ជំនួយ​អឺរ៉ុប មិនអាច​ផ្គូរ​ផ្គង​នឹង​ការលះបង់​របស់​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​សេរីភាព​

ព័ត៌មានអន្តរជាតិ
0
124


​ទីក្រុង​ប្រ៊ុ​ស​សែ​លស៍ (Brussels) ៖ សភា​សហភាព​អឺរ៉ុប អនុម័ត​គាំទ្រ​នូវ​កញ្ចប់​ប្រាក់កម្ចី​ម៉ាក្រូ​ហិរញ្ញវត្ថុ ចំនួន​៥​ពាន់​លាន​អឺរ៉ូ ឬ​ស្មើនឹង​ប្រហែល​៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុងតែ​ធ្វើសង្គ្រាម ដើម្បី​សេរីភាព និង ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​សារព័ត៌មាន France 24 បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកញ្ញា ថា លោកស្រី អឺ​ស៊ូ​ឡា វ៉ន់​ឌើ​រ ឡេ​យ៉ែ​ន (Ursula von der Leyen) ប្រធាន​គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបញ្ជាក់ ថា អ៊ុយ​ក្រែ​ន ត្រូវតែមាន​ការគាំទ្រ នៅក្នុង​រយៈពេល​យូរ​ពី​អឺរ៉ុប សម្រាប់​ទប់​នឹង​សង្គ្រាម​នេះ​។ លោកស្រី​ប្រធាន បាន​ថ្លែង​បែបនេះ ខណៈ​ទៅ​បំពេញ​ទស្សនា​កិច្ច នៅ​ទីក្រុង​កៀវ (Kyiv) សម្រាប់​កិច្ចពិភាក្សា ស្តីពី​ការធ្វើសមាហរណកម្ម​កា​ន់​តែ​ជិតស្និទ្ធ​ជាមួយនឹង​ប្លុក​សេរី​មួយ​នេះ​។​

​លោកស្រី Von der Leyen បាន​បន្ដថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក៏​ជា​លើក​ទី​៣ មក​ទៅកាន់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​។ ប៉ុន្ដែ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ គឺ​ខុសគ្នា​ពី​ពេលមុន​។

​លោកស្រី ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky ថា «​យើង​នឹង​មិនអាច​ផ្គូផ្គង​ជាមួយ​ការលះបង់​របស់​អ៊ុយ​ក្រែ​ន កំពុងតែ​ធ្វើ​នាពេលនេះ​បាន​»​។​

​លោកស្រី អឺ​ស៊ូ​ឡា វ៉ន់​ឌើ​រ ឡេ​យ៉ែ​ន (Ursula von der Leyen) ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​សង្កត់ធ្ងន់ ថា ថ្វីបើ​ជំនួយ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន មាន​ទំហំធំធេង​យ៉ាងណាក៏ដោយ ប៉ុន្ដែ​តម្លៃ នៃ​សេរីភាព និង លទ្ធិប្រជាធិបតេយ្យ មាន​វិសាលភាព​ធំធេង មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។ អឺរ៉ុប​ត្រូវតែ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​៕​