បារាំង និងអាល្លឺម៉ង់ប្រឆាំងនឹង​ការហាមឃាត់​ជនជាតិ​រុស្ស៊ីចូល​មកលើ​ទឹកដី​អឺរ៉ុប​

ព័ត៌មានអន្តរជាតិ
0
215
ទីក្រុង​ប្រ៊ុ​ស​សែ​លស៍ (Brussels)៖ ដោយសា​តែ​សង្គ្រាម​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ឈានដល់​ខែ​ទី​៧ ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​កំពុងតែបន្ដ ឥត​ស្រាកស្រាន្ដ​នោះ មាន​ប្រទេស​ជាច្រើន នៅក្នុង​សហភាព​អឺរ៉ុប កំពុងតែ​ជំរុញ​ឲ្យ​មាន​ការដាក់​បម្រាម​ទិដ្ឋាការ លើ​ជនជាតិ​រុស្ស៊ី​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣០ ខែសីហា ថា លោក ចូសេប ប័​រ​រ៉ែ​ល (Josep Borrell) ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប បានបញ្ជាក់ ថា រដ្ឋមន្ត្រីការបរទេស​របស់​សហភាព​អឺរ៉ុប ទំនងជា​មិនបាន​គាំទ្រ​ជា​ឯកច្ឆន្ទ ចំពោះ​ការដាក់​បម្រាម​លើ​ទិដ្ឋាការ សម្រាប់​ប្រជាជន​រុស្ស៊ី​ទាំងអស់ ខណៈ​ប្រមុខ​ការទូត នៃ​ប្រទេស​ជា​សមាជិក នឹង​ជួបគ្នា​នៅ​ចុង​សប្តាហ៍​នេះ​។​


​អាល្លឺម៉ង់ និង បារាំង ជា​ប្រទេស​ដ៏​ធំ និង ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​បំផុត នៅក្នុង​សហភាព​អឺរ៉ុប បានរួម​គ្នា ប្រឆាំងនឹង​ការទាមទារ ដែល​កំពុងតែ​កើនឡើង ដើម្បី​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ពង្រីក​នូវ​ការហាមឃាត់​ទិដ្ឋាការ​លើ​អ្នកទេសចរ​ជនជាតិ​រុស្ស៊ី​។​

​អាល្លឺម៉ង់ និង បារាំង ជឿថា សកម្មភាព​រ៉ាឌីកាល់​បែបនេះ នឹង​ធ្វើឱ្យ​ប្រជាជន​រុស្ស៊ី ទាំងមូល នៅ​ដាច់​ឆ្ងាយ ពី​ប្រទេស​លោកខាងលិច រួមទាំង​អ្នក​ដែល​នៅតែ​ប្រកាន់​ភ្ជាប់​នូវ​ទំនាក់ទំនង​ជាមួយនឹង​បណ្ដា​ប្រទេស​បស្ចិម​លោក ថែម​ទៀតផង​។​

​រដ្ឋាភិបាល​ក្រុង​ប៊ែ​រ​ឡាំង និង ក្រុងប៉ារីស បាន​សរសេរ នៅក្នុង​ឯកសារ​មួយ ហើយ​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន ដោយ​បង្ហាញថា «​ស្របពេល​ការយល់ឃើញ អំពី​កង្វល់​របស់​រដ្ឋ ជា​សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន នៅក្នុង​បរិបទ​នេះ យើង​មិនគួរ​មើលស្រាល​ដល់​អំណាច​ផ្លាស់ប្តូរ សម្រាប់​ការឆ្លងកាត់​ជីវិត នៅក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នោះឡើយ ជាពិសេស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ចំណែក​គោលនយោបាយ​ទិដ្ឋាការ​របស់​យើង គួរតែ​ឆ្លុះបញ្ចាំង អំពី​រឿងនេះ ហើយ​បន្ត​អនុញ្ញាត​ឱ្យមាន​ទំនាក់ទំនង​គ្នា រវាង​ប្រជាជន និង​ប្រជាជន នៅក្នុង​សហភាព​អឺរ៉ុប ជាមួយនឹង​ជនជាតិ​រុស្ស៊ី ដែល​មិនមាន​ទំនាក់ទំនង​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​»​។​


​រហូតមកដល់​ពេលនេះ បណ្ដា​ប្រទេស ជា​សមាជិក​សហភាព​អឺរ៉ុប ជាច្រើន កំពុងតែ​បង្កើន​នូវ​ការគាំទ្រ ជំរុញ​ឲ្យ​ប្លុក​សេរី​មួយ​នេះ ដាក់​បម្រាម​ទិដ្ឋាការ លើ​អ្នកទេសចរ​រុស្ស៊ី​។ ហើយ​ប្រទេស​ទាំងនោះ រួមមាន ហ្វាំ​ឡង់​ដ៍ ដា​ណឺ​ម៉ាក ប៉ូឡូញ និង ប្រទេស​ចំនួន​៣​ទៀត ដែល​ធ្លាប់ជា​រដ្ឋ​ចំណុះ​ឲ្យ​សហភាពសូវៀត មានដូចជា អេ​ស្ដូ​នី ឡា​ត​វី និង លី​ទុយ​អា​នី ក៏បាន​លើកឡើង អំពី​ទឡ្ហីករណ៍​របស់​ពួកគេ ថា ការឈ្លានពាន ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន សម​ល្ម​នឹង​ផ្អាក​ទេសចរណ៍​របស់​ជនជាតិ​រុស្ស៊ី មកលើ​ទឹកដី​របស់​ពួកគេ​។ ស្របគ្នា​នេះដែរ ប្រទេស​ហូឡង់ដ៍ កាលពី​ថ្ងៃ​អង្គារ ក៏បាន​បញ្ចេញ​នូវ​សំឡេងគាំទ្រ ដល់​សកម្មភាព​របស់​បណ្ដា​ប្រទេស ជា​សមាជិក​សហភាព​អឺរ៉ុប ទាំងនេះ ផងដែរ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បាន​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​បស្ចិម​លោក​ទាំងអស់ គួរតែ​ដាក់​បម្រាម​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​រុស្ស៊ី​ទាំងអស់ មកកាន់​ប្រទេស​លោកខាងលិច​។​



ទន្ទឹមគ្នា​នេះដែរ​រដ្ឋាភិបាល​ព័រ​ទុយ​ហ្គា​ល់ បាន​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​រប​ស់​សហភាព​អឺរ៉ុប ប្រឆាំងនឹង​វិមាន​ក្រឹម​ឡាំង គួរតែ​ដាក់ទណ្ឌកម្ម ទៅលើ​តែ​ក្បាលម៉ាស៊ីន​បង្កើត​សង្គ្រាម​របស់​រុស្ស៊ី​។ ប៉ុន្ដែ​ទណ្ឌកម្ម​របស់​ប្លុក​សេរី​មួយ​នេះ មិនត្រូវ​ផ្ដោតទៅលើ​ប្រជាជន​រុស្ស៊ី ធម្មតា​នោះឡើយ ហើយ​ទស្សនៈ​មួយ​នេះ ក៏​ទទួលបាន​ការគាំទ្រ ពី​អេ​ស្ប៉ា​ញ ផងដែរ​៕​