ចិន​បន្ដធ្វើ​សមយុទ្ធ​យោ.ធាប្រឆាំ.ងនឹង​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី​

ព័ត៌មានអន្តរជាតិ
0
148
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល​កំពូល​អ្នកនយោបាយ​របស់​សហរដ្ឋអាមេរិក បាន​ចាក​ចេញពី​កោះ​តៃវ៉ាន់ បន្ដដំណើរ​ទៅកាន​កូរ៉េខាងត្បូង​នោះ ចិន​នៅ​បន្ដ​ខឹងសម្បា​យ៉ាងខ្លាំង​ដល់​ដំណើរ​ស្សន​កិច្ច​នេះ ហើយ​ប្រកាស​ធ្វើ​សមុទ្រ​បន្ដទៀត ប៉ុន្ដែ​ត្រូវបាន​មន្ដ្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក ព្រមាន​។​

​សារព័ត៌មាន និង​ទស្សនាវដ្ដី​ប្រចាំ​សប្ដាហ៍​របស់​សហរដ្ឋអាមេរិក Barron’s បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​៣ ខែសីហា ថា មន្ត្រីជាន់ខ្ពស់​អាមេរិក​មួយរូប កាលពី​ថ្ងៃ​ពុធ ទី​៣ ខែសីហា បាន​ហៅ​ការធ្វើ​សមយុទ្ធ​យោធា​របស់​ប្រទេស​ចិន ជាការ​ឆ្លើយតប​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ទៅកាន់​កោះ​តៃវ៉ាន់ ដោយ​មិន​ទទួលខុសត្រូវ និង បាន​ព្រមាន អំពី​គ្រោះថ្នាក់ នៃ​ស្ថានការណ៍​ដែល​កំពុង​រីក​រាលដាល​ឡើង​។​


​លោក ចេក ស៊ុ​ល​លី​វ៉ាន់ (Jake Sullivan) ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​សាធារណៈ​របស់​ជាតិ​ថា «​យើង​ជឿថា អ្វីដែល​ចិន​កំពុងតែ​ធ្វើ នៅទីនេះ គឺជា​ការមិន​ទទួលខុសត្រូវ​»​។​

​ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ពុធ បាន​ត្រៀមខ្លួន សម្រាប់​សមយុទ្ធ​យោធា​ឡោមព័ទ្ធ​តៃវ៉ាន់ នៅក្នុង​ការសង​សឹក ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក Pelosi ទៅកាន់​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាមបែប​លទ្ធិប្រជាធិបតេយ្យ ដែល​ចិន​ចាត់ទុក ជា​ផ្នែក​មួយ នៃ​ទឹកដី​របស់ខ្លួន​។​

លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ពុធ បាន​ចាក​ចេញពី​តៃវ៉ាន់ ក្រោយពេល​លោកស្រី បានមក​បំពេញ​ទស្សនកិច្ច រយៈពេល​ខ្លី នៅលើ​ដែន​កោះ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុកជា​អាណាខេត្ត​របស់​ចិន​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី មកកាន់​ដែន​កោះ​មួយ​នេះ បានធ្វើ​ឲ្យ​ក្រុង​ប៉េកាំង ខឹងសម្បា​យ៉ាងខ្លាំង​។​


​ជាការ​ឆ្លើយតប​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​កំពូល​អ្នកនយោបាយរ​បស់​សហរដ្ឋ​អាម​រិ​ក នោះ ចិន បានប្រកាស អំពី​ការធ្វើ​សមយុទ្ធ​យោធា ដ៏​មាន​សារៈសំខាន់ និង ចាំបាច់ រយៈពេល​៥​ថ្ងៃ ដោយ​នឹង​ចាប់ផ្ដើម ពីថ្ងៃ​ព្រហស្បតិ៍ នេះ បន្ដទៅទៀត​។​

​ដោយឡែក រដ្ឋាភិបាល​តៃវ៉ាន់ បាន​អះអាងថា យន្ដហោះ​ចម្បាំង​របស់​ចិន ចំនួន​២៧​គ្រឿង បាន​ហោះ ចូលមកក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន រួចជាស្រេច​ទៅហើយ​។ ចំណែក​ក្រសួងការពារជាតិ​តៃវ៉ាន់ កាលពី​ថ្ងៃ​ពុធ បាន​បញ្ជាក់ថា យន្ដហោះ​ចម្បាំង​របស់ខ្លួន បាន​ហោះហើរ តាមដាន​សកម្មភាពរ​យោធា​ចិន​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​បន្ថែមថា យន្តហោះ មិន​ស្គាល់​ប្រភេទ ប្រហែល ជា​យន្តហោះ​គ្មាន​មនុស្ស​បើកបរ បាន​ហោះ ពីលើ​កោះ​គិ​ន​ម៉ែន ( Kinmen) ដែល​នៅ​ឆ្ងាយ​។ តៃវ៉ាន់ បាន​អះអាងថា យោធា​បាន​បាញ់​ភ្លើង ចេញពី​យន្តហោះ​ជាការ​ព្រមាន និង រក្សា​នូវ​ការប្រុងប្រយ័ត្ន​។​


​ដោយឡែក ចិន បាន​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​យោធា​នេះ នឹង​កើតឡើង នៅក្នុង​ដែនទឹក​ដ៏​មមាញឹក​បំផុត​របស់​ពិភពលោក ហើយនឹង​រាប់បញ្ចូល ទាំង​ការបាញ់​គ្រាប់​ពិត ចម្ងាយ​ឆ្ងាយ​ថែម​ទៀតផង​។​

​តៃវ៉ាន់ បានស្នើ​ឱ្យ​នាវា​នានា ស្វែងរក​ផ្លូវទឹក​ផ្សេង​ជំនួស សម្រាប់​ការចៀស ចេញពី​កន្លែង​ធ្វើ​សមយុទ្ធ​របស់​ចិន​។ ជាមួយគ្នានេះដែរ ក្រុង​តៃប៉ិ កំពុងតែ​ចរចា​ជាមួយ​ប្រទេសជិតខាង រួមមាន ជប៉ុន និង ហ្វីលីពីន ដើម្បី​ស្វែងរក​ផ្លូវអាកាស​ចរណ៍​ជំនួស​វិញ​។​

​លោកស្រី សៃ អ៊ីង​វ៉ិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ បាន​បញ្ជាក់ថា «​ដែន​កោះ​មួយ​នេះ កំពុងតែ​ប្រឈមមុខ​នឹង​ការគំរាមកំហែង ដោយ​ចេតនា​ផ្នែក​យោធា​»​។​

​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​រក្សា​នូវ​ស្ងាប់​ស្ងាត់​នោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ប្រទេស G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង សហរដ្ឋអាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ដោយ​អះអាងថា ការបង្កើន​នូវ​សកម្មភាព​យោធា​របស់​ចិន បាន​ប្រថុយ​នឹង​អស្ថិរភាព នៅក្នុង​តំបន់​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​នោះ ក៏បាន​បញ្ជាក់ទៀតថា «​មិនមាន​ហេតុផល​ត្រឹមត្រូវ​ណាមួយ នៅក្នុង​ការប្រើ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប្រធានសភា​របស់​សហ​រដ្ឋ​អាមេរិក ធ្វើជា​លេស សម្រាប់​សកម្មភាព​យោធា​ឈ្លានពាន នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​នេះឡើយ​។ វា​ជា​រឿង​ធម្មតា និង​ជា​ទម្លាប់ សម្រាប់​សមាជិកសភា មកពី​បណ្ដា​ប្រទេស​របស់​យើង នៅក្នុង​ការធ្វើដំណើរ ជា​លក្ខណៈ​អន្តរជាតិ​»​។​


​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ជា​អ្នកនយោបាយ​ជាន់ខ្ពស់​បំផុត​របស់​ស​ហ​រដ្ឋ​អាមេរិក បានធ្វើ​ដំណើរ ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង នៅ​តៃវ៉ាន់ នៅក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​។ នេះ​ជា​ផ្នែក​មួយ នៃ​ដំណើរ​ទស្សនកិច្ច​របស់​មន្ដ្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក មកកាន់​តំបន់​អាស៊ី​។ ចិន​បាន​ព្រមាន​ដល់​លោកស្រី មិន​ឲ្យ​ធ្វើដំណើរ មកកាន់​ដែន​កោះ​មួយ​នេះ ដោយសារតែ​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក ជា​ដែនដី​របស់ខ្លួន​។​

​ជាមួយនឹង​ការចោទប្រកាន់​ដល់​សហរដ្ឋអាមេរិក អំពី​«​ការរំលោភបំពាន លើ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន ក្រោមរូបភាព​លទ្ធិប្រជាធិបតេយ្យ​នោះ លោក វ៉ាង យី (Wand Yi) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចិន បាន​បញ្ជាក់ថា «​អ្នកលេង​ភ្លើង នឹងមិន​ទទួលបាន​លទ្ធផល​ល្អ​នោះទេ ហើយ​អ្នក​ប្រមាថ​ចិន ក៏​នឹងត្រូវ​ទទួល​នូវ​ទណ្ឌកម្ម ជាក់​ជាមិនខាន​ដែរ​»​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រោយ​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី Pelosi បាន​បញ្ជាក់ថា ចិន​មិនអាច «​រារាំង​ដល់​មេដឹកនាំ​ពិភពលោក ឬ​អ្នកណាម្នាក់ មិន​ឲ្យ​ធ្វើដំណើរ មកកាន់​កោះ​តៃវ៉ាន់ ព្រោះតែ​ការគោរព​លទ្ធិប្រជាធិបតេយ្យ ដែល​កំពុងតែ​រីកចម្រើន សម្រាប់​ការបង្ហាញ ពី​ជោគជ័យ និង​ការបញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង នៅក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​នេះឡើយ​»​។​

​ក្រោយពេល​ការចាកចេញ​ពី​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​ពុធ ទី​៣ ខែសីហា នោះ លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី បានធ្វើ​ដំណើរ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ជួប​ជាមួយនឹង​សម​ភាគី នៃ​ប្រទេស គឺ​លោក គីម ជិន​ផ្យូ (Kim Jin-pyo) ។ មេដឹកនាំ​សភា​ទាំង​២ ប្រទេស​នេះ ត្រូវគេ​រំពឹងថា នឹង​ពិភាក្សាគ្នា អំពី​បញ្ហា​សន្ដិសុខ​ក្នុង​តំបន់ កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច និង បញ្ហា​បម្រែបម្រួល​អាកាសធាតុ​៕​