ប្រទេស​ជិត​៧០ កំពុងគាបរុស្សីឲ្យបញ្ឈប់សកម្មភាពមួយនេះភ្លាម

ព័ត៌មានអន្តរជាតិ
0
358
រដ្ឋធានី​កៀវ​៖ ក្រោយពេល​មានការ​វាយប្រហារ​ជាថ្មី ទៅលើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ហើយ​វា​អាច​នឹង​នាំមក​គ្រោះមហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត រហូត​មិនអាច​ទស្សន៍ទាយ​ទុកជាមុន​បាន​នោះ បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ទាំង​២៧​ប្រទេស និង ប្រទេស​ជាង​៤០​ផ្សេងទៀត កំពុងតែ​ទាមទារ​ឲ្យ​រុស្ស៊ី ដក​កងទ័ព​របស់ខ្លួន ចេញពី​រោងចក្រ​ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) និង ចាក​ចេញពី​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន Ukrainian News បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១៤ ខែសីហា ថា សហភាព​អឺរ៉ុប និង ប្រទេស​ចំនួន​៤២ រួមមាន សហរដ្ឋអាមេរិក ជប៉ុន កាណាដា អ៊ីតាលី ហូឡង់ដ៍ អាល្លឺម៉ង់ នូវ៉ែល​ហ្សេ​ឡង់​ដ៍ កូរ៉េខាងត្បូង ចក្រភព​អង់គ្លេស អេ​ស្ប៉ា​ញ​…​ជាដើម បាន​អំពាវនាវ​ដល់​រុស្ស៊ី ត្រូវតែ​ដក​កងទ័ព​របស់ខ្លួន​ទាំងអស់ ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) និង ប្រទេស​អ៊ុយ​ក្រែ​ន​។​



​សារព័ត៌មាន Ukrinform បាន​ឲ្យ​ដឹងថា សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ បាន​ចុះ​កាលបរិច្ឆេទ ថ្ងៃទី​១២ ខែសីហា ស្ដីអំពី​ស្ថានភាព​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ហើយ​ត្រូវ​យកមក​ចុះផ្សាយ កាលពី​ថ្ងៃអាទិត្យ នៅលើ​គេហទំព័រ​គណៈប្រតិភូ​ស​ហ​ភាព​អឺរ៉ុប ទៅកាន់​អង្គការ​អន្តរជាតិ នៅ​ទីក្រុង​វី​យែ​ន (Vienna)​។ សេចក្ដីថ្លែងការណ៍​នោះ បាន​បញ្ជាក់ថា «​យើង​ជំរុញ​ឱ្យ​សហព័ន្ធន៍​រុស្ស៊ី ត្រូវតែ​ដក​កម្លាំងយោធា​របស់ខ្លួន ជាបន្ទាន់ និង បុគ្គលិក​ដែល​គ្មាន​ការអនុញ្ញាត​ទាំងអស់ ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia និង ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដើម្បី​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​ករ និង អាជ្ញាធរ​អ៊ុយ​ក្រែ​ន អាច​បន្ត​នូវ​ការទទួលខុសត្រូវ លើ​អធិបតេយ្យភាព​របស់​ពួកគេ នៅក្នុង​ព្រំដែន ដែល​ទទួលស្គាល់ ជា​អន្តរជាតិ​របស់​អ៊ុយ​ក្រែ​ន​។​



សេចក្តីថ្លែងការណ៍​ដដែល​នោះ បាន​រៀបរាប់ថា បុគ្គលិក​ប្រតិបត្តិការ​ស្របច្បាប់​ទាំងអស់ អាចបំពេញ​ភារកិច្ចរ​បស់​ពួកគេ ដោយ​គ្មាន​ការជ្រៀតជ្រែក មកពី​ខាងក្រៅ ការគំរាមកំហែង ឬ លក្ខខណ្ឌ​ការងារ​ដ៏​លំបាក ដែល​មិនអាច​ទទួលយកបាន​»​។ សកម្មភាព​បែបនេះ ក៏​នឹង​ធ្វើឱ្យ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ ហៅ​កាត់ IAEA របស់​អង្គការសហប្រជាជាតិ អនុវត្ត​នូវ​ការផ្ទៀងផ្ទាត់​របស់ខ្លួន ដោយ​អនុលោម​តាម​កាតព្វកិច្ច​ការពារ​របស់​អ៊ុយ​ក្រែ​ន នៅក្រោម​លក្ខខណ្ឌ​សុវត្ថិភាព និង សុវត្ថិភាព នៅក្នុង​លក្ខណៈ​ទាន់ពេលវេលា​»​។​



​សហភាព​អឺរ៉ុប និង ប្រទេស​ចំនួន​៤២ បាន​សង្កត់ធ្ងន់ថា ការដាក់​ពង្រាយ​បុគ្គលិក​យោធា និង គ្រឿង​សព្វាវុធ​របស់​រុស្ស៊ី នៅក្នុង​រោងចក្រ​នុយក្លេអ៊ែរ «​មិនអាច​ទទួលយកបាន ហើយ​រុស្ស៊ី មិនបាន​គោរព​គោលការណ៍​សុវត្ថិភាព សន្តិសុខ និង កិច្ចការពារ ដែល​សមាជិក​ទាំងអស់​របស់ IAEA បាន​ប្តេជ្ញា ត្រូវតែ​គោរព​តាម​»​។ សហភាព​អឺរ៉ុប និង ប្រទេស​ទាំង​៤២​នេះ សូម​សម្តែង​នូវ​ការគាំទ្រ​របស់​ពួកគេ ចំពោះ​ការងារ​របស់ IAEA និង អគ្គនាយក​របស់​ទីភ្នាក់ងារ​នេះ នៅក្នុង​ការជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុង​វិស័យ​សុវត្ថិភាព​នុយក្លេអ៊ែរ សន្តិសុខ និង ការអនុវត្ត​នូវ​ការការពារ នៅក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន ខណៈ​ការគោរព​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន ត្រូវតែ​ធ្វើ​ឲ្យ​បាន​ពេញលេញ​»​។​



សេចក្ដីថ្លែងការណ៍​នោះ ក៏បាន​បន្ដថា «​យើង​សូម​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការប្រើប្រាស់​ព័ត៌មាន​មិន​ពិត​របស់​រុស្ស៊ី ដើម្បី​ព្យាយាម​បង្ហាញ អំពី​ភាពត្រឹមត្រូវ នៃ​សកម្មភាព​ខុសច្បាប់​រប​ស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ សហគមន៍​អន្តរជាតិ នឹង​ទទួលខុសត្រូវ លើ​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​របស់​ក្រុង​មូ​ស្គូ ហើយ​រុស្ស៊ី​ត្រូវតែ​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​សកម្មភាព​ខុសច្បាប់​រប​ស់​ខ្លួន នៅ​អ៊ុយ​ក្រែ​ន ផងដែរ​»៕​