នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស ចូលកាន់​តំណែង​ភ្លាម ឯកភាព​ឲ្យ​រុស្ស៊ី​ទទួលខុស​ត្រូ​លើ​សង្គ្រាម​ក្រុង​មូ​ស្គូ​

ព័ត៌មានអន្តរជាតិ
0
109


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស គ្រាន់តែ​បាន​ឡើងកាន់តំណែង មិនបាន​ប៉ុន្មាន​ម៉ោង​ផង បាន​ឯកភាព​ជាមួយនឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវតែ​រក្សា​គោលជំហរ​ឲ្យ​រុស្ស៊ី ទទួលខុសត្រូវ​ទាំងស្រុង លើ​សង្គ្រាម​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​គោល​បំ​ណេង​របស់​ប្រទេស​មហាអំណាច​បស្ចិម​លោក (​បច្ឆិម​លោក​) ទាំង​២​នេះ កំពុងតែ​ធ្វើ​ឲ្យ​វិមាន​ក្រឹ​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅតែ​ព្រួយបារម្ភ​ខ្លាំង​ឡើងជា​ដដែល​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែតុលា ថា វិមាន​ក្រឹម​ឡាំង បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ថា ក្រុង​មូ​ស្គូ មិនមាន​ហេតុផល​ណាមួយ ផ្ដល់​ក្ដីសង្ឃឹម អំពី​ទំនាក់ទំនង​ការទូត​ល្អប្រសើរ​ឡើងវិញ រវាង​រុស្ស៊ី និង ចក្រភព​អង់គ្លេស ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ដ្រី លោក រី​ស៊ី ស៊ូ​ណាក់ នោះឡើយ​។​

​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមាន​ក្រឹម​ឡាំង បានបញ្ជាក់ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់គាត់ ថា «​ឥឡូវនេះ យើង​មិនឃើញ​លក្ខខណ្ឌ​ជាមុន​ណាមួយ ឬ​ហេតុផល​ណាមួយ និង សង្ឃឹម​ជាថ្មី ថា នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខ នឹងមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន នៅក្នុង​ទំនាក់ទំនង​ការទូត រវាង ចក្រភព​អង់គ្លេស និង​រុស្ស៊ី នោះដែរ​»​។​

​លោក បូរី​ស ច​ន​សុន (Boris Johnson) កាលពី​ស្ថិត​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បានផ្ដល់​កិច្ច​គាំទ្រ​យ៉ាង​ពេញ​ទំហំ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី និង ការពារ​សេរីភាព​របស់​ពួកគេ​។ លោក ច​ន​សុន បានផ្ដល់​ជំនួយ​យោធា មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​គាត់​ថែមទាំង បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​កៀវ ជា​ញឹកញាប់ ដើម្បី​ជួបពិភាក្សា ជាមួយនឹង​មេដឹកនាំ​អ៊ុយ​ក្រែ​ន ដើម្បី​សិក្សា​ពី​តម្រូវការ​របស់​ពួកគេ​។ សូម្បីតែ​ជិត​ដល់​ថ្ងៃ​របស់គាត់ ត្រូវអស់​អាណ​ត្ដិ ជា​នាយករដ្ឋមន្ដ្រី​ទៅហើយ គាត់​ថែមទាំង​ជួយ​ហ្វឹកហ្វឺន ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ដោយផ្ទាល់ បន្ថែម​ទៀតផង​។​

​សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែតុលា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅថ្ងៃនេះ (​ថ្ងៃ​អង្គារ​) បាន​ថ្លែង​ទៅកាន់​លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស ដើម្បី​ស្វាគមន៍ ដល់​ការតែងតាំង​រូបគាត់​។ មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​២ នេះ បាន​អះអាង​ជាថ្មី អំពី​ទំនាក់ទំនង​យ៉ាង​ពិសេស រវាង​ប្រទេស​ទាំង​២ ដោយបាន​គូសបញ្ជាក់ អំពី​បំណងប្រាថ្នា​របស់​ពួកគេ នៅក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត លើ​បញ្ហាសំខាន់ៗ សម្រាប់​សន្តិសុខ និង វិបុលភាព​របស់​ពិភពលោក​។

​ជាមួយគ្នានេះ មេដឹកនាំ​ទាំង​២ បាន​ឯកភាព​លើ​សារៈសំខាន់ នៃ​ការធ្វើការ​រួមគ្នា ដើម្បី​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​នៅតែ​ទាមទារ​ឲ្យ​ប្រទេស​រុស្ស៊ី ត្រូវតែ​ទទួលខុសត្រូវ ចំពោះ​ការឈ្លានពាន​របស់​ក​ក្រុង​មូ​ស្គូ មកលើ​ប្រទេសជិតខាង​, ដោះស្រាយ​បញ្ហា​ប្រឈម បង្កឡើង​ដោយ​ប្រទេស​ចិន និង ធានាបាន​នូវ​ធនធាន​ថាមពល ប្រកបដោយ​និរន្តរភាព ហើយ​មានតម្លៃ​សមរម្យ​។ ជាមួយគ្នានេះ មេដឹកនាំ​ទាំង​២ ក៏បាន​ពិភាក្សាគ្នា អំពី​ការប្តេជ្ញាចិត្ត​រួមគ្នា នៅក្នុង​ការការពារ​ផលប្រយោជន៍ នៃ​កិច្ចព្រមព្រៀង Belfast/Good Friday និង តម្រូវការ​ថែរក្សា​សន្ទុះ​ឆ្ពោះ ទៅរក​កិច្ចព្រមព្រៀង​ចរចា ជាមួយ​សហភាព​អឺរ៉ុប ស្តីពី​ពិធីសារ​អៀរ​ឡង់​ដ៍​ខាងជើង​។​

​មន្ដ្រី​សេត​វិមាន បានបញ្ជាក់ ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក និង នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស បាន​ឯកភាព ថា នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ បង្កឡើង​ដោយ​ប្រទេស​ចិន ខណៈ​ក្រុង​វ៉ាស៊ីនតោន តែងតែ​ចាត់ទុកជា​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​បំផុត​របស់ខ្លួន នៅក្នុង​សតវត្ស​ទី​២១​។ ចក្រភព​អង់គ្លេស ជា​សម្ពន្ធមិត្ត​អឺរ៉ុប​ដ៏​សំខាន់បំផុត​របស់​សហ​រដ្ឋ​អាមេរិក នៅក្នុង​ការបំពាក់​គ្រឿង​សព្វាវុធ និង ផ្ដល់ជំនួយ​យោធា ជួយ​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​ពី​រុ​ស្ស៉ី​៕​