បើ​ប្រធានសភា​សហរដ្ឋអាមេរិកមិន​ទៅ​តៃវ៉ាន់ ចិន​កាន់តែ​ឡើងចាង​

ព័ត៌មានអន្តរជាតិ
0
263
រដ្ឋធានី​វ៉ាស៊ីនតោន​៖ បើទោះជា​ចិន​បាន​ព្រមាន អំពី​ផលវិបាក​ដ៏​អាក្រក់ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ទៅកាន់​កោះ​តៃវ៉ាន់ ណាក៏ដោយ ក៏​លោកស្រី​នៅតែ​ទៅនោះ ទើប​អតីត​ប្រធានសភា ប្រទេស​មហាអំណាច​កំពូល នៅលើ​លោក បាន​អះអាងថា ប្រសិនបើ​សហរដ្ឋអាមេរិក ដកថយ ចិន​កាន់តែ​បានដៃ ព្រោះ​ក្រុង​ប៉េកាំង កាន់តែ​បង្កើន​មហិច្ឆតា ហើយ​ចិន​ក៏​មិន​ហ៊ាន​បាញ់​ទម្លាក់​យន្ដហោះ​របស់លោក​ស្រី ដែរ​ដោយសារ​ត្រូវ​ប្រឈមមុខ​នឹង​ការ​សងសឹក​យ៉ាងធ្ងន់ធ្ងរ​បំផុត ពី​ក្រុង​វ៉ាស៊ីនតោន​។​


​សារព័ត៌មាន Opera News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២ ខែសីហា ថា លោក ញូ​ត ហ្គី​ង​រិច (Newt Gingrich) ប្រធានសភា​ទី​៥០​របស់​សហរដ្ឋអាមេរិក ដែល​ធ្លាប់​ទៅ​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់ នា​អំឡុង​ឆ្នាំ​១៩៩៧ បានបញ្ជាក់ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង បណ្ដាញ​ទូរទស្សន៍ Fox News កាលពី​ថ្ងៃ​អង្គារ ថា លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ត្រូវតែ​ទៅកាន់​កោះ​តៃវ៉ាន់​។ ប៉ុន្ដែ​ប្រសិនបើ​លោកស្រី លុបចោល​ដំណើរ​ទស្សនកិច្ច នាពេលនេះ នឹង​លើក​ទឹក​ចិ​ត្ដ ឱ្យមាន​អាកប្បកិរិយា​ដ៏​អាក្រក់​បន្ថែមទៀត កើតចេញពី​ចិន ដែល​មិនចាំបាច់ មាន​ជំហរ​ខ្លាំង សម្រាប់​ការ​សម្លុត​ដល់​សហរដ្ឋ​អាមេរិក នោះឡើយ​។​


​អតីត​ប្រធានសភា​របស់​សហរដ្ឋអាមេរិក បាន​សង្កត់ធ្ងន់ថា «​ខ្ញុំ​គិតថា លោកស្រី Nancy Pelosi នាពេលនេះ មិនមាន​ជម្រើស​។ បច្ចុប្បន្ន បក្ស​កុម្មុយនីស្ដ​ចិន កំពុងតែ​រារាំង និង គំរាមកំហែង ហើយ​សកម្មភាព​ទាំងអស់នេះ ត្រូវតែ​ជំរុញ​ឲ្យ​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី ទៅកាន់​កោះ​តៃវ៉ាន់ ព្រោះ​ការដកថយ នាពេល​ឥឡូវនេះ នឹង​លើកទឹកចិត្ត ជំរុញ​ឲ្យ​មាន​អាកប្បកិរិយា​ឈ្លានពាន​របស់​របប​ផ្តាច់ការ ហើយ​ខ្ញុំ​គិតថា វា​នឹង​ក្លាយជា​គ្រោះមហន្តរាយ​»​។​


​អតីត​ប្រធានសភា​សហរដ្ឋអាមេរិក លោក Gingrich បាន​បន្ថែមថា វា​ជាការ​ពិតណាស់ ចិន​នឹងមិន​ហ៊ាន​ធ្វើ​អ្វី​ដល់​សហរដ្ឋអាមេរិក នោះឡើយ ចិន​ក៏​នឹងមិន​ធ្វើ​អ្វី​ដល់​លោកស្រី​នោះដែរ​។ ចំណែក​ការគំរាមកំហែង​ផ្សេងៗ​ទាំងអស់នេះ គឺ​មិន​សម​ហេតុ​សម​ផល​នោះទេ ហើយ​ពួកគេ​ក៏​នឹងមិន​ធ្វើ​រឿង​ធំ​ឲ្យ​កើតឡើង​នោះឡើយ​។​

​ប្រតិកម្ម​ទៅនឹង​ពិធីករ​បណ្ដាញ​ទូរទស្សន៍ Fox News លោក សៀន ហាន​នី​ធី (Sean Hannity) ដែល​បាន​អះអាងថា ចិន​បាន​គំរាម​បាញ់​ទម្លាក់​យន្តហោះ​របស់លោក​ស្រី Pelosi នោះ លោក ហ្គី​ង​រិច បាន​សង្កត់ធ្ងន់ថា «​ករណី​ដ៏​អាក្រក់​បំផុត​នេះ ប្រសិនបើ​ចិន​ហ៊ាន​បាញ់​ទម្លាក់​យន្តហោះ​របស់លោក​ស្រី ប្រធានសភា​សហរដ្ឋអាមេរិក នឹង​ក្លាយជា​ទង្វើ នៃ​សង្គ្រាម​។ យើង​នឹង​គ្មាន​ជម្រើស​អ្វី ក្រៅ​តែ​អំពី​ការសង​សឹក​យ៉ាងខ្លាំង​នោះឡើយ​។ ប្រជាជនមាន​ទំនោរ​ភ្លេច​ថា សហរដ្ឋអាមេរិក បើទោះជា​មន្ទីរ​បញ្ច​កោណ មាន​ភាពទន់ខ្សោយ​ក៏ដោយ ទោះបីជា​មានការ​ភ្ញាក់រឭក និង អាកប្បកិរិយា​ឆោតល្ងង់​ក៏ដោយ ក៏​នៅតែមាន​កម្លាំងយោធា​ដ៏​មាន​ឥទ្ធិពល​បំផុត​ផងដែរ​»​។​


​អតីត​ប្រធានសភា​សហរដ្ឋអាមេរិក បាន​បន្ថែមថា «​ជាមួយនឹង​សម្ពន្ធមិត្ត​របស់​យើង ទាំង​នៅក្នុង​ប្រទេស​អូស្ត្រាលី និង ជប៉ុន ហើយ​នៅ​កន្លែង​ផ្សេងៗ​ទៀត យើង​អាចធ្វើ​ឲ្យ​ប្រទេស​ចិន នៅ​ឯកោ​យ៉ាង​លឿន​បំផុត​។ ប្រសិនបើ​ចិន​មិនអាច​នាំចេញ​បាន ពួកគេ​ចាប់ផ្តើម​ខូចខាត​ផលប្រយោជន៍ ហើយ​ទីក្រុង​នានា​របស់​ចិន នឹង​ចាប់ផ្តើម​អត់​ការងារ​ធ្វើ​។ ប្រសិនបើ​ចិន​មិនអាច​នាំចេញ​បាន ពួកគេ​ចាប់ផ្តើម ប្រឈមមុខ​នឹង​គ្រោះ​អត់ឃ្លាន​។ ដូច្នេះ ជនជាតិ​ចិន មិនចាំបាច់ ស្ថិតក្នុង​ជំហរ​ដ៏​រឹងមាំ សម្រាប់​ការព្យាយាម​សម្លុត និង គំរាមកំហែង​ដល់​យើង​នោះទេ ហើយ​ខ្ញុំ​គិតថា យើង​ត្រូវតែទទួលស្គាល់​រឿងនេះ​»​។​


​អតីត​ប្រធានសភា​សហរដ្ឋអាមេរិក រូបនេះ បាន​បន្ថែមថា ប្រសិនបើ​សហរដ្ឋអាមេរិក យល់ព្រម​បន្ទន់ឥរិយាបថ តាម​ការគំរាមកំហែង​របស់​ចិន គឺ​ក្រុង​ប៉េកាំង នឹង​បង្កើន​នូវ​មហិច្ឆតា​របស់ខ្លួន នៅក្នុង​ការវាយលុក ចូលកាន់​កាប់​កោះ​តៃវ៉ាន់ បន្ថែមទៀត​។​

​លោក Gingrich បាន​សង្កត់ធ្ងន់​ទៀតថា «​ដំណើរ​ទស្សនកិច្ច​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ខណៈ​អ្នក​កំពុងតែ​ដោះស្រាយ​ជាមួយ​របប​ផ្តាច់ការ ដើម្បី​ក្រោកឈរឡើង​ជាមួយ​ពួកគេ ហើយ​ធ្វើឱ្យ​ពួកគេ​ដឹងថា ការពិត គឺ​វា​មាន​ដែន​កំណត់ ចំពោះ​អ្វីដែល​ពួកគេ​អាច​សម្រេចបាន​។ ប្រសិនបើ​ចិន​អាច​បំពាន​បាន មកលើ​សហរដ្ឋអាមេរិក នាពេលនេះ ក្រុង​ប៉េកាំង កាន់​តែមាន​មហិច្ឆតា​ខ្លាំង​ឡើង ដោយ​ព្យាយាម​កាន់កាប់​កោះ​តៃវ៉ាន់ តែម្ដង​៕​