សហរដ្ឋអាមេរិក ចំណាយ​៧៤០​ពាន់​លាន​ដុល្លារ លើ​បម្រែបម្រួល​អាកាសធាតុ ការថែទាំ​សុខភាព និង​ពន្ធ​

ព័ត៌មានអន្តរជាតិ
0
158
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ថ្វីបើ​ច្បាប់​ចំណាយ​ថវិកាជាតិ មាន​ទំហំ​តិចជាង អ្វីដែល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចង់បាន​យ៉ាងណាក៏ដោយ ប៉ុន្ដែ​កញ្ចប់​ថវិការ​នេះ បាន​នាំមក​នូវ​ការវិនិយោគ​ដ៏​ធំ​បំផុត សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក ផងដែរ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៦ ខែសីហា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ចុះហត្ថលេខា លើ​ច្បាប់ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ការថែទាំ​សុខភាព និង​ពន្ធ ដែលមាន​ទំហំ​ទឹកប្រាក់ ៧៤០​ពាន់​លាន​ដុល្លារ​។ គោលនយោបាយ​ថ្មី​នេះ អាច​នឹង​ផ្តល់នូវ​ជ័យជម្នះ​ច្រើន សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ នៅមុន​ការបោះឆ្នោត ពាក់កណ្តាល​អាណត្តិ នា​ខែវិច្ឆិកា ខាងមុខ​។​



​នៅក្នុង​ពិធី​ចុះហត្ថលេខា នៅ​សេត​វិមាន កាលពី​ថ្ងៃ​អង្គារ នោះ លោក​ប្រធានាធិបតី បៃ​ដិ​ន​បានប្រកាស​ច្បាប់ កាត់បន្ថយ​អតិផរណា សម្រាប់​កំណត់ត្រា​វិនិយោគ​របស់ខ្លួន ឆ្ពោះទៅរក​ការកាត់បន្ថយ​នូវ​ការ​បំ​ភាយ​កាបូន​។ ច្បាប់​នេះ នឹង​រាប់​រួមបញ្ចូល​ជាមួយនឹង​ទឹកប្រាក់ ជិត​៣៧០​ពាន់​លាន​ដុល្លារ ដែល​មានបំណង​លើកទឹកចិត្ត ដល់​ការផ្លាស់ប្តូរ ចេញពី​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល បើទោះជា​មានការ​លើកឡើង​មួយចំនួន​ថា សកម្មភាព​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​យ៉ាង​ក៏ដោយ​។​



លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បានបញ្ជាក់ នៅក្នុង​ពិធី​ចុះហត្ថលេខា នៅឯ​សេត​វិមាន កាលពី​ថ្ងៃ​អង្គារ ថា «​ប្រជាជន​អាមេរិក បានឈ្នះ​»​។ ច្បាប់​នេះ​ជា​ជំហាន​ឆ្ពោះទៅមុខ​ដ៏​ធំ​បំផុត លើ​អាកាសធាតុ ដែល​មិន​ធ្លាប់មាន​។ កញ្ចប់​ថវិកា ប្រហែល ៧៤០​ពាន់​លាន​ដុល្លារ​នេះ រួមមាន ចំនួន​៤៤០​ពាន់​លាន​ដុល្លារ សម្រាប់​ការចំណាយ​ថ្មី និង ៣០០​ពាន់​លាន​ដុល្លារ​ផ្សេងទៀត សម្រាប់​ការ​កត់​បន្ធូរបន្ថយ​នូវ​ឱនភាព​៕​