សហរដ្ឋអាមេរិក តាមដាន​សមយុ.ទ្ធ​យោធា​ចិន ព្រោះ​ពាក់ព័ន្ធ​នឹង​សម្ពន្ធមិត្ត​របស់ខ្លួន​

ព័ត៌មានអន្តរជាតិ
0
119
រដ្ឋធានី​វ៉ាស៊ីនតោន​៖ មន្ដ្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក បាន​អះអាងថា ខ្លួន កំពុងតែ​តាមដាន​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​បំផុត លើ​សកម្មភាព​ធ្វើ​សមយុទ្ធ​យោធា​របស់​ចិន នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ខណៈ​កំពុងតែ​ឡើងក​ម្ដៅ ក្រោយ​ប្រធានសភា លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី ទៅកាន់​ទីក្រុង​តៃប៉ិ​។​

​សារព័ត៌មាន The Guardian បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា លោក ច​ន ឃើ​រ​ប៊ី (John Kirby) អ្នកសម្របសម្រួល​ទំនាក់ទំនង​យុទ្ធសាស្ដ្រ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត លើ​សកម្មភាព​សមយុទ្ធ​យោធា​របស់​ចិន នៅ​ជិត​ប្រទេស​ជប៉ុន​។​


​លោក ច​ន ឃើ​រ​ប៊ី (John Kirby) បានបញ្ជាក់ នៅក្នុង​បទសម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍ MSNBC កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា «​យើង​កំពុងតែ​តាមដាន​រឿងនេះ​យ៉ាង​ដិតដល់ ព្រោះ​វា​កំពុងតែ​កើតឡើង មិន​ត្រឹមតែ​ទាក់ទង​នឹង​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ទាក់ទង​នឹង​ប្រជាជន​តៃវ៉ាន់ ហើយ​សម្ព័ន្ធមិត្ត​របស់​យើង នៅក្នុង​តំបន់ ជាពិសេស ប្រទេស​ជប៉ុន ថែម​ទៀតផង​។​

​សហរដ្ឋអាមេរិក និង ជប៉ុន កាលពី​ថ្ងៃ​សុក្រ បាន​ប្ដេជ្ញាចិត្ត​កៀក​ស្មា​គ្នា​ការពារ​សន្ដិសុខ និង ស្ថិរភាព នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ខណៈ​ចិន​កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ពីមុនមក ដោយមាន​ទាំង​បាញ់​មី​ស៊ី​ល ចំនួន​៥​គ្រាប់ ធ្លាក់ចូល​ទៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ជប៉ុន ថែម​ទៀតផង​។​

​ក្រុង​តូ​ក្យូ និង វ៉ាស៊ីនតោន បាន​ចុះ​កិច្ចព្រមព្រៀង​នេះ​ឡើង ខណៈ​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​សហរដ្ឋអាមេរិក ជួប​ជាមួយនឹង​លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ដ្រី​ជប៉ុន នៅក្នុង​វិមាន​រដ្ឋាភិបាល​។


​លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ដ្រី​ជប៉ុន បាន​សង្កត់ធ្ងន់ថា «​ខ្ញុំ​បាន​ជម្រាបជូន​ដល់​លោកស្រី ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ថា ការបាញ់​ផ្លោង​គ្រាប់​មី​ស៊ី​ល​របស់​កងទ័ព​រំដោះប្រជាជន​ចិន បាន​ធ្លាក់ នៅ​ជិត​ដែនទឹក​របស់​ជប៉ុន រួមទាំង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់ខ្លួន​ថែមទៀត​ផង​។ សកម្មភាព​យោធា​របស់​ចិន កំពុងតែ​គំរាមកំហែង​ដល់​សុវត្ថិភាព និង សន្តិសុខ​ជាតិ​របស់​យើង ហើយ​ជប៉ុន សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ជុំវិញ​សកម្មភាព​យោធា​នេះ​»​។​


​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន បាន​បន្ដថា «​យើង​បានបញ្ជាក់ អំពី​ការបន្ត​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ នៅក្នុង​ការថែរក្សា​សន្តិភាព និង ស្ថិរភាព នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ព្រោះ​វា​ជា​ផ្លូវទឹក​ដ៏​សំខាន់ សម្រាប់​ការដឹកជញ្ជូន​ទៅកាន់​ពិភពលោក​»​។​

​ក្រុង​តូ​ក្យូ និង ក្រុង​ប៉េកាំង បាន​ផ្ទុះឡើង​នូវ​ភាព​តានតឹង​ដាក់គ្នា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែសីហា ក្រោយពេល​ចិន​បាន​លុបចោល​នូវ​កិច្ចប្រជុំ រវាង​រដ្ឋមន្ត្រីក្រសួង​ការបរទេស នៃ​ប្រទេស​ទាំង​២ គ្រោង​នឹងធ្វើ​ឡើង នៅ​ខាងក្រៅ​កិច្ចប្រជុំ​អាស៊ាន​។ ការសម្រេចចិត្ត​របស់​ក្រុង​ប៉េកាំង បានកើត​ឡើង ក៏​ដោយសារតែ​ការមិន​ពេញចិត្ត​នឹង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ប្រទេស G7 ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់​៕​