ក្រុង​ប៉េកាំង​ដាក់ទណ្ឌកម្ម ប្រឆាំង​ប្រធានសភា​សហរដ្ឋអាមេរិក និង​គ្រួសារ​

ព័ត៌មានអន្តរជាតិ
0
208
រដ្ឋធានី​ប៉េកាំង​៖ ក្រុង​ប៉េកាំង ក្រៅតែពី​ការប្រកាស​ផ្អាក​កិច្ចសហប្រតិបត្ដិការ​ជាមួយនឹង​សហរដ្ឋអាមេរិក ដោយ​រួមទាំង​ការចរចា​ថ្នាក់​មេ​បញ្ជ​ការ​យោធា កម្រិត​កំពូល​ផង​នោះ ក៏បាន​ប្រកាស​ពី​ការដាក់ទណ្ឌកម្ម ប្រឆាំងនឹង​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​សហរដ្ឋអាមេរិក បន្ថែម​ទៀតផង​។​

​សារព័ត៌មាន The Times of India បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា ក្រសួងការបរទេស​ចិន បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថាក្រុង​ប៉េ​ក៉ា​ង កំពុងតែ​បញ្ឈប់​កិច្ចពិភាក្សា ស្តីពី​បញ្ហា​អាកាសធាតុ ជាមួយ​សហរដ្ឋអាមេរិក​។ ជាមួយគ្នានេះដែរ ចិន ក៏ បានប្រកាស​ដាក់ទណ្ឌកម្ម ប្រឆាំងនឹង​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក និង ក្រុមគ្រួសារ​របស់លោក​ស្រី ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​ដ៏​សាហាវ និង ការ​ញុះញង់​របស់លោក​ស្រី​។


​ការប្រកាស​របស់​ចិន ក៏​ជាការ​ប្រឆាំង​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី មកកាន់​តៃវ៉ាន់​។ ជាមួយគ្នានេះដែរ ចិន​ក៏​នឹង​ផ្អាក​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រុង​វ៉ាស៊ីនតោន លើ​ការធ្វើ​មាតុភូមិនិវត្តន៍​ជន​ចំណាកស្រុក​ខុសច្បាប់ ជំនួយ​ផ្នែក​តុលាការ និង ឧក្រិដ្ឋកម្ម​ឆ្លងដែន ក៏ដូចជា សកម្មភាព​ប្រឆាំងនឹង​គ្រឿងញៀន ផងដែរ​។​

​រហូតមកដល់​ពេលនេះ ចិន​កំពុងតែ​សម្លឹងមើល​តៃវ៉ាន់ គ្រប់គ្រង​ដោយ​ខ្លួនឯង តាមបែប​លទ្ធិប្រជាធិបតេយ្យ ដោយ​ចាត់ទុកជា​ផ្នែក​មួយ នៃ​ដែនដី​របស់ខ្លួន​។ ក្រុង​ប៉េកាំង បាន​ប្ដេជ្ញា​ថា នឹង​ប្រើប្រាស់​កម្លាំង​ទ័ព ដណ្ដើម​កាន់កាប់​ដែន​កោះ​មួយ​នេះ នៅ​ថ្ងៃ​ណាមួយ ប្រសិនបើ​ចាំបាច់​។​

​ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ជាមួយនឹង​ការគំរាមកំហែង ហើយ​ធ្វើ​សមយុទ្ធ​យោធា ឡោមព័ទ្ធ​តៃវ៉ាន់ ក្រោយ​ការបញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ។ ចិន បាន​មើលឃើញថា ការបង្កើន​ទំនាក់ទំនង រវាង​មេដឹកនាំ​ក្រុង​វ៉ាស៊ីនតោន និង មេដឹកនាំ​តៃវ៉ាន់​បច្ចុប្បន្ន ជាការ​មិនអាច​ទទួល​យកបាន​។


​ការឆ្លើយតប​ចុងក្រោយបង្អស់​របស់​ក្រុង​ប៉េកាំង ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់លោក​ស្រី Pelosi នៅក្នុង​ដំណើរ​ទស្សនកិច្ច មកកាន់​កោះ​តៃវ៉ាន់ ដែលជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់បំផុត​របស់​មន្ត្រី​សហរដ្ឋអាមេរិក នៅក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ បើទោះជា​ចិន​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត យ៉ាងណាក៏ដោយ​។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោកស្រី Pelosi ក៏បាន​កោតសរសើរ​ដ​ល់​លទ្ធិប្រជាធិបតេយ្យ ជោគជ័យ​ខាង​សេដ្ឋកិច្ច​របស់​តៃវ៉ាន់ និង កំណត់ត្រា​សិទ្ធិមនុស្ស​។ លោកស្រី ប្រធានសភា​សហរដ្ឋអាមេរិក ថែមទាំង​បាន​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃ អ៊ីង​វ៉ិ​ន ( Tsai Ing-wen) និង បានធ្វើ​សន្និសីទ​សារព័ត៌មាន រួមគ្នា​ថែមទៀត​ផង​។ សកម្មភាព​ទាំងនេះ កំពុងតែ​ធ្វើ​ឲ្យ​ចិន ផ្ទុះ​កំហឹង កាន់តែខ្លាំង​ឡើង​៕​