សហរដ្ឋអាមេរិកបញ្ជូន​នាវា​ពិឃាដ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ បញ្ឆេះ​ចិន​ឲ្យ​ផ្ទុះ​កំហឹង​

ព័ត៌មានអន្តរជាតិ
0
152
ទីក្រុង​តៃប៉ិ​៖ ស្របពេល​ចិន​កំពុងតែ​ខឹង​នឹង​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) បានមក​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ ខែសីហា កន្លងមក មិនទាន់​ទាំង​ស្ងប់​អារម្មណ៍​ផង សម្រាប់តែ​នៅពេលនេះ ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​នាវា​ពិឃាដ បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ដទៀត ហាក់បីដូចជា កាន់តែ​ដុត​ក្រុង​ប៉េកាំង​ឲ្យ​ខឹង​កាន់តែខ្លាំង​ឡើង បន្ថែម​។​

​សារព័ត៌មាន News Beezer បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែសីហា ថា នាវាចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក ចំនួន​២​គ្រឿង បានធ្វើ​នាវាចរណ៍ ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ នៅក្នុង​ប្រតិបត្តិការ ជា​លើកដំបូង ចាប់តាំងពី​កងទ័ព​រំដោះប្រជាជន​ចិន បាន​បញ្ជូន​នាវាចម្បាំង និង យន្ដហោះ​យោធា​ដ៏​ច្រើន​លើសលប់ ទៅធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត មិន​ធ្លាប់មាន​ពីមុនមក នៅតាម​ផ្លូវទឹក ជាការ​ឆ្លើយតប​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប្រធានសភា​សហរដ្ឋអាមេរិក Nancy Pelosi មកកាន់​ទីក្រុង​តៃប៉ិ​។​


​កងទ័ពជើងទឹក​រប​ស់​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃអាទិត្យ ថា «​ការឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​របស់​នាវាចម្បាំង​សហរដ្ឋអាមេរិក ចង់បង្ហាញ អំពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន ចំពោះ​សេរីភាព និង ការបើកចំហ​ដល់​ផ្លូវទឹក នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ នាវាចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក បាន​ឆ្លងកាត់​ច្រករបៀង​មួយ នៅតាម​ច្រក​សមុទ្រ ហួស​ពី​ដែនសមុទ្រ មិន​ស្ថិតនៅលើ​ឆ្នេរ​របស់​ប្រទេស​ណាមួយ​នោះទេ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ នាវាចម្បាំង​របស់​អាមេរិក ហើយ​មានពេលខ្លះ ក៏មាន​នាវាចម្បាំង​របស់​សម្ពន្ធ​មិត្ត ដូចជា ចក្រភព​អង់គ្លេស និង កាណាដា បានធ្វើ​ដំណើរ តាម​ច្រក​សមុទ្រ​តៃវ៉ាន់ តាម​ទម្លាប់​របស់​ពួកគេ​។ ប៉ុន្ដែ​សកម្មភាព​របស់​នាវាច​ម្បាំ​ង មកពី​បណ្ដា​ប្រទេស​បស្ចិម​លោក ក៏​កំពុងតែ​បង្ក​ឲ្យ​មាននូវ​ការខឹង​សម្បា​យ៉ាងខ្លាំង ពី​ចិន ខណៈ​ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​តៃវ៉ាន់ ជា​ដែនដី​របស់ខ្លួន​។



​លើសពីនេះទៅទៀត ក្រុង​ប៉េកាំង តែងតែ​គំរាមកំហែង អំពី​ការលើក​កងទ័ព ចូលលុកលុយ ទៅលើ​កោះ​តៃវ៉ាន់ ប្រសិនបើ ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស​ពី​ឯករាជភាព កាត់ផ្ដាច់​ចេញពី​ចិន​។ ជាមួយនឹង​ការគំរាមកំហែង​នេះ ក្រុង​ប៉េកាំង តែងតែ​បញ្ជូន​យន្ដហោះ​យោធា​ជាច្រើន​ប្រភេទ និង នាវា​ច្បាំង ជាច្រើន​គ្រឿង ចូល​ទៅលើ​ដែន​អធិបតេយ្យភាព​របស់​តៃវ៉ាន់​។ ដោយសារតែ​មានការ​គំរាមកំហែង​ពី​ចិន បែបនេះ ទើប​រដ្ឋាភិបាល​ក្រុង​តៃប៉ិ បាន​បង្កើន​កញ្ចប់​ថវិកា លើ​វិស័យ​ការពារជាតិ រហូតដល់​ជាង​១៩​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣ ដើម្បី​ទិញ​គ្រឿង​សឹក យកមក​ការពារ​តៃវ៉ាន់ ទប់ទល់​នឹង​ការ​លុកលុយ​ណាមួយ ជាយថាហេតុ ពី​កងទ័ព​ចិន​។​

​មន្ដ្រី​យោធា​សហរដ្ឋអាមេរិក បាន​ប្រាក់​ដល់​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters ដោយ​សុំ​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្ដ​សញ្ញាណ ថា នាវាចម្បាំង​របស់​កង​ទ័ពជើងទឹក​សហរដ្ឋ​អាមេរិក គឺ Chancellorsville និង Antietam កំពុង​ធ្វើ​ប្រតិបត្តិការ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ប្រតិបត្តិការ​បែបនេះ ជាធម្មតា ត្រូវ​ចំណាយពេល ចន្លោះ​ពី ៨ ទៅ ១២ ម៉ោង ទើប​បញ្ចប់​នូវ​បេសកកម្ម​របស់​ពួកគេ ហើយ​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ដិតដល់ ដោយ​យោធា​ចិន​។​


​លោក ច​ន ឃើ​រ​ប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក បាន​អះអាងថា ប្រតិ​ប​ត្ដិ​ការឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​របស់​នាវាចម្បាំង​សហរដ្ឋអាមេរិក គឺ​«​ស៊ីគ្នា​ខ្លាំង​» ជាមួយនឹង​គោលនយោបាយ​«​ចិន​តែមួយ​»​របស់​ក្រុង​វ៉ាស៊ីនតោន និង ការស្វែងរក «​សេរីភាព និង ការបើកចំហ​ដល់​នាវាចរណ៍ នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​»​។​

​បញ្ជាការ​ប្រចាំ​តំបន់​បូព៌ា​របស់​កងទ័ព​ចិន បាន​បញ្ជាក់ថា ខ្លួន​កំពុងតែ​តាមដាន​សកម្មភាព​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក ហើយ​ថែមទាំង បាន​ព្រមាន​ដល់​ពួកគេ​ទៀតផង​។ ជាមួយគ្នានេះ កងទ័ព​ចិន កំពុងតែ​ស្ថិត​ក្នុងការ​ប្រុង​ជើងការ​ខ្ពស់ និង ត្រៀមខ្លួន​ជាស្រេច សម្រាប់​ទប់ស្កាត់​នូវ​សកម្មភាព​បង្កហេតុ​ណាមួយ ជាយថាហេតុ ផងដែរ​»៕​