កូរ៉េខាងជើង​បា.ញ់​មី​.ស៊ី​ល បំភ័យ​ជប៉ុន និង​កូរ៉េខាងត្បូង​

ព័ត៌មានអន្តរជាតិ
0
250
រដ្ឋធានី​សេ​អ៊ូ​ល​៖ ស្របពេល​សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កំពុងតែ​ហ្វឹកហាត់​សម​បឋម សម្រាប់​ការរៀបចំ​ធ្វើ​សមយុទ្ធ​យោធា ធ្វើ​ឲ្យ​កូរ៉េខាងជើង ខឹងសម្បា​យ៉ាងខ្លាំង ហើយ​បាញ់​មី​ស៊ី​ល ចំនួន​២​គ្រាប់ ធ្វើ​ឲ្យ​ផ្អើល​ដល់​ក្រុង​សេ​អ៊ូ​ល តាមដាន និង​ស៊ើបអង្កេត​ទៅលើ​សកម្មភាព​យោធា​ជាថ្មី​របស់​ក្រុង​ព្យុងយ៉ាង​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១៧ ខែសីហា ថា មន្ដ្រី​យោធា​កូរ៉េខាងត្បូង សុំ​លក្ខខណ្ឌ មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពី​ថ្ងៃ​ពុធ ថា «​នៅ​ព្រឹក​នេះ យើង​បាន​មើលឃើញ កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ផ្លោង (Cruise Missiles) ចំនួន​២​គ្រាប់ ហោះ​ចេញពី អូន​ចូ​ន (Onchon) ភាគខាងត្បូង ខេត្ត ព្យុង​ហ្គា​ន (Pyongan) ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ភាគ​ខាងលិច​។​


​ការបាញ់​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង បានកើត​ឡើង ស្របពេល​លោក យូ​ន ស៊ុ​ក​យុល (Yoon Suk-yeol) ប្រធានាធិបតី​កូរ៉េខាងត្បូង បានធ្វើ​សន្និសីទ​សារព័ត៌មាន គម្រប់​ខួប​១០០​ថ្ងៃ នៃ​ការស្បថ ចូលកាន់​តំណែង​របស់​គាត់​។

​មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា «​មន្ត្រី​យោធា​សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង កំពុងតែ​វិភាគ​លម្អិត អំពី​លក្ខណៈ​ជាក់លាក់ ដូចជា ចម្ងាយ​ហោះហើរ នៃ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ចំណែក​សកម្មភាព​យោធា​ថ្មី​របស់​ក្រុង​ព្យុងយ៉ាង នេះ បានកើត​ឡើង ត្រឹមតែ​មួយថ្ងៃ បន្ទាប់ពី​កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានចាប់ផ្តើម​ហ្វឹកហាត់​សម​ដំបូង រយៈពេល​បួន​ថ្ងៃ សម្រាប់​ត្រៀម​ធ្វើ​សមយុទ្ធ​យោធា Ulchi Freedom Shield ដែល​បាន​ផ្អាក​ជា​យូរ​មកហើយ ហើយ​ត្រូវធ្វើ​ឡើងវិញ ចាប់ពី​ថ្ងៃទី​២២ ខែសីហា ដល់​ថ្ងៃទី​១ ខែកញ្ញា​។ សមយុទ្ធ​នេះ​បានធ្វើឱ្យ​ទីក្រុង​ព្យុងយ៉ាង​ខឹងសម្បារ​យ៉ាងខ្លាំង​។​



​កូរ៉េខាងជើង ត្រូវបាន​ហាមឃាត់​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​បាលី​ស្ទីក ក្រោម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ​។ ប៉ុន្ដែ​ការ​តេស្ត​មី​ស៊ី​ល​គ្រូ​សរ​បស់​ក្រុង​ព្យុងយ៉ាង នាពេលនេះ ក៏​មិន​បំពាន​លើ​សេចក្តីសម្រេច​ទាំងនោះ​ឡើយ​៕​