អ៊ុយ​.​ក្រែ​ន បញ្ជូនទាហាន​រងរបួស​តាម​ដ្រូ​ន ចេញពី​សមរ​.​ភូមិ​ប្រ​.​យុទ្ធ​

ព័ត៌មានអន្តរជាតិ
0
7



​រដ្ឋធានី​កៀវ​៖ ស្របពេល​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន កំពុងតែ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ ប្រឆាំងនឹង​កម្លាំង​ទាហាន​រុស្ស៊ី ដើម្បី​រំដោះទឹកដី ចេញពី​ការគ្រប់គ្រង​របស់​ក្រុង​មូ​ស្គូ​នោះ ឥឡូវនេះ ក៏មាន​សេចក្ដីរាយការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ គឺ​រដ្ឋាភិបាល​ក្រុង​កៀវ បាន​ជម្លៀស​ទាហាន​រងរបួស​របស់ខ្លួន តាម​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ចេញពី​សមរភូមិ​ប្រយុទ្ធ​។

​សារព័ត៌មាន Insider បានចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​៨ ខែសីហា ថា បើតាម​សារព័ត៌មាន The Economist បាន​រាយការណ៍ ថា អ៊ុយ​ក្រែ​ន កំពុងតែ​ប្រើប្រាស់​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន​ដឹកជញ្ជូន បញ្ជូន​កងទ័ពរ​ងរ​បួស ចេញពី​សមរភូមិ​។ ដ្រូ​ន​ទាំងនោះ អាច​ផ្ទុក​ទម្ងន់ រហូតដល់​ប្រហែល​ជាង​១៨០​គីឡូក្រាម ហើយ​វា​អាច​ហោះហើរ នៅក្នុង​ចម្ងាយ​ផ្លូវ ប្រហែល ជាង​៦៩​គី​ឡ​ម៉ែត្រ​។​

ពាណិជ្ជកម្ម

​សារព័ត៌មាន The Economist បាន​រាយការណ៍​បន្ដ ថា រដ្ឋាភិបាល​ក្រុង​កៀវ បាន​ជម្លៀស​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដែល​រងរបួស នៅក្នុង​ប្រយុទ្ធ​គ្នា ជាមួយនឹង​កម្លាំង​ទាហាន​រុស្ស៊ី តាម​ដ្រូ​ន​។ សកម្មភាព​បែបនេះ គឺជា​អ្វីដែល​បានកើត​ឡើងជា​លើកដំបូង នៅលើ​សមរភូមិ នៃ​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​។​

​បច្ចុប្បន្ន អ៊ុយ​ក្រែ​ន កំពុងតែ​ដាក់ពង្រាយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន​ធំៗ អាច​ផ្ទុក​ទម្ងន់ រហូតដល់​ជាង​១៨០​គីឡូក្រាម ហើយ​វា​អាច​ហោះ​ហោះ នៅក្នុង​ចម្ងាយ ប្រហែល​ជាង​៦៩​គីឡូម៉ែត្រ​។ ប៉ុន្ដែ​គេ​មិនដឹង​ច្បាស់ ថា​តើ​អ៊ុយ​ក្រែ​ន បាន​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​ប្រភេទ​នេះ​ចំនួន​ប៉ុន្មាន​ដង​រួចមកហើយ សម្រាប់​ការដឹកជញ្ជូន​ទាហាន​រងរបួស​។ រីឯ​តួលេខ​ជនរងគ្រោះ កំពុងតែ​កើនឡើង​ជា​លំដាប់ នៅក្នុង​អំឡុងពេល​កើតមាន​ជម្លោះ រវាង​ប្រទេស​ទាំង​២​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍ ថា បើតាម​ឯកសារ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​ប៉ាន់ប្រមាណ កាលពី​ខែមេសា ថា អ៊ុយ​ក្រែ​ន មាន​កងទ័ព​រងរបួស រហូតដល់ ១១៣ ៥០០​នាក់ ខណៈ​រុស្ស៊ី មាន​ទាហាន​រងរបួស ចំនួន ១៨០ ០០០​នាក់ គិត​ចាប់តាំងពី​ក្រុង​មូ​ស្គូ បាន​បើក​ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក​។​

​បើទោះជា​យ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍​ទាំងនេះ នៅ​មិនទាន់មាន​តួលេខ​ផ្ទៀងផ្ទាត់​ថា មាន​ទាហាន​អ៊ុយ​ក្រែ​ន ឬ​រុស្សី ប៉ុន្មាន​នាក់​បាន​រងរបួស ឬ ស្លាប់ នៅក្នុង​ការប្រយុទ្ធ​គ្នា​នោះដែរ ព្រោះ​ប្រទេស​ទាំងពីរ មិនបាន​ផ្តល់​តួលេខ​លម្អិត អំពី​កងទ័ព​របស់​ពួកគេ​នោះឡើយ​។​

​អ៊ុយ​ក្រែ​ន បាន​ព្យាបាល​កងទ័ព​របស់ខ្លួន រងរបួស ជាមួយនឹង​ក្រុមគ្រូពេទ្យ​នៅ​ជួរមុខ នា​ភាគ​ខាងលិច​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​នៅ​ឆ្ងាយ​ពី​សមរភូមិ ហើយ​ទាហាន​ខ្លះទៀត ត្រូវ​ដឹក​តាម​រថភ្លើង បញ្ជូនទៅ​ព្យាបាល នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត នៅ​តំបន់​អឺរ៉ុប​។​

​ជាមួយគ្នានេះដែរ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ច​ក្រ​ភព​អង់គ្លេស បានបញ្ជាក់ នៅក្នុង​ខែកក្កដា ថា ទាហាន​រុស្ស៊ី រងគ្រោះថ្នាក់ អាច​ស្លាប់​កើនឡើង ដល់​៥០​ភាគរយ ដោយសារតែ​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ដ្រ​មិនបាន​ល្អ​។ ស្របគ្នា​នេះដែរ ទាហាន​រុស្ស៊ី ដែល​ត្រូវបាន​ចាប់ខ្លួន ក៏បាន​រៀបរាប់ អំពី​ការ​ទុកចោល​ទាហាន​រងរបួស រហូតដល់​ស្លាប់​ផងដែរ​។​


​សេចក្ដីរាយការណ៍​នោះ បានកត់សម្គាល់​ឃើញ ថា ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន សម្រាប់​ដឹកជញ្ជូន​កងទ័ព​រងរ​បួស ក្លាយជា​ឧទាហរណ៍​មួយ អំពី​របៀប​ដែល​អ៊ុយ​ក្រែ​ន កំពុងតែ​បង្រៀន​មេរៀន អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ តាមរបៀប​ថ្មី អាច​ផ្តល់​ផលប្រយោជន៍ ដល់​កងទ័ព សម្រាប់​ប្រទេស​ដទៃទៀត​។ បន្ថែម​ពីលើ​នេះ អ៊ុយ​ក្រែ​ន ក៏​អាច​កែច្នៃ​បង្កើត​អាវុធ​របស់ខ្លួន សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ទាហាន​រុស្ស៊ី ហើយ​សង្គ្រាម​នេះ ក៏​កំពុងតែ​ប្រើប្រាស់​នូវ​ការសាកល្បង​អាវុធ​ទំនើបៗ​មួយចំនួន ជា​ទ្រង់ទ្រាយ​ធំ​លើកដំបូង ផងដែរ​។​


​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន និង ក្រុម​អ្នកជំនាញ​ខាង​ឧស្សាហកម្ម បាន​ប្រាប់​ដល់​កាសែត Financial Times កាលពី​ខែ​មុន ថា ពួកគេ​កំពុងតែ​ទទួលបាន​ការយល់ដឹង​ដ៏​មានតម្លៃ សម្រាប់​ប្រទេស​ណា​តូ តាមរយៈ​ការប្រើប្រាស់​អាវុធ​ទំនើបៗ​មួយចំនួន នៅលើ​សមរភូមិ​។​

The Economist បាន​រាយការណ៍​ថា សហរដ្ឋអាមេរិក ក៏បាន​ផ្តល់ជំនួយ ជួយ​អ៊ុយ​ក្រែ​ន បង្កើត​ការចុះឈ្មោះ​អ្នករបួស ដែលជា​មូលដ្ឋាន​ទិន្នន័យ អំពី​របៀប​ដែល​ទាហាន​ត្រូវបាន​រងរបួស ការព្យាបាល និង ជោគវាសនា​របស់​ពួកគេ ហើយនឹង​ក្លាយជា​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍ សម្រាប់​អ៊ុយ​ក្រែ​ន សម្ពន្ធមិត្ត និង ផ្ដល់​ឱសថ​យ៉ាង​ទូលំទូលាយ ដោយមាន​បញ្ហា​មួយចំនួន ស្រដៀង​គ្នា​នឹង​ធ្លាប់​បានធ្វើ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង អ៊ីរ៉ាក់ រួចមកហើយ​ដែរ​៕​