សហរដ្ឋអាមេរិក បោះឆ្នោត​ដ៏​ច្រើន​លើសលុប គាំទ្រ​ហ្វាំ​ង​ឡង់​ដ៍ និង​ស៊ុយអែត ចូល​ណា​តូ​

ព័ត៌មានអន្តរជាតិ
0
116
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយ​ការ​ការផ្ទុះ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ នោះមក ធ្វើ​ឲ្យ​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត ងាយ​ចេញពី​គោលនយោបាយ​នូវ​អព្យាក្រឹតភាព​របស់ខ្លួន ដែល​ប្រកាន់ខ្ជាប់ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក​នោះ​ចោល ងាក​មកសុំ​ចូលរួមរ​ស់​ជាមួយ​អង្គការ​ណា​តូ ហើយ​នៅពេល​នេះដែរ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ក៏បាន​បើកផ្លូវ​ដល់​ប្រទេស​អឺរ៉ុប​ខាងជើង​ទាំង​២​នេះ ចូលរួម​ជាមួយ​អង្គកា​រ​យោធា​ដ៏​មាន​ឥទ្ធិពល​បំផុត នៅលើ​ពិភពលោក​មួយ​នេះ​។​


​សារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែសីហា ថា សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ បាន​បោះឆ្នោត​អនុម័ត​ដ៏​ច្រើន​លើសលុប​បំផុត មិន​ធ្លាប់មាន គាំទ្រ​ដល់​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាន់ ណា​តូ (NATO តាម​ភាសា​អង់គ្លេស និង OTAN តាម​ភាសា​បារាំង​)​។ ការបោះឆ្នោត នៅក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នោះ ទទួលបាន​សំឡេងគាំទ្រ ចំនួន​៩៥ ទល់នឹង​១​សំឡេង​ជំទាស់​។ នេះ​ជាការ​គាំទ្រ​ផ្ដល់​សច្ចាប័ន​លើ​ឯកសារ​ចូល​ជា​សមាជិក​ណា​តូ សម្រាប់​ប្រទេស​ទាំង​២​។ សំឡេងគាំទ្រ​នេះ គឺ​លើសពី​សំឡេងគាំទ្រ ២​ភាគ​៣ ឬ​ស្មើនឹង ៦៧​សំឡេង ដែល​ត្រូវការ​ជា​ចាំបាច់ នៅក្នុង​អនុម័ត​ឯកសារ​នេះ​។​


​ជាមួយគ្នានេះដែរ លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក ក៏បាន​បង្ហាញ​ការគាំទ្រ លើ​ការបោះឆ្នោត​នេះ​ផងដែរ​។ លោក ប្រធានាធិបតី បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា «​ការបោះឆ្នោត ជា​ប្រវត្តិសាស្ត្រ ក៏​ជា​ការបញ្ជូនសារ​យ៉ាងសំខាន់​មួយ សម្រាប់​ការប្ដេជ្ញាចិត្ត ឥត​ងាករេ មកពី​គណបក្ស​ទាំង​២​របស់​សហរដ្ឋអាមេរិក ដល់​ណា​តូ និង​ការធានា​របស់​យើង សម្រាប់​សម្ពន្ធមិត្ត​រប​ស់​យើង នៅក្នុង​ការត្រៀម​លក្ខណៈ ប្រឈមមុខ​នឹង​បញ្ហា​ទាំងឡាយ ទាំង​នៅក្នុងពេល​បច្ចុប្បន្ន និង ទៅ​ថ្ងៃ​ខាងមុខ​»​។​


​ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត បានដាក់​ពាក្យ សុំចូល​សមាជិក​របស់​អង្គការ​ណា​តូ កាលពី​ខែឧសភា ដោយសារ​ការព្រួយបារម្ភ អំពី​បញ្ហា​សន្តិសុខ​របស់​ប្រទេសជាតិ ក្រោយពេល​រុ​ស្ស៉ី​បាន​ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប្រទេស​ទាំង​២ អាច​ចូល​ជា​សមាជិក​របស់​អង្គការ​យោធា​កំពូល​របស់​ពិភពលោក​នេះ​បាន ត្រូវតែ​ទទួលបាន​ការធ្វើ​សច្ចាប័ន ពីស​ភា នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់ លើ​ឯកសារ​សុំ​សូម​ជ សមាជិក​។ ការផ្ដល់​សច្ចាប័ន​នេះ អាច​នឹង​ចំណាយពេល​យ៉ាងហោច ក៏​រយៈពេល​១​ឆ្នាំ​ផងដែរ​៕​