លោកស្រី​ប្រធានាធិបតី​តែ​វ៉ាន់ ទៅ​ជួប​កងទ័ព ដើម្បី​លើកទឹកចិត្ត ត្រៀម​ទប់ទល់​ចិន​

ព័ត៌មានអន្តរជាតិ
0
189
ទីក្រុង​តៃប៉ិ​៖ ស្របពេល​ក្រុង​ប៉េកាំង កំពុងតែ​បង្កើន​កម្លាំង​សកម្មភាព​យោធា​កាន់តែ​ខ្លាំងក្លា ដើម្បី​បំភិតបំភ័យ​ដល់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ នោះ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ បានចេញ​មុខ​ទៅ​ជួប​កងទ័ព​របស់លោក​ស្រី ដោយផ្ទាល់ ដើម្បី​ពង្រឹងស្មារតី​របស់​ពួកគេ សម្រាប់​ការត្រៀមខ្លួន​ប្រយុទ្ធ ប្រសិនបើ​ចិន​បង្ក​សង្គ្រាម​ជាយថាហេតុ​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១៩ ខែសីហា ថា លោកស្រី សៃ អ៊ីង​វ៉ិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ បាន​ចុះទៅ​ជួប​កងទ័ពជើងទឹក​តៃវ៉ាន់ ដោយផ្ទាល់ ដើម្បី​ថ្លែង​អំរ​គុណ និង លើកទឹកចិត្ត​ដល់​ពួកគេ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​ទឹកដី ប្រឈមមុខ​នឹង​ភាព​តានតឹង​ជាមួយ​ចិន ខណៈ​ក្រុង​ប៉េកាំង​កំពុងតែ​ដាក់​សម្ពាធ​យ៉ាងខ្លាំងបំផុត មកលើ​ក្រុង​តៃប៉ិ​។​



លោកស្រី ប្រធានាធិបតី​តៃវ៉ាន់ កាលពី​ថ្ងៃទី​១៨ ខែសីហា បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​ស៊ូ​អាវ (Suao) ស្ថិតនៅ​ឆ្នេរ​ភាគ​ឦសាន កោះ​តៃវ៉ាន់​។ ជាមួយគ្នានេះ លោកស្រី បាន​ប្រាប់​ដល់​កងទ័ពជើងទឹក​តៃវ៉ាន់ អំពី​តម្រូវ​ការចាំបាច់ នៅក្នុង​ការ​តាមឃ្លាំមើល​សកម្ម​ភាពយ​ន្ដ​ហោះ​យោធា និង នាវាចម្បាំង​របស់​ចិន​។

​លោកស្រី​ប្រធានាធិបតី បាន​សង្កត់ធ្ងន់ថា «​ការគំរាមកំហែង និង ការបង្ក​ហេតុ ពី​ប្រទេស​ចិន នៅ​ខាងក្រៅ​ដែនទឹក​របស់​តៃវ៉ាន់ វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ហើយ​កងទ័ព​តៃវ៉ាន់ ត្រូវតែ​តាមឃ្លាំមើល គ្រប់​សកម្មភាព​នាវាចម្បាំង​របស់​ក្រុង​ប៉េកាំង គ្រប់ពេលវេលា​ទាំងអស់ ថ្វីបើ​ចិន​កំពុងតែ​ដាក់​សម្ពាធ​យ៉ាង​ធំធេង មិនអាច​ពិពណ៌នា​បាន​យ៉ាងណាក៏ដោយ​»​។​
 
​ស្ថានការណ៍ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង តំបន់​សមុទ្រ ជុំវិញ​ដែន​កោះ​មួយ​នេះ កំពុងតែ​ឡើងក​ម្ដៅ កាន់តែខ្លាំង​ឡើង ក្រោយពេល​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មក​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​តៃប៉ិ​។ ជាមួយនឹង​ការប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកនយោបាយ​កំពូល​របស់​សហរដ្ឋអាមេរិក នោះ ក្រុង​ប៉េកាំង បានដាក់​ពង្រាយ​យន្ដហោះ​យោធា និង នាវាចម្បាំង ជាច្រើន​គ្រឿង ធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​។​

​សកម្មភាព​យោធា​របស់​ក្រុង​ប៉េកាំង គឺជា​ការបំភិតបំភ័យ​ដល់​ក្រុង​តៃប៉ិ ឲ្យ​ព្រម​ទទួលយក​នូវ​ដែន​អធិបតេយ្យភាព​របស់​ចិន​។ លើសពីនេះទៅទៀត ក្រុង​ប៉េកាំង តែងតែ​គំរាមកំហែង ពី​ការប្រើប្រាស់​កម្លាំង​ទ័ព វាយលុក​កាន់កាប់​ដែន​កោះ​តៃវ៉ាន់ ប្រសិនបើ​មានការ​ចាំបាច់​។​



​លោកស្រី សៃ អ៊ីង​វ៉ិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ ធ្លាប់​លើកឡើង នាពេល​កន្លងមក ថា ទោះជា​អស់​តម្លៃ​ប៉ុនណា​ក៏ដោយ លោកស្រី​ត្រូវតែ​ការពារ​ដែន​កោះ​មួយ​នេះ​ឲ្យ​ខាងតែបាន​។ ជាមួយនឹង​ការប្ដេជ្ញា​ចិ​ត្ដ​ដ៏​មុន​មាំ​របស់លោក​ស្រី​នោះ រដ្ឋាភិបាល​ក្រុង​តៃប៉ិ បាន​ចំណាយ​ថវិកា​រាប់ពាន់​លាន ក្នុង​មួយឆ្នាំៗ ដើម្បី​ទិញ​គ្រឿង​ចម្បាំង​ទំនើបៗ មកពី​សហរដ្ឋអាមេរិក ដើម្បី​យកមក​ការពារ​ដឹក​ដី​របស់ខ្លួន ទប់ទល់​ពី​ការវាយលុក​របស់​ចិន​៕​