ពលរដ្ឋ​ថៃ ធ្វើបាតុកម្ម​បណ្ដេញ​នាយករដ្ឋមន្ដ្រី ចេញពី​តំណែង

ព័ត៌មានអន្តរជាតិ
0
224
រាជធានី​បាងកក​៖ ក្រុមបាតុករ មក​អង្គភាព​ផ្សេងៗ បាន​បន្ដ​ប្រមូល​ផ្ដុំគ្នា ធ្វើបាតុកម្ម នៅមុខ​វិមាន​រដ្ឋាភិបាល និង រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ដ្រី​លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) ចុះ​ចេញពី​តំណែង​។​

​សារព័ត៌មាន Arab News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៣ ខែសីហា ថា អាជ្ញាធរ​ថៃ បាន​បង្កើន​សន្តិសុខ នៅក្នុង​រាជធានី​បាងកក កាលពី​ថ្ងៃ​អង្គារ មុនពេល​ការតវ៉ា​ទាមទារ​ឱ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ លាលែង​ពី​តំណែង ខណៈ​តុលាការ​កំពុងតែ​ពិចារណា លើ​អាណត្តិ​៨​ឆ្នាំ​របស់គាត់ សម្រាប់​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី ដែល​បាន​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​។​



ក្រុមបាតុករ​ថៃ បាន​អះអាងថា លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​កាន់តំណែង ជា​នាយករដ្ឋមន្ដ្រី​ថៃ អស់​រយៈពេល​៨​ឆ្នាំ​កន្លងមកនេះ ធ្វើ​ឲ្យ​មាន​វិបត្ដិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ហើយ​ការចំណាយ​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ កាន់តែ​កើនឡើង​ខ្ពស់ ខណៈ​បុគ្គលិក និង មន្ដ្រីរាជការ មាន​ប្រាក់ខែ​ទាប​។​

​បណ្ដាញ​ការងារ​សម្រាប់​សិទ្ធិ​ប្រជាពលរដ្ឋ បានធ្វើ​បាតុកម្ម នៅលើ​ស្ពាន​ចាម​ម៉ៃ ម៉ា​រូ​ចេ​ត (Chamai Maruchet) ហើយ​មេដឹកនាំ​របស់​ពួកគេ បាន​បញ្ជាក់ថា លោក ប្រា​យុទ្ធ ត្រូវតែ​ចុះចេញ​ពី​តំណែង​ជាបន្ទាន់​។ ក្រុមបាតុករ​ទាំងនេះ បាន​សង្កត់ធ្ងន់ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ កំពុងតែ​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​បុគ្គលិក និង កម្មករ​កំពុងតែ​ស្ថិតក្នុង​សភាព​អស់សង្ឃឹម ដោយសារ​ប្រាក់​ឈ្នួល​របស់​ពួកគេ​តិច មិនអាច​សមាមាត្រ​ទៅនឹង​ការចំណាយ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​បាន ខណៈ​អត្រា​ចំនួន​អ្នក​អត់​ការងារ​ធ្វើ កំពុងតែ​កើនឡើង​។​


​មេដឹកនាំ​បាតុករ បាន​បញ្ចេញ​វោហារ តាម​ប្រដាប់​បំពង​ឧ​គ្ឃោ​សន​សព្ទ ថា «​នេះ​ជា​ពេលវេលា​សមល្មម សម្រាប់​លោកនាយក​រដ្ឋមន្ដ្រី​ខុសច្បាប់ ចុះ​ចេញពី​តំណែង​ហើយ​។ នេះ​ជា​ពេលដែល​លោក ប្រា​យុទ្ធ ត្រូវ​ដើរចេញ ហើយ​ជា​ពេល​ត្រូវ​បញ្ចប់​នូវ​ការ​កាន់អំណាច រយៈពេល​៨​ឆ្នាំ​! លោក​ប្រា​យុទ្ធ ត្រូវតែ​ចាក​ចាក​!»​។​

​ក្រុមបាតុករ ក៏បាន​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ ដល់​កម្មករ​គ្មាន​ជំនាញ ជា​អប្បបរមា ចំនួន​៤២៥​បាត (​លុយ​ថៃ​) ឬ​ស្មើនឹង​ប្រហាក់ប្រហែល​១២​ដុល្លារ សម្រាប់​កម្មករ នៅ​ទូទាំងប្រទេស​។ ក្រៅពីនេះ ក្រុម​បាត​ករ ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ និង គ្រប់គ្រង​នូវ​តម្លៃ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ​។​



ស្របគ្នា​នេះដែរ បណ្តាញ​និស្សិត​រាម​ខាំ​ហែង (Ramkhamhaeng) ដើម្បី​លទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅ​ទិស​ខាងត្បូង និង ក្រុម​សកម្មជន​និស្សិត នៃ​សាកលវិទ្យាល័យ Ramkhamhaeng ក៏ បាន​ប្រមូល​ផ្តុំគ្នា នៅមុខ​រដ្ឋសភា ហើយ​បាន​អំពាវនាវ​ឲ្យ​នាយករដ្ឋមន្ដ្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង​។ ក្រុមបាតុករ​ជា​និស្សិត បាន​អះអាងថា លោក ប្រា​យុទ្ធ បាន​កាន់តំណែង ជា​នាយករដ្ឋមន្ដ្រី អស់​រយៈពេល​៨​ឆ្នាំ ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ នៅត្រឹម​ថ្ងៃ​អង្គារ ទី​២៣ ខែសីហា ។ ដូច្នេះ នៅ​ថ្ងៃ​ពុធ លោក ប្រា​យុទ្ធ ត្រូវតែ​ចុះចេញ​ពី​តំណែង​។​

​បច្ចុប្បន្ន សម្ពាធ​ខាង​នយោបាយ បាន និង កំពុង​បង្កើន​ទម្ងន់ កាន់តែខ្លាំង​ឡើង មកលើ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ឲ្យ​ចុះ​ចេញពី​តំណែង នៅត្រឹម​ថ្ងៃ​ពុធ ទី​២៤ ខែសីហា ឆ្នាំ​២០២២​។ គូប្រជែង​របស់លោក ប្រា​យុទ្ធ ជឿថា នៅ​ថ្ងៃ​អង្គារ គួរតែ​ជា​ថ្ងៃ​ចុងក្រោយ សម្រាប់​លោក ប្រា​យុទ្ធ នៅក្នុង​តំណែង ជា​នាយករដ្ឋមន្ដ្រី​ថៃ​។​



​បើតាម​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ នាពេល​បច្ចុប្បន្ន អនុញ្ញាតឱ្យ​បុគ្គល​ម្នាក់ កាន់តំណែង ជា​នាយករដ្ឋមន្ត្រី មិន​លើសពី​៨​ឆ្នាំ​នោះឡើយ​។ ចំណែក​គណបក្សប្រឆាំង បាន​សង្កត់ធ្ងន់ ថា លោក ប្រា​យុទ្ធ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី នៃ​រដ្ឋាភិបាលបណ្តោះអាសន្ន ចាប់តាំងពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៤ ក្រោយពេល​គាត់​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា នៅក្នុង​ខែឧសភា ឆ្នាំ​ដដែល​នោះ​។​



​ជាមួយគ្នានេះ គណបក្សប្រឆាំង ក៏បាន​អំពាវនាវ​ឱ្យ​តុលាការ​ធម្មនុញ្ញ សម្រេច ថា​តើ​លោក ប្រា​យុទ្ធ បាន​ឈានដល់​កម្រិត នៃ​ការកំណត់​កាន់តំណែង ជា​នាយករដ្ឋមន្ដ្រី រយៈពេល​៨​ឆ្នាំ កំណត់ដោយ​ធម្មនុញ្ញ​ហើយ​នៅ​? រីឯ​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​អាស៊ាន​មួយ​នេះ គ្រោង​នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃ​ពុធ ដើម្បី​ពិចារណា​លើ​ករណីនេះ ខណៈ​លោក ប្រា​យុទ្ធ បាន​ប្ដេជ្ញា ធ្វើតាម​ការសម្រេចចិត្ត​របស់​តុលាការ​ធម្មនុញ្ញ​៕​