វិស័យ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី អាច​នឹងត្រូវ​រង​ទណ្ឌកម្ម​

ព័ត៌មានអន្តរជាតិ
0
160
រដ្ឋធានី​កៀវ​៖ រហូតមកដល់​ពេលនេះ អង្គការសហប្រជាជាតិ កំពុង​តែមាន​ក្ដីកង្វល់​យ៉ាងខ្លាំង អំពី​ហានិភ័យ នៃ​គ្រោះមហន្ដរាយ ក្រោយពេល​មានការ​បាញ់​ផ្លោង​ជាថ្មី នៅក្បែរ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប Zaporizhzhia កាលពីពេល​ថ្មីៗ​នេះ ហើយ​ប្រធានាធិបតី​អ៊ុយ​ក្រេ​ន ក៏បាន​ជំរុញ​ដល់​ពិភពលោក ត្រូវតែ​បង្ហាញ​ពី​ការដាក់ទណ្ឌកម្ម​ជាថ្មី លើ​វិស័យ​នុយក្លេអ៊ែរ ប្រឆាំងនឹង​ក្រុង​មូ​ស្គូ​។​

​សារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៦ ខែសីហា ថា លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymir Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ ដល់​ពិភពលោក ត្រូវតែ​ដាក់ទណ្ឌកម្ម​ថ្មី ប្រឆាំងនឹង​វិស័យ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។​


​ការអំពាវនាវ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានកើត​ឡើង ក្រោយ​ការបាញ់​ផ្លោង​ជាថ្មី នៅក្បែរ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) អាច​នឹង​នាំ​ឲ្យ​មាន​គ្រោះមហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ ខណៈ​ក្រុង​មូ​ស្គូ និង ក្រុង​កៀវ កំពុងតែ​ស្ដីបន្ទោស​ដាក់គ្នា​ទៅវិញទៅមក​។ រដ្ឋាភិបាល​ក្រុង​កៀវ បានលើកឡើង អំពី​ហានិភ័យ នៃ​មហន្តរាយ នៅ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ស្របពេល​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ ហៅ​កាត់ IAEA កំពុងតែ​សម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ជុំវិញ​ករណី​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​នេះ​។​

​សហភាព​អឺរ៉ុប និង ប្រទេស​ចំនួន​៤២​ផ្សេងទៀត មានដូចជា សហរដ្ឋអាមេរិក ជប៉ុន កាណាដា អ៊ីតាលី ហូឡង់ដ៍ អាល្លឺម៉ង់ នូវ៉ែល​ហ្សេ​ឡង់​ដ៍ កូរ៉េខាងត្បូង ចក្រភព​អង់គ្លេស អេ​ស្ប៉ា​ញ​…​ជាដើម បាន​អំពាវនាវ​ដល់​រុស្ស៊ី ត្រូវតែ​ដក​កងទ័ព​របស់ខ្លួន​ទាំងអស់ ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) និង ប្រទេស​អ៊ុយ​ក្រែ​ន​។​



​សហភាព​អឺរ៉ុប និង ប្រទេស​ចំនួន​៤២ បាន​សង្កត់ធ្ងន់ថា ការដាក់​ពង្រាយ​បុគ្គលិក​យោធា និង គ្រឿង​សព្វាវុធ​របស់​រុស្ស៊ី នៅក្នុង​រោងចក្រ​នុយក្លេអ៊ែរ «​មិនអាច​ទទួលយកបាន ហើយ​រុស្ស៊ី មិនបាន​គោរព​គោលការណ៍​សុវត្ថិភាព សន្តិសុខ និង កិច្ចការពារ ដែល​សមាជិក​ទាំងអស់​របស់ IAEA បាន​ប្តេជ្ញា ត្រូវតែ​គោរព​តាម​»​។​

​សហភាព​អឺរ៉ុប និង ប្រទេស​ទាំង​៤២​នេះ សូម​សម្តែង​នូវ​ការគាំទ្រ​របស់​ពួកគេ ចំពោះ​ការងារ​របស់ IAEA និង អគ្គនាយក​របស់​ទីភ្នាក់ងារ​នេះ នៅក្នុង​ការជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុង​វិស័យ​សុវត្ថិភាព​នុយក្លេអ៊ែរ សន្តិសុខ និង ការអនុវត្ត​នូវ​ការការពារ នៅក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន ខណៈ​ការគោរព​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន ត្រូវតែ​ធ្វើ​ឲ្យ​បាន​ពេញលេញ​»៕​