Milley) នាយអគ្គសេនាធិការ​ចម្រុះ​របស់​សហរដ្ឋអាមេរិក បាន​ថ្លែង​ទៅកាន់​បណ្ដាញ​ទូរទស្សន៍​ល្បីៗ​របស់​ពិភពលោក ដោយបាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ មុន​ដំណើរ​ទស្សនកិច្ច​មន្ដ្រីជាន់ខ្ពស់​លំដាប់​លេខ​២ មក​ជាន់​ទឹកដី​អាស៊ី ថា កងទ័ព​សហរដ្ឋអាមេរិក ត្រូវតែ​ការពារ​សុវត្ថិភាព ដល់​ការធ្វើដំណើរ​របស់លោក​ស្រី ណា​ស៊ី ផែ​ឡូ​ស៊ី ប្រធានសភា​សហរដ្ឋអាមេរិក​។ ប្រសិនបើ​ដំណើរ​ទស្ស​កិច្ច​របស់​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី ទៅកាន់​តៃវ៉ាន់ កើតឡើង​មែន​នោះ លោកស្រី ក្លាយជា​មន្ដ្រី​ជាប់ឆ្នោត​កំពូល​របស់​សហរដ្ឋអាមេរិក លើកដំបូង បានមក​កាន់​ដែន​កោះ​មួយ​នេះ នៅក្នុង​រយៈ​២៥​ឆ្នាំ​កន្លងមកនេះ ចាប់តាំងពី​ប្រធានសភា​ទី​៥០ មកពី​គណបក្ស​សាធារណៈ លោក ញូ​ត ហ្គី​ន​ហ្គ្រិ​ច (Newt Gingrich) បានមក​កាន់​កោះ​តៃវ៉ាន់ កាលពី​អំឡុង​ឆ្នាំ​១៩៩៧៕​