ផ្ទុះ​ឆេះ​មូលដ្ឋាន​ទ័.ពអាកាស​រុស្ស៊ី ខូ.ចខា.ត​យន្ដហោះ​យោ.ធា​ជាច្រើន​គ្រឿង សង្ស័យ​អ៊ុយ​ក្រែ​ន​វា.យប្រ.ហារ​

ព័ត៌មានអន្តរជាតិ
0
270
​រដ្ឋធានី​កៀវ​៖ ក្រោយពេល​មានការ​បំផ្ទុះ​ដ៏​ខ្លាំង នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​របស់​រុស្ស៊ី នៅ​ឧបទ្វីប​គ្រី​មៀ (Crimea) កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែសីហា នោះមក ធ្វើ​ឲ្យ​គេ​មានការ​សង្ស័យ​ទៅលើ​អ៊ុយ​ក្រែ​ន​ជា​អ្នក​វាយប្រហារ ប៉ុន្ដែ​បើតាម​រូបភាព ពី​ផ្កាយរណប បង្ហាញ កាលពី​ថ្ងៃ​ពុធ គឺមាន​យន្ដហោះ​យោធា​យ៉ាងតិច ចំនួន​៩​គ្រឿង ត្រូវ​ភ្លើង​ឆេះ​អស់​។​



មូលដ្ឋាន​កងទ័ពអាកាស​សា​គី (Saky) របស់​កងទ័ពជើងទឹក​រុស្ស៊ី ស្ថិតនៅ​ជិត​ភូមិ​ណូ​វ៉ូ​ហ្វែ​ដូ​រី​វ​កា (Novofedorivka) បាន​ផ្ទុះ​ឆាបឆេះ​យ៉ាងខ្លាំង​។ នៅក្នុង​ហេតុការណ៍​នោះ ភ្លើង​បាន​ឆាបឆេះ​យន្ដហោះ​យោធា​យ៉ាងតិច ចំនួន​៩​គ្រឿង រួមមាន យន្ដហោះ​ប្រយុទ្ធ ប្រភេទ SU-30SM និង យន្ដហោះ​ទម្លាក់​គ្រាប់បែក SU-24M ជាច្រើន​គឿង​។ ចំណែក​អគារ​ជាច្រើន​ខ្នង នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស ដែលជា​ឃ្លាំង​ស្ដុក​គ្រាប់រំសេវ ក៏​ត្រូវបាន​បំផ្លាញ​អស់​ផងដែរ​។​

​ការ​បំផ្ទុះ​មាន​កម្លាំង​ខ្លាំង​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រលានយន្ដហោះ​យោធា នៅ​ឧបទ្វីប​គ្រី​មៀ គ្រប់គ្រង​ដោយ​រុស្ស៊ី​។ ប៉ុន្ដែ​ភ្លាមៗ​នោះ អ៊ុយ​ក្រែ​ន ក៏​មិនបាន​អះអាង ពី​ការទទួលខុសត្រូវ​លើ​ការ​បំផ្ទុះ​នេះឡើយ​។ ដោយឡែក អ្នកស្រុក មាន​ដាក់​ការសង្ស័យ ទៅលើ​ការអះអាង​របស់​រុស្ស៊ី ថា ការ​បំផ្ទុះ​នេះ ជា​ឧបទ្ទវហេតុ​។​

​រុស្ស៊ី បាន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​អាកាស Saky ស្ថិតនៅ​ភាគ​ខាងលិច ឧបទ្វីប​គ្រី​មៀ សម្រាប់​វាយប្រហារ តាមផ្លូវ​អាកាស ទៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ក្រុង​មូ​ស្គូ បាន​លើក​កងទ័ព ចូលលុកលុយ នៅក្នុង​ប្រទេសជិតខាង​របស់ខ្លួន​មួយ​នេះ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​។​

​ដោយឡែក ក្រុមមន្ដ្រី​អ៊ុយ​ក្រែ​ន សុំ​មិន​បង្ហាញ​អត្ដ​សញ្ញាណ បាន​ប្រាប់​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក ថា កម្លាំង​ការពារ​ទឹកដី​របស់​ពួកគេ ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​ការ​បំផ្ទុះ​នេះ ប៉ុន្ដែ​ពួកគេ មិនបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នោះឡើយ​។​


​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ច្រានចោល ពី​ការអះអាង ថា មូលដ្ឋាន​កងទ័ពអាកាស​សា​គី​របស់​កងទ័ពជើងទឹក​របស់ខ្លួន បាន​រង​នូវ​ការវាយប្រហារ​។ រុស្ស៊ី បានចាត់ទុក​ការផ្ទុះ​មាន​កម្លាំង​ខ្លាំង​នេះ មកពី​ខុស​បច្ចេកទេស​។​

​ទោះជា​យ៉ាងណា ក្រុមអ្នកវិភាគ​យោធា បាន​ហៅ​ការ​បំផ្ទុះ បំផ្លិចបំផ្លាញ​មូលដ្ឋាន​កងទ័ពអាកាស​របស់​រុស្ស៊ី នេះ ជាការ​វាយប្រហារ​ដ៏​ធំ ទៅលើ​ក្រុង​មូ​ស្គូ និង ជា​ជ័យជម្នះ​ខាង​ចិត្តសាស្ដ្រ សម្រាប់​អ៊ុយ​ក្រែ​ន​។​

​លោក ស៊ើ​ជេ អាក​ស្យូ​ណូ​វ (Sergei Aksyonov) ប្រធាន​គ្រប់គ្រង​ឧបទ្វីប​គ្រី​មៀ ដែល​តែងតាំង ដោយ​រុស្ស៊ី បានបញ្ជាក់ កាលពី​ថ្ងៃទី​៩ ខែសីហា ថា ការផ្ទុះ​មាន​កម្លាំង​ខ្លាំង​នេះ បានធ្វើ​ឲ្យ​ផ្ទះ​ជាច្រើន​ខ្នង រថយន្ដ​ជាច្រើន​គ្រឿង និង សម្ភារ​ផ្សេងៗ​ទៀត បាន​រង​នូវ​ការបំផ្លិចបំផ្លាញ​។ ចំណែក​អគារ​យ៉ាងតិច​៨០ ត្រូវ​ខូចខាត​អស់​។ ក្រៅពីនេះ ក៏មាន​មនុស្ស​ម្នាក់ បាន​បាត់​បង់ជីវិត និង ១៤​នាក់​ផ្សេងទៀត រងរបួស​។​

​ក្រុមអ្នកវិភាគ បាន​អះអាង​ទៀតថា យន្តហោះ នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស ដែល​នៅ​សេសសល់ ពី​ការផ្ទុះ​ឆេះ ប្រហែលជា​រង​ការខូចខាត​។ ប៉ុន្ដែ​ប្រសិនបើ​អ៊ុយ​ក្រែ​ន ស្ថិតនៅ​ពីក្រោយ​ការ​បំផ្ទុះ​មែន ក៏​ជាការ​វាយប្រហារ​ដ៏​ធំ ជា​លើកដំបូង​របស់​ក្រុង​កៀវ ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី នៅ​ឧបទ្វីប​គ្រី​មៀ ដែល​ក្រុង​មូ​ស្គូ បាន​រឹបអូស​យក កាលពី​ឆ្នាំ​២០១៤​។ ដោយឡែក បើតាម​រូបភាព​ពី​ផ្កាយរណប បាន​បង្ហាញថា មាន​យន្ដហោះ​យោធា ជាង​៣០​គ្រឿង ស្ថិតក្នុង​មូលដ្ឋាន​កងទ័ពអាកាស Saky កាលពី​ថ្ងៃទី​៩ ខែសីហា​៕​