ប្អូនស្រី​មេដឹកនាំ​ដ៏​មានអំណាច​បំផុត នៅ​កូរ៉េខាងជើង គំរាម​កម្ទេច​កូរ៉េខាងត្បូង​

ព័ត៌មានអន្តរជាតិ
0
213
​រដ្ឋធានី​ព្យុងយ៉ាង​៖ ថ្វីបើ​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា បានប្រកាស អំពី​ជ័យជម្នះ លើ​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្ដី ប៉ុន្ដែ​ស្ដ្រី​ដ៏​មានអំណាច​បំផុត នៅក្នុង​ប្រទេស​ផ្ដាច់ការ​មួយ​នេះ បាន​ខឹងសម្បា និង ចាត់ទុក​កូរ៉េខាងត្បូង ជា​អ្នក​នាំ​វីរុស​នេះ​មក​ចម្លង ហើយ​បាន​គំរាម​កម្ទេច​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ថែម​ទៀតផង​។​

​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា លោកស្រី គីម យូ​-​ជុង (Kim Yo-jong) ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ចោទ​ប្រទេស​កូរ៉េខាងត្បូង ជា​អ្នក​បញ្ជូន​វីរុស​កូ​វីដ​-១៩ តាមរយៈ​ការបើក​ដៃ​ឱ្យ​ក្រុម​សកម្មជន​កូរ៉េខាងត្បូង បង្ហោះ​ខិតប័ណ្ណ​រិះគន់​ដល់​របប​គ្រប់គ្រង នៅក្នុង​ប្រទេស​របស់លោក​ស្រី ដើម្បី​នាំ​វីរុស​មក​ចម្លង​។​


​ស្ដ្រី​ដ៏​មានអំណាច​បំផុត នៅក្នុង​ប្រទេស​កូរ៉េខាងជើង រូបនេះ បាន​បញ្ជាក់ថា «​យើង​មិនអាច​ឱបដៃ​នៅ​ស្ងៀមស្ងាត់ ហើយ​បន្ដ​ឲ្យ​សំរាម​ហូរ​ចូល មកពី​កូរ៉េខាងត្បូង ទៀតឡើយ​។ ប្រសិនបើ​មាន​សកម្មភាព​បង្កហេតុ​បែបនេះ​នៅតែ​បន្ដ​នោះ កូរ៉េខាងជើង នឹង​កម្ទេច​កូរ៉េខាងត្បូង​។ យើង​នឹងមាន​វិធានការ​ឆ្លើយតប ដោយ​ការ​សងសឹក​យ៉ាង​សាហាវ​បំផុត​»​។​

​ដោយឡែក មន្ដ្រី​កូរ៉េខាងត្បូង បាន​ឆ្លើយតប​ទៅនឹង​ការអត្ថាធិប្បាយ​របស់លោក​ស្រី ដ៏​មានអំណាច​ខ្លាំងក្លា​របស់​កូរ៉េខាងជើង ថា ក្រុង​សេ​អ៊ូ​ល ពិតជា​មានការ​សោកស្ដាយ​យ៉ាងខ្លាំង ជុំវិញ​ការចោទប្រកាន់​របស់លោក​ស្រី ដោយបាន​ទម្លាក់កំហុស លើ​ខិតប័ណ្ណ​របស់​ក្រុម​សកម្មជន​កូរ៉េខាងត្បូង តាមរយៈ​ការ​បង្ហោះ​បា​ឡុង ចូល​កូរ៉េខាងជើង បាន​នាំ​ឲ្យ​មាន​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩៕​