ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង តានតឹង​ដាក់គ្នា​បន្ថែមទៀត ចំពេល​តំណាងរាស្ដ្រ​អាមេរិក ជាន់ដី​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
170
ទីក្រុង​តៃប៉ិ​៖ ចិន​កំពុងតែ​ខឹងសម្បា​យ៉ាងខ្លាំង ប្រឆាំងនឹង​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) មកកាន់​តៃវ៉ាន់ កាលពីដើម​ខែសីហា ហើយ​ឥឡូវ​គណៈប្រតិភូ​សភា​អាមេរិក បាន​បន្ដ​ធ្វើដំណើរ មកកាន់​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួន​មួយ​នេះ និង ធ្វើ​ឲ្យ​ចំណង​ការទូត​កាន់តែ​ធ្លាក់ចុះ​យ៉ាងខ្លាំង រវាង​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង​។​

​សារព័ត៌មាន The Guardian បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា ថា គណៈប្រតិភូ​សភាតំណាងរាស្ដ្រ​របស់​សហរដ្ឋអាមេរិក​មួយក្រុម កាលពី​ថ្ងៃអាទិត្យ បាន​កោះ​តៃវ៉ាន់ ដើម្បី​បំពេញ​ទស្សនកិច្ច រយៈពេល​២​ថ្ងៃ​។ គេ​រំពឹងថា គណៈប្រតិភូ​របស់​ប្រទេស​មហាអំណាច​កំពូល​លើ​លោក នឹង​ជួបពិភាក្សា​ការងារ ជាមួយនឹង​លោកស្រី សៃ អ៊ីង​វ៉ិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់​។ ក្រុម​គណៈប្រតិភូ​កម្រិត​ខ្ពស់​ទី​២​របស់​សហរដ្ឋអាមេរិក នេះ បានមក​បំពេញ​ទស្សនកិច្ច ចំពេល​មាន​ភាព​តានតឹង​ខាង​យោធា រវាង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ និង ក្រុង​ប៉េកាំង​។​


​ក្រុង​ប៉េកាំង តែងតែ​អះអាង​តៃវ៉ាន់ ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង តាមបែប​លទ្ធិ​ប្រជា​ធិ​ប​តយ្យ ជា​ដែនដី​របស់​ចិន ហើយ​ថែមទាំង​គំរាមកំហែង ពី​ការប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​ក្រុង​តៃប៉ិ បានប្រកាស​ពី​ឯករាជភាព​របស់ខ្លួន កាត់ផ្ដាច់​ចេញពី​ចិន​។ ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​តៃវ៉ាន់​នោះ បានធ្វើ​ឲ្យ​ចិន​ខឹងសម្បា​យ៉ាងខ្លាំង​។ ជាការ​តវ៉ា​ប្រឆាំង​តប​វិញ​នោះ ក្រុង​ប៉េកាំង បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់មាន​ពីមុនមក ឡោមព័ទ្ធ​ដែន​កោះ​មួយ​នេះ រំខាន​ដល់​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ដែនសមុទ្រ និង តាមផ្លូវ​អាកាស នៅ​តំបន់​ទាំងនោះ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ ខែសីហា បានធ្វើ​ឲ្យ​ចិន​ខាង​សម្បា​យ៉ាងខ្លាំង រហូត​បង្ក​នូវ​ភាព​តានតឹង​ដាក់គ្នា រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង ក្រុង​វ៉ាស៊ីនតោន ហើយ​ក្រុមហ៊ុន​ធំៗ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ចំនួន​៥ ក៏បាន​សម្រេច​ដកខ្លួន ចេញពី​ទីផ្សារ​ភាគហ៊ុន នៅ​សហរដ្ឋអាមេរិក​។​


​សារព័ត៌មាន Alarabiya News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា ក្រុមហ៊ុន​ធំៗ​របស់​ចិន ចំនួន​៥ រួមមាន ទី​១-​ក្រុមហ៊ុន Sinopec, ទី​២-​ក្រុមហ៊ុន PetroChina, ទី​៣-​ក្រុមហ៊ុន​សាជីវកម្ម​អាលុយមីញ៉ូម​ចិន ដែល​គេ​ស្គាល់​ថា Chalco, ទី​៤-​ក្រុមហ៊ុន​ធានា​រាប់​រង China Life Insurance និង ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Sinopec មាន​មូលដ្ឋាន នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។​

​ក្រុមហ៊ុន​ធំៗ​ទាំង​៥​របស់​ចិន​នេះ កំពុងតែ​ស្ថិតនៅក្នុង​បញ្ជី ត្រូវបាន​បោះផ្សាយ ដោយ​គណៈកម្មការ​មូល​ប​ត្រ​សហរដ្ឋអាមេរិក អាច​ប្រឈម​នឹង​ការដក​ចេញពី Wall Street ប្រសិនបើ​ក្រុមហ៊ុន​ទាំងនេះ មិន​គោរព​តាម​តម្រូវការ​សវនកម្ម​ថ្មី​។ ក្រុមហ៊ុន​របស់​ចិន​ទាំងនេះ ក៏បាន​បញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា​ថា ពួកគេ​នឹង​ឈប់​ធ្វើ​ពាណិជ្ជកម្ម នៅលើ​ទីផ្សារ​ភាគហ៊ុន NYSE ចាប់ពី​ដើមខែ​កញ្ញា ខាងមុខនេះ​ទៅ​។​


​ដោយឡែក ទស្សនាវដ្ដី Fortune បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ថា​ក្រុមហ៊ុន​ធំៗ​បំផុត​ចំនួន​៥ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ដែល​បាន​ចុះបញ្ជី នៅ​សហរដ្ឋអាមេរិក មានតម្លៃ​សរុប​៣១៨​ពាន់​លាន​ដុល្លារ បានប្រកាសថា ពួកគេ​នឹង​ដកខ្លួន ចេញពី​ទីផ្សារ​ភាគហ៊ុន Wall Street ។ ការប្រកាស​របស់​ក្រុមហ៊ុន​ចិន​ទាំងនេះ បានបង្ហាញ​ពី​ការបង្កើន​ល្បឿន នៅ​ក្នុងការ​កាត់ផ្តាច់​ផ្នែក​ហិរញ្ញវត្ថុ រវាង​សហរដ្ឋអាមេរិក និង ចិន ផងដែរ​។​

​គណៈប្រតិភូ​មួយក្រុម មកពី​សមាជិកសភា​ស​ហ​រដ្ឋ​អាមេរិក ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក អែ​ដ ម៉ា​គី (Ed Markey) និង អមដំណើរ ដោយ​សមាជិកសភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ចំនួន​៤​នាក់​ផ្សេងទៀត បានធ្វើ​ដំណើរ មក​បំពេញ​ទស្សនកិច្ច នៅ​តៃវ៉ាន់ រយៈពេល​២​ថ្ងៃ​។ គណៈប្រតិភូ​ទាំងនេះ ត្រូវ​រំពឹងថា នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃ អ៊ីង​វ៉ិ​ន នៅ​ថ្ងៃ​ចន្ទ នេះ​។​


​ក្រុង​ប៉េកាំង បាន​ឆ្លើយតប​វិញ​ថា តៃវ៉ាន់ គ្រាន់តែ​ជា​ខេត្ត​មួយ​របស់​ចិន ដូច្នេះ​គណៈប្រតិភូ មកពី​សភា​សហរដ្ឋអាមេរិក គួរតែ​ធ្វើ​សកម្មភាព​ទាំងឡាយណា ស្របតាម​គោលនយោបាយ​ចិន​តែមួយ​។ ចំណែក ដំណើរ​ទស្សនកិច្ច​នេះ កំពុងតែ​បង្ហាញ​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក មិន​ចង់ឃើញ​ស្ថិរភាព នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ក៏ដូចជា​មិន​ចង់​បន្ធូរបន្ថយ នៅក្នុង​ការប្រឈមមុខ​ដាក់គ្នា រវាង​ប្រទេស​មហាអំណាច​ទាំង​២ តាមរយៈ​ការ​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​ដោយឡែក សេត​វិមាន បាន​អះអាងថា សមាជិកសភា​សហរដ្ឋ​អាមេរិក ធ្លាប់​ធ្វើដំណើរ ទៅកាន់​តៃវ៉ាន់ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ ដូច្នេះ​សមាជិកសភា នឹង​បន្តធ្វើ​បែបនេះ ព្រោះ​វា​ស្របតាម​គោលនយោបាយ​ចិន​តែមួយ​របស់​សហរដ្ឋអាមេរិក ផងដែរ​៕​