លី​ទុយ​អា​នី ចាត់ទុក​រុស្ស៊ី ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម ចំពេល​អាមេរិក​កំពុងដំណើរការ​នីតិប្បញ្ញត្ដិ​

ព័ត៌មានអន្តរជាតិ
0
85
​រដ្ឋធានី​មូ​ស្គូ​៖ រហូតមកដល់​ពេលនេះ លី​ទុយ​អា​នី ធ្លាប់ជា​រដ្ឋ​ចំណុះ​ឲ្យ​សហភាពសូវៀត ក្លាយជា​ប្រទេស​ដំបូង​គេ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា បានដាក់​រុស្ស៊ី ជា​រដ្ឋ​គាំទ្រ​សកម្មភាព​ភេរវកម្ម ខណៈ​សហរដ្ឋអាមេរិក​កំពុងតែ​ដំណើរការ​នីតិប្បញ្ញត្ដិ​ដូចគ្នានេះដែរ ទើប​មន្ដ្រីជាន់ខ្ពស់​ក្រុង​មូ​ស្គូ បាន​ព្រមាន ពី​ការ​កាត់​ផ្ដាច់ចំណង​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​។​

​រដ្ឋសភា នៃ​ប្រទេស​លី​ទុយ​អា​នី (Lithuania) កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅ​ថ្មីៗ​នេះ បានប្រកាស​ជា​ផ្លូវការ ចាត់ទុក​រុ​ស្ស៉ី ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម ពាក់ព័ន្ធ​នឹង​វិបត្តិ​សង្គ្រាម នៅក្នុង​អ៊ុយ​ក្រែ​ន​។ ប្រទេស​ធ្លាប់ជា​រដ្ឋ​ចំណុះ​ឲ្យ​អតីត​សហភាពសូវៀត​មួយ​នេះ បាន​ចូលមក​រួមរស់​ជាមួយ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ (NATO តាម​ភាសា​អង់គ្លេស ឬ OTAN តាម​ភាសា​បារាំង​) នៅក្នុង​អំឡុង​ឆ្នាំ​២០០៤ ហើយ​ប្រទេសមួយ​នេះ​ថែមទាំង​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស ជា​សម្ពន្ធមិត្ត​របស់លោក​ខាងលិច ត្រូវ​បន្ត​ដាក់ទណ្ឌកម្ម​គ្រប់​ជ្រុងជ្រោយ ឲ្យ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត ប្រឆាំងនឹង​ក្រុង​មូ​ស្គូ​។​

​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Tass បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ថា លោក អា​ឡិច​សាន់​ដឺ ដា​ឈី​យេ​វ (Alexander Darchiyev) ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​កិច្ចការ​អាមេរិក​ខាងជើង នៃ​ក្រសួងការបរទេស​រុស្ស៊ី បាន​ប្រាប់​ដល់ Tass នៅក្នុង​បទសម្ភាសន៍​មួយ​ថា «​នៅក្នុង​បរិបទ​នេះ ខ្ញុំ​ចង់​និយាយ​អំពី​គំនិត​ផ្តួចផ្តើម​នីតិប្បញ្ញត្តិ ដែល​សហរដ្ឋ​អាម​រិ​ក កំពុងតែ​ពិភាក្សា នៅក្នុង​សភា ដើម្បី​ប្រកាស​ចាត់ទុក​រុស្ស៊ី ជា​«​ប្រទេស​ឧបត្ថម្ភ​ភេរវកម្ម​»​។​


​លោក អា​ឡិច​សាន់​ដឺ ដា​ឈី​យេ​វ (Alexander Darchiyev) បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក សម្រេច​អនុម័ត លើ​ការប្រកាស​ចាត់ទុក​រុ​ស្ស៉ី ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម មែន​នោះ នីតិប្បញ្ញត្ដិ​នេះ នឹង​មានន័យថា ក្រុង​វ៉ាស៊ីនតោន ឈាន​ជើង​ឆ្លង​ចំណុច​ក្រហម​មួយ​អាច​ត្រឡប់ក្រោយ​បាន​។ សកម្មភាព​បែបនេះ នឹងធ្វើ​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បំផុត ដល់​ចំណង​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​មហាអំណាច​ទាំង​២​នេះ​។​


​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ចំនួន​២​រូប កាលពី​ខែកក្កដា បាន​ទៅ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskiy) នៅក្នុង​រដ្ឋធានី​កៀវ​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ពួកគេ​បាន​ពិភាក្សាគ្នា អំពី​សេចក្តីព្រាងច្បាប់​មួយ ស្ដីពី​ការប្រកាស​ដាក់​រុ​ស្ស៉ី ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​។​