ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ ព្រមាន​ព្រឹទ្ធសភា កុំ​យក​មាត្រា​១១២​មករា​រាំង​

ព័ត៌មានអន្តរជាតិ
0
3


​រាជធានី​បាងកក​៖ ក្រោយពេល​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​លើក​បន្ទុក ដោយ​ពួកយោធា បានបង្ហាញ​នូវ​ការមិនពេញចិត្ដ ចំពោះ​ចេតនា​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​១១២ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ដល់​ព្រះមហាក្សត្រ នោះមក ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ បាន​ព្រមាន​ដល់​សមាជិក​ព្រឹទ្ធសភា កុំ​ប្រើប្រាស់​គោលបំណង នៃ​គណបក្ស​របស់គាត់ មក​ធ្វើជា​ឧបសគ្គ​រារាំង ដល់​ការធ្វើជា​នាយករដ្ឋមន្ដ្រី និង បង្កើត​រដ្ឋាភិបាល​ថ្មី​របស់គាត់​។​

​សារព័ត៌មាន​ថៃ Bangkok Post បានចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែមិថុនា ថា លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP បាន​ព្រមាន​ដល់​សមាជិក​ព្រឹទ្ធសភា កុំឱ្យ​ប្រើប្រាស់​គោលបំណង​របស់​គណបក្ស​របស់គាត់ ជុំវិញ​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការប្រមាថ មក​ធ្វើជា​លេស រារាំង​ដល់​ការបោះឆ្នោត​របស់គាត់ ជា​នាយករដ្ឋមន្ត្រី ព្រោះ​សកម្មភាព​ទាំងនេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ប្រឆាំងនឹង​ប្រជាជន​។​

​លោក​ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ បាន​ថ្លែង នៅ​ថ្ងៃ​អង្គារ ថា ការប៉ុនប៉ង​ណាមួយ នៅក្នុង​ការប្រើប្រាស់​ផែនការ​របស់​គណបក្ស MFP សម្រាប់ធ្វើ​វិសោធនកម្ម លើ​មាត្រា ១១២ នៃ​ក្រមព្រហ្មទណ្ឌ សម្រាប់​រារាំង ដល់​រូបគាត់ ក្លាយជា​នាយករដ្ឋមន្ត្រី នឹង​ក្លាយជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។​

​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ បានបញ្ជាក់ ខណៈ​ដឹកនាំ​សមាជិកសភា​ថ្មី មកពី​គណបក្ស​របស់គាត់ ទៅ​រាយការណ៍​ជូន​លេខាធិការដ្ឋាន​សភា ថា «​សកម្មភាព​រារាំង​បែបនេះ ស្មើនឹង​ការអនុញ្ញាតឱ្យ​សំឡេង​របស់​ប្រជាជន ប៉ះទង្គិច​ដោយផ្ទាល់ ជាមួយ​ស្ថាប័ន​នោះ ហើយ​យ​វា​មិន​សមរម្យ និង បង្ក​គ្រោះថ្នាក់​បំផុត​»​។​

​លោក​ប្រធាន​គណ​ក្ស​ឈ្នះឆ្នោត រូបនេះ បាន​សង្កត់ធ្ងន់ ថា «​មាត្រា​១១២ ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ កុំ​ឲ្យ​មានការ​ប្រមាថ ប៉ុន្ដែ​ត្រូវបាន​គេ​យកមកប្រើ​ប្រាស់ ជា​ឧបករណ៍​នយោបាយ ប្រឆាំងនឹង​អ្នកមាន​ទស្សនៈ​ផ្សេងគ្នា ហើយ​វា​ក្លាយជា​រឿង​មិនល្អ​សោះ សម្រាប់​ស្ថាប័ន​ជាច្រើន​។ គាត់​នឹង​ត្រូវតែ​ថែរក្សា​ប្រព័ន្ធ​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅក្នុង​ប្រទេស​ថៃ​»​។​

​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ បាន​បន្ថែម ថា «​គណបក្ស​ជាច្រើន​នៅតែ​យល់​ខុសគ្នា​។ ការធ្វើ​វិសោធន​កម្មនេះ មិនមែនជា​ការដកហូត​ចេញ​នោះទេ ព្រោះ​យើង​ត្រូវតែ​ពិភាក្សាគ្នា ជាមួយនឹង​សមាជិក​ព្រឹទ្ធសភា​។ ពួកគេ​កំពុងតែ​ចាប់ផ្តើម​យល់ ថា ដើម្បី​ថែរក្សា​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ត្រូវតែមាន​ការផ្លាស់ប្តូ​រ​សមស្រប ខណៈ​ប្រទេស​ថៃ​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​អន្ត​រកា​ល​»​។​

​ជាមួយនឹង​សំណួរ​ស្នើសុំ​ការធ្វើ​អត្ថាធិប្បាយ ជុំវិញ​បញ្ហា​សមាជិក​ព្រឹទ្ធសភា បានប្រកាស​មិន​បោះឆ្នោត​ដល់​គាត់ ធ្វើជា​នាយករដ្ឋមន្ត្រី នោះ លោក ភី​ថា បាន​អះអាង ថា គាត់​សង្ឃឹម ថា ពួកគេ​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ មិន​ប្រឆាំងនឹង​សំឡេង​របស់​ប្រជាជន​។ គណបក្ស​របស់គាត់ បានទទួល​អាសនៈ​សភា ចំនួន​១៥១ នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃទី​១៤ ខែឧសភា ហើយ​វា​ជា​សំឡេង​ច្រើនជាង​គណបក្ស​ផ្សេងៗ​ទៀត​។​

​រដ្ឋធម្មនុញ្ញ​ថៃ អនុញ្ញាតឱ្យ​សមាជិក​ព្រឹទ្ធសភា ចូលរួម​ជាមួយ​សមាជិក​សភា នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី ដោយ​ក្នុងនោះ​មាន​សមាជិកសភា ជាប់ឆ្នោត​ចំនួន ៥០០​នាក់ និង សមាជិក​ព្រឹទ្ធសភា ចំនួន​២៥០​នាក់ ត្រូវបានតែងតាំង ដោយ​ពួកយោធា​។ ប៉ុន្ដែ​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី លោក ភី​ថា ត្រូវការ​សំឡេងគាំទ្រ​ភាគច្រើន យ៉ាងតិច ៣៧៦​សំឡេង មកពី​ក្នុងចំណោម​សមាជិកសភា​ទាំង​២ សរុប​៧៥០​នាក់ ខណៈ​សម្ពន្ធមិត្ត​ទាំង​៨​គណបក្ស​របស់គាត់ មាន​សមាជិកសភា សរុប​ត្រឹមតែ​៣១៣​នាក់​។​

​បើទោះជា​យ៉ាងណា លោក ភី​ថា បាន​អះអាង ថា គាត់​នឹងមាន​ការគាំទ្រ​គ្រប់គ្រាន់ ពី​ក្នុង​ព្រឹទ្ធសភា សម្រាប់​ធានា​ដល់​ការបោះឆ្នោត​ជ្រើសរើស​គាត់ ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ​៕​