ក្រុង​ប៉េកាំង ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក បង្ក​អស្ថិរភាព​

ព័ត៌មានអន្តរជាតិ
0
125
រដ្ឋធានី​ប៉េកាំង​៖ ថ្វីបើ​មានការ​ព្រមាន​ខ្លាំងៗ​ពី​ប្រធានាធិបតី​ចិន ដល់​សម​ភាគី​សហរដ្ឋ​អាមេរិក កុំ​ឲ្យ​ប្រលែង​លេង​ជាមួយនឹង​ភ្លើង ជុំវិញ​បញ្ហា​តៃវ៉ាន់ យ៉ាងណាក្ដី ប៉ុន្ដែ​នៅ​ទីបំផុត លោកស្រី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​សហរដ្ឋអាមេរិក បានមក​ជាន់​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង តាមបែប​លទ្ធិប្រជាធិបតេយ្យ​មួយ​នេះ ហើយ​សកម្មភាព​នេះ កាន់តែ​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹងសម្បា​យ៉ាងខ្លាំង ដោយ​ចាត់ទុកជា​ដំណើរ​ទស្សនកិច្ច​ប្រកបដោយ​គ្រោះថ្នាក់​បំផុត និង បង្ក​អស្ថិរភាព​។​

​សារព័ត៌មាន NDTV បានចេញ​ផ្សាយ កាលពី​រាត្រី ថ្ងៃ​អង្គារ ទី​២ ខែសីហា ថា ក្រុង​ប៉េកាំង បាន​បញ្ជាក់ថា អ្នកនយោបាយ​របស់​ស​ហ​រដ្ឋ​អាមេរិក កំពុងតែ​ប្រលែង​លេង​ជាមួយនឹង​ភ្លើង ដោយសារតែ​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក កាលពី​រាត្រី ថ្ងៃ​អង្គារ បាន​ទៅដល់​តៃវ៉ាន់ ចំពេល​មាន​ទំនាក់ទំនង កាន់តែ​តានតឹង​ឡើង រវាង​សហរដ្ឋអាមេរិក និង ចិន​។​



រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ថ្កោលទោស​យ៉ាងខ្លាំង ដល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​សហរដ្ឋអាមេរិក លោកស្រី Nancy Pelosi មកកាន់​តៃវ៉ាន់ ដោយ​ចាត់ទុកជា​ដំណើរ​ទស្សនកិច្ច​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​។ ចិន បាន​ព្រមាន​ថា ដំណើរ​ទស្សនកិច្ច​រប​ស់ម​ន្ដ្រី​កំពូល​របស់​សហរដ្ឋអាមេរិក មក​ដែន​កោះ​មួយ​នេះ កំពុងតែ​គំរាមកំហែង ដល់​ស្ថិរភាព នៅក្នុង​តំបន់​។​

​លោកស្រី ប្រធានសភា​សហរដ្ឋអាមេរិក បាន​ដឹកនាំ​គណៈប្រតិភូ​របស់លោក​ស្រី មកដល់​កោះ​តៃវ៉ាន់ កាលពី​រាត្រី ថ្ងៃ​អង្គារ​។ លោកស្រី បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ ចង់បង្ហាញ អំពី​ចំណង​សាមគ្គីភាព​របស់​សហរ​ដ្ឋ​អាមេរិក ជាមួយ​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ ដែល​ចិន​អះអាងថា ជា​ដែនដី​របស់ខ្លួន​។​


​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ថ្វីបើ​ក្រុង​វ៉ាស៊ីនតោន មិនបាន​ទទួលស្គាល់​តៃវ៉ាន់ ជា​រដ្ឋ​ឯករាជ្យ​យ៉ាងណាក្ដី ប៉ុន្ដែ​សហរដ្ឋអាមេរិក បាន​ចង​ដោយ​ច្បាប់​មួយ សម្រាប់​ផ្ដល់​ជា​មធ្យោបាយ ជួយ​ដល់​ដែន​កោះ​មួយ​នេះ ដើម្បី​ការពារ​ខ្លួន​។ ចំណែក​អ្នកនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក បាន​ពន្យល់ អំពី​ហេតុផល​ជាច្រើន សម្រាប់​ការធ្វើដំណើរ​ទៅកាន់​តៃវ៉ាន់​របស់លោក​ស្រី ប្រធានសភា​សហរដ្ឋអាមេរិក​។​

​លោកស្រី Nancy Pelosi បាន​សរសេរ នៅក្នុង​ទស្សនៈ​ផ្ទាល់ខ្លួន​ថា «​យើង​មិនអាច​ឈរ​មើល បក្ស​កុម្មុយនីស្ដ​ចិន (CCP) បន្ដ​ការគំរាមកំហែង ដល់​តៃវ៉ាន់ និង លទ្ធិប្រជាធិបតេយ្យ​ខ្លួនឯង​នោះឡើយ​»​។


​លោកស្រី Pelosi ជា​មន្ដ្រីជាន់ខ្ពស់​បំផុត​របស់​សហរដ្ឋអាមេរិក បានធ្វើ​ដំណើរ ទៅដល់​កោះ​តៃវ៉ាន់ ជា​លើកដំបូង នៅក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​។ លោកស្រី បាន​ដឹកនាំ​គណៈប្រតិភូ​របស់លោក​ស្រី ទៅដល់​អាកាសយានដ្ឋាន​សុង​សាន (Songshan) កាលពី​រាត្រី ថ្ងៃ​អង្គារ ដោយ​ចាក​ចេញពី​ប្រទេស​ម៉ាឡេស៊ី​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី កាន់តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​សហរដ្ឋអាមេរិក និង ចិន ធ្លាក់ចុះ​ថ្មី​បន្ថែមទៀត​។​

​ដោយឡែក ក្រសួងការពារជាតិ​ចិន បាន​បញ្ជាក់ថា កងទ័ព​របស់​ចិន បានដាក់​ឲ្យ​ស្ថិតនៅ​ក្នុងការ​ប្រុង​ជើងការ​ខ្ពស់បំផុត ហើយនឹង​ចាប់ផ្ដើម​ប្រតិ​ប​ត្ដិ​ការ ទៅលើ​គោលដៅ​យោធា ដើម្បី​ឆ្លើយតប​នឹង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក​ស្រី ប្រធានសភា​សហរដ្ឋអាមេរិក​។ ចំណែក​យន្ដហោះ​ចម្បាំង​របស់​ចិន ក៏បាន​បន្លឺសំឡេង​តាម​ខ្សែបន្ទាត់ ដែល​បែងចែក​ច្រក​សមុទ្រ​តៃវ៉ាន់ មុនពេល​ការមកដល់​របស់លោក​ស្រី Pelosi ។​


​បញ្ជាការ​តំបន់​ភាគ​ខាងកើត​របស់​កងទ័ព​រំដោះប្រជាជន​ចិន បានប្រកាសថា ខ្លួន​នឹងធ្វើ​សមយុទ្ធ តាមផ្លូវ​អាកាស និង សមុទ្រ​រួមគ្នា នៅ​ជិត​កោះ​តៃវ៉ាន់ ដោយ​ចាប់ផ្តើម នៅ​យប់ ថ្ងៃ​អង្គារ ហើយនឹង​បាញ់​សាកល្បង​មី​ស៊ី​ល​ធម្មតា នៅ​សមុទ្រ​ភាគ​ខាងកើត កោះ​តៃវ៉ាន់​។​

​លោក ហេ​ណូ ខ្លិន (Heino Klinck) អតីត​ឧបការី​រង រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​អះអាងថា កងទ័ព​ចិន ប្រហែលជា​នឹងធ្វើ​ប្រតិបត្តិការ ដើម្បី​ផ្ញើ​សារ​ទៅកាន់​តៃវ៉ាន់ និង​ដៃគូ​របស់ខ្លួន ថា ក្រុង​ប៉េកាំង មានការ​តាំងចិត្ត ប្រឆាំងនឹង​គ្រប់​ទម្រង់ នៃ​ការប្រកាស​ឯករាជភាព ឬ​ស្វ័យភាព សម្រាប់​តៃវ៉ាន់​៕​