ភ្នាក់ងារ​សន្ដិសុខ​រុស្ស៊ីចោទ​អ៊ុយ​ក្រែ​ន ជា​អ្នក​សម្លា.ប់​កូនស្រី​មិត្តភក្ដិ​របស់​ប្រធានាធិបតីពូ​ទីន​

ព័ត៌មានអន្តរជាតិ
0
177
រដ្ឋធានី​មូ​ស្គូ​៖ ក្រោយ​ការ​បំផ្ទុះ​រថយន្ដ សម្លាប់​កូនស្រី​មិត្តភក្ដិ​ដ៏​ជិតស្និទ្ធ​បំផុត​មួយរូប​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​រាត្រី ថ្ងៃ​សៅរ៍​នោះមក រុស្ស៊ី បាន​ចោទប្រកាន់​ទៅលើ​កម្លាំង​ទ័ព​ពិសេស​របស់​អ៊ុយ​ក្រែ​ន ជា​អ្នក​ដាក់​គ្រាប់បែក​បំផ្ទុះ​។​


​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៣ ខែសីហា ថា រុស្ស៊ី បាន​ចោទប្រកាន់​ដល់​កម្លាំង​ពិសេស​របស់​អ៊ុយ​ក្រែ​ន ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក នៅក្នុង​រថយន្ដ​សម្លាប់​លោកស្រី ដា​រី​យ៉ា ឌូ​ហ្គី​ណា (Darya Dugina) អាយុ​២៩​ឆ្នាំ ជា​កូនស្រី​របស់លោក អា​ឡិច​សាន់​ដឺរ ឌូ​ហ្គិ​ន (Alexander Dugin) ដែលជា​មិត្តភក្ដិ​ដ៏​ជិតស្និទ្ធ​បំផុត​មួយរូប​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី​។​


​លោកស្រី Darya Dugina បាន​បាត់​បង់ជីវិត កាលពី​រាត្រី ថ្ងៃ​សៅរ៍ ក្រោយពេល​រថយន្ដ​រប​ស់លោក​ស្រី ដែល​កំពុងតែ​បើក ត្រូវគេ​លួច​ដាក់​បង្កៃ​គ្រឿងផ្ទុះ បាន​បំផ្ទុះ​ឡើង នៅ​ជិត​រដ្ឋធានី​មូ​ស្គូ ប្រទេស​រុស្ស៊ី​។​

​ឪពុក​របស់​លោកស្រី ជា​អ្នកជាតិនិយមជ្រុល​ដ៏​លេចធ្លោ​មួយរូប​របស់​រុស្ស៊ី គឺ​លោក Alexander Dugin ត្រូវបាន​គេ​មើ​ឃើញថា មាន​ភាពស្និទ្ធស្នាល​ជាមួយ​លោក ពូ​ទីន ហើយ​អាចជា​គោលដៅ នៃ​ការវាយប្រហារ​នោះ​។​

​ដោយឡែក ក្រុមមន្ដ្រី​អ៊ុយ​ក្រែ​ន បាន​ច្រានចោល​នូវ​ការជាប់​ពាក់ព័ន្ធ​ណាមួយ នៅក្នុង​ការ​បំផ្ទុះ​រថយន្ដ​នោះ​។ ប៉ុន្ដែ​ទីភ្នាក់ងារ​សន្ដិសុខ​សហព័ន្ធន៍​រុស្ស៊ី ហៅ​កាត់ FSB កាលពី​ថ្ងៃ​ចន្ទ បាន​អះអាងថា FSB បាន​ដោះស្រាយ​លើ​ករណីនេះ ហើយ​អ៊ុយ​ក្រែ​ន ជា​អ្នកទទួលខុសត្រូវ ដោយផ្ទាល់ លើ​ករណី​បំផ្ទុះ​រថយន្ដ​សម្លាប់​លោកស្រី Darya Dugina ។​



​ប្រភពព័ត៌មាន​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ល្បីៗ នៅលើ​ពិភពលោក បាន​រាយការណ៍ ថា មុនពេល​កើតមាន​នូវ​ឧបទ្ទវ​ហេតុនេះ លោក Alexander Dugin និង លោកស្រី Darya Dugina ជា​ឪពុក និង​កូនស្រី បាន​ចាកចេញ ពី​ព្រឹ​ត្ដិ​ការណ៍​មួយ នៅ​ខាងក្រៅ​ទីក្រុង​មូ​ស្គូ ដោយ​រួម​ដំណើរ​នៅក្នុង​រថយន្ដ​ជាមួយគ្នា​។ ប៉ុន្ដែ​ក្រោយមក លោក Alexander Dugin បាន​ចុះទៅ​ជិះ​រថយន្ដ​ផ្សេង ដោយ​ទុក​រថយន្ដ​របស់គាត់ ឲ្យ​កូនស្រី​ជា​អ្នកបើក​។ លុះ​បន្ទាប់មក កូនស្រី​របស់គាត់ ក៏បាន​ជួបនឹង​ហេតុការណ៍​ដ៏​អាក្រក់​បែបនេះ​។​

FSB បាន​ប្រាប់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ថា មាន​ស្ត្រី​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់ បាន​ផ្លាស់ប្ដូរ​ទីលំនៅ មកកាន់​ប្រទេស​រុស្ស៊ី កាលពី​ខែកក្កដា ជាមួយនឹង​កូនស្រី​តូច​របស់​នាង​។ ប៉ុន្តែ​តាម​ការពិត ស្ដ្រី​ម្នាក់​នោះ ជា​ភ្នាក់ងារ​ពិសេស​របស់​អ៊ុយ​ក្រែ​ន ហើយ​បាន​ជួល​អា​ផាត​មិន​មួយកន្លែង នៅក្នុង​អគារ​ជាមួយនឹង​លោកស្រី Dugina អស់​រយៈពេល​មួយខែ​កន្លងមកហើយ ដើម្បី​រៀបចំ​ផែនការ​វាយប្រហារ​នេះ​។ បន្ទាប់មក ស្ដ្រី​អ៊ុយ​ក្រែ​ន​ម្នាក់​នោះ បាន​តាមដាន​សកម្មភាព​របស់លោក​ស្រី Dugina ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង Moscow នៅក្នុង​រថយន្ត Mini Cooper ដែល​ប្រើប្រាស់​ស្លាក​លេខ ចំនួន​៣​ផ្សេងគ្នា​។ ប៉ុន្ដែ​ក្រោយ​ការវាយប្រហារ​រួចហើយ ស្ដ្រី​ជនជាតិ​អ៊ុយ​ក្រែ​ន ដែលជា​ជនសង្ស័យ​ម្នាក់​នោះ បាន​រត់​ភៀសខ្លួន ទៅកាន់​ប្រទេស​អេ​ស្ដូ​នី​។​



ដោយឡែក លោក មី​ខៃ​ឡូ ប៉ូ​ដូ​ល​យ៉ាក (Mykhailo Podolyak) ទីប្រឹក្សា​របស់លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា ការកែសម្រួល​ព្រឹ​ត្ដិ​ការណ៍​របស់​ទីភ្នាក់ងារ​សន្ដិសុខ​សហព័ន្ធន៍​រុស្ស៊ី ហៅ​កាត់ FSB គឺជា​ការឃោសនា​របស់​រុស្ស៊ី កើតចេញពី​ពិភព​ប្រឌិត​ហេតុការណ៍​តែប៉ុណ្ណោះ​»៕​