សង្គ្រាម​បន្ទះ​ឈី​ប ប្រឆាំងនឹង​ចិន ធ្វើ​ឲ្យ​ប៉ះពាល់​ប្រាក់ចំណូល​នៃ​ក្រុមហ៊ុន​ជាច្រើន​របស់​អាមេរិក​

ព័ត៌មានអន្តរជាតិ
0
4


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ដោយសារតែ​ក្រុង​វ៉ាស៊ីនតោន មានការ​ព្រួយបារម្ភ កាន់តែខ្លាំង​ពី​ចិន លួច​បច្ចេក​វិ​ទ្យ​ដ៏​ទំនើប​របស់ខ្លួន ទៅ​អភិវឌ្ឍ​វិស័យ​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នោះ ទើប​សហរដ្ឋអាមេរិក ផ្ដោត​កំណត់​គោលដៅ លើ​ការនាំចេញ​របស់ខ្លួន ទៅកាន់​ប្រទេស​មហា​យក្ស​អាស៊ី​មួយ​នេះ ប៉ុន្ដែ​ការបង្កើត​ច្បាប់​បែបនេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ជាច្រើន​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែកក្កដា ថា រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោកស្រី ហ្គី​ណា រេ​ម៉ុ​ន​ដូ (Gina Raimondo) បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ ថា រដ្ឋបាល​របស់លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កំពុងតែ​ផ្ដោត​យ៉ាងខ្លាំង ទៅលើ​ការកំណត់​គោលដៅ​យ៉ាង​ប្រុងប្រយ័ត្ន ចំពោះ​ការគ្រប់គ្រង​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក ទៅកាន់​ប្រទេស​ចិន​។ បទ​ប្ប​ញ្ញ​ត្ដិ​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​មួយចំនួន​របស់​ក្រុមហ៊ុន​ជាច្រើន​របស់​សហរដ្ឋអាមេរិក ។​

​លោកស្រី រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បាន​អះអាង នៅក្នុង​វេទិកា​មួយ ថា «​ការ​រឹតបន្តឹង មិនគួរ​ធ្វើ​គ្របដណ្ដប់​យ៉ាង​ទូលំទូលាយ​ខ្លាំងពេក​នោះឡើយ ព្រោះ​វា​ប្រៀប​បីដូច​ជា អ្នក​រារាំង​ដល់​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ជាច្រើន​របស់​សហរដ្ឋអាមេរិក អ៊ីចឹង​ដែរ​។ ប្រទេស​ចិន អាចនឹងទទួល​យក​ផលិតផល មកពី​កន្លែង​ផ្សេងៗ ឬ អាច​ទទួលយក​ផលិតផល មកពី​ប្រទេស​ផ្សេងៗ​ទៀត តាម​តម្រូវការ​របស់​ពួកគេ​។ ច្បាប់​នេះ នឹងរាំងខ្ទប់​ដល់​ប្រាក់ចំណូល​មួយចំនួន សម្រាប់​ក្រុមហ៊ុន​ជាច្រើន​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​យើង​គិត ថា វា​មានតម្លៃ​ខ្លាំងណាស់ សម្រាប់​ប្រទេសជាតិ​»​។​

​បណ្ដា​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​បន្ទះ​ឈី​ប​ជាច្រើន​របស់​សហរដ្ឋអាមេរិក កាលពី​សប្ដាហ៍​មុន បាន​ជួបពិភាក្សា ជាមួយនឹង​មន្ដ្រី​កំពូលៗ នៃ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ដោយ​រាប់បញ្ចូល​ទាំង​លោកស្រី រេ​ម៉ុ​ន​ដូ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ផងដែរ​។ ជំនួប​របស់​ពួកគេ បាន​ពិភាក្សាគ្នា ផ្ដោតទៅលើ​អំពី​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក សម្រាប់​ប្រទេស​ចិន ខណៈ​ក្រុម​អ្នក​បញ្ចុះបញ្ចូល សម្រាប់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ដ៏​មាន​ឥទ្ធិពល​បំផុត បាន​ជំរុញ​ឱ្យ​បញ្ឈប់​នូវ​ការ​រាំងខ្ទប់​បន្ថែមទៀត ដោយសារតែ​ច្បាប់​នេះ​កំពុងតែ​ស្ថិតក្នុង​ការពិចារណា​នៅឡើយ​។​
ពាណិជ្ជកម្ម

​លោកស្រី រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​បន្ថែម ថា «​រដ្ឋបាល​របស់លោក​ប្រធានាធិបតី បៃ​ដិ​ន កំពុងតែ​ពិភាក្សាគ្នា ជាមួយនឹង​ក្រុមហ៊ុន​ជាច្រើន​របស់​សហរដ្ឋអាមេរិក ដើម្បី​ទទួលយក​ចំណុច​ដ៏​ត្រឹមត្រូវ​។ ដូច្នេះ​យើង​នឹងមិន​ធ្វើ​ឲ្យ​ខូចខាត ដល់​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក នោះឡើយ ប៉ុន្តែ​យើង​ពិតជា​ការពារ ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ដោយស្មោះ​ត្រង់​»​។​

​បើតាម​សមាគម​ឧស្សាហកម្ម​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​កន្លងទៅ ប្រទេស​ចិន ត្រៀម​ទុក​លុយ រហូតដល់ ១៨០​ពាន់​លាន​ដុល្លារ សម្រាប់​ទិញ Semiconductor ដែល​ស្មើនឹង​ជិត​១​ភាគ​៣ នៃ​ចំនួន​សរុប នៅ​ទូទាំង​ពិភពលោក ដែលមាន​ចំនួន ៥៧៤,១​ពាន់​លាន​ដុល្លារ និង ជាទី​ផ្សារ​ដ៏​ធំ​បំផុត​តែមួយគត់ នៅលើ​ពិភពលោក​។​

​ជាមួយគ្នានេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ពហុ​ជាតិ​សាសន៍​សហរដ្ឋអាមេរិក Nvidia, ក្រុមហ៊ុន​សាជីវកម្ម​ពហុ​ជាតិ​សាសន៍​អាមេរិក Qualcomm និង ក្រុមហ៊ុន​សាជីវកម្ម និង បច្ចេកវិទ្យា​ពហុ​ជាតិ​សាសន៍​អាមេរិក Intel មានការ​លក់​ដ៏​សំខាន់ ទៅកាន់​ប្រទេស​ចិន​។ ស្របគ្នា​នេះដែរ ក្រុមហ៊ុន Qualcomm ក៏​ក្លាយជា​ក្រុមហ៊ុន​តែមួយគត់ ទទួលបាន​អាជ្ញាប័ណ្ណ ពី​និយតករ​អាមេរិក លក់​ឈី​ប​ទូរស័ព្ទ​ចល័ត ទៅកាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Huawei ។​

​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន កំពុងតែ​ពិចារណា អំពី​ការធ្វើ​បច្ចុប្បន្នភាព​លើ​ច្បាប់​ដ៏​ធំ​ទូលាយ​មួយ នឹងត្រូវ​ដាក់ចេញ នៅក្នុង​ខែតុលា សម្រាប់​ការទាក់ទាញ​ឧស្សាហកម្ម​បន្ទះ​ឈី​បរ​បស់​ប្រទេស​ចិន និង មាន​បទបញ្ជា​ប្រតិបត្តិ​ថ្មី ដោយ​ដាក់​កម្រិត​ទៅលើ​ការវិនិយោគ​នៅក្រៅ​ប្រទេស​មួយចំនួនទៀត​។​

​លោកស្រី រេ​ម៉ុ​ន​ដូ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បាន​បន្ថែម ថា «​ការបង្កើត​ច្បាប់​នេះ មិនមែន​រារាំង​ដល់​ប្រទេស​ចិន ឬ បដិសេធ​បច្ចេកវិទ្យា​ទំនិញ​នោះឡើយ​។ ប៉ុន្ដែ​ប្រទេស​ចិន ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​របស់​សហរដ្ឋអាមេរិក សម្រាប់​ជំរុញ​វិស័យ​យោធា​របស់​ក្រុង​ប៉េកាំង​។ ដោយសារតែ​បញ្ហា​នេះ ទើប​យើង​រារាំង​ដល់​វិស័យ​យោធា​របស់​ចិន​។​

​លោកស្រី រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​បន្ដ ថា «​តារាង​ពេលវេលា គឺ​លឿន តាម​អ្វីដែល​យើង​អាចធ្វើ​ទៅបាន ហើយ​ត្រូវតែ​ប្រាកដ ថា វា​ត្រឹមត្រូវ​»​។​

​លោក អេ​ន​តូ​នី ប្ល៊ី​ន​ខេន (Antony Blinken) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​, លោកស្រី​រដ្ឋមន្ដ្រី រេ​ម៉ុ​ន​ដូ​, លោក ឡា​អែល ប្រេ​ណាដ (Lael Brainard) នាយក​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង លោក ជេ​ក ស៊ូ​ល​លី​វ៉ាន់ (Jake Sullivan) នាយក​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ សហរដ្ឋអាមេរិក ក៏បាន​ស្ថិត​ក្នុងចំណោម​មន្ត្រីជានខ្ពស់ នៃ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី បៃ​ដិ​ន បាន​ជួបពិភាក្សា ជាមួយនឹង​ប្រធាន​ក្រុមហ៊ុន Intel, Qualcomm និង Nvidia កាលពី​សប្តាហ៍​មុន​៕​