ជប៉ុនទិញយន្តហោះគ្មានមនុស្សបើកត្រៀមទប់ទល់ជាមួយចិន និងកូរ៉េខាងជើង

ព័ត៌មានអន្តរជាតិ
0
172
រាជធានី​តូ​ក្យូ​៖ ដោយសារ​ស្ថានការណ៍​ប្រកួតប្រជែង​ភូមិសាស្ដ្រ​នយោបាយ កាន់តែ​ឡើងក​ម្ដៅ​នោះ ជប៉ុន បានដាក់​ពង្រាយ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ទំនើបៗ អាច​បាញ់ រហូតដល់​ទឹកដី​ចិន និង កូរ៉េខាងជើង ហើយ​ឥឡូវនេះ​ថែមទាំង​កំពុងតែ​ស្នើសុំ​ថវិកា ជាង​៤០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ទិញ​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន​ដ៏​ទំនើប​បន្ថែមទៀត យកមក​ការពារ​ប្រទេស ទប់ទល់​នឹង​ការគំរាមកំហែង ពី​ក្រុង​ប៉េកាំង និង ក្រុង​ព្យុងយ៉ាង​។​

​សារព័ត៌មាន​ជប៉ុន Nikkei Asia បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៣ ខែសីហា ថា យន្តហោះ​វាយប្រហារ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន​ទំនើបៗ ការស្រាវជ្រាវ​លើ​គ្រឿង​សព្វាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង និង ការផលិត​មី​ស៊ី​លបាញ់​ចម្ងាយ​ឆ្ងាយ កំពុងតែ​ស្ថិតក្នុង​បញ្ជី នៃ​បំណងប្រាថ្នា​របស់​ក្រសួងការពារជាតិ​ជប៉ុន នៅក្នុង​កំណត់ត្រា​ស្នើសុំ​ថវិកាជាតិ ចំនួន ៥,៥៩​ពាន់​ពាន់​លាន​យ៉េន (​លុយ​ជប៉ុន​) ឬ​ស្មើនឹង​ប្រហែល ៤០,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣​។​


​ក្រសួងការពារជាតិ​ជប៉ុន មាន​គោលបំណង បង្កើត​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន អាច​ប្រើប្រាស់ ដោយផ្ទាល់ នៅក្នុង​ការប្រយុទ្ធ​។ ការប្រើប្រាស់​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ក៏​ជា​ជម្រើស​មួយ មាន​លក្ខណៈ​ល្អប្រសើរ ជាង​ការប្រើប្រាស់​យន្ដហោះ​ស៊ើបការណ៍ និង យន្ដហោះ​ប្រមូលផ្តុំ​ព័ត៌មាន​សម្ងាត់​។ រដ្ឋាភិបាល​ជប៉ុន មើលឃើញថា ការទិញ និង ណែនាំ​យន្តហោះ​គ្មាន​មនុស្ស​បើក​បែបនេះ ជាការ​ចាំបាច់​បំផុត សម្រាប់​សមរភូមិ​ប្រយុទ្ធ ព្រោះ​វា​កាត់បន្ថយ​ចំនួន​មនុស្ស​ស្លាប់​។

​ក្រសួងការពារជាតិ​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ ទី​២២ ខែសីហា បាន​បញ្ជូន​ផែនការ​របស់ខ្លួន ទៅកាន់​សមាជិកសភា មកពី​រដ្ឋាភិបាលចម្រុះ​របស់​នាយករដ្ឋមន្ដ្រី លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kisida)​។ សំណើសុំ​បង្កើន​ថវិកា​លើ​វិស័យ​ការពារជាតិ​របស់​ក្រុង​តូ​ក្យូ បានកើត​ឡើង ស្របពេល​មានការ​គំរាមកំហែង ពី​ចិន និង កូរ៉េខាងជើង​។​


​សារព័ត៌មាន The Japan Times បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​២១ ខែសីហា ក្រសួងការពារជាតិ​ជប៉ុន កំពុងតែ​គិតពិចារណា ពី​ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​គ្រូ​ស បាញ់​ចម្ងាយ​ឆ្ងាយ ជាង ១ ០០០​គ្រឿង សម្រាប់​បង្កើន​សមត្ថភាព​ដល់​កងទ័ព​របស់ខ្លួន ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង ដែល​កំពុងតែ​កើនឡើង ពី​ប្រទេស​ចិន​។ ជាមួយគ្នានេះ ជប៉ុន មាន​ផែនការ​កែលម្អ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល បាញ់​ពីលើ​ដី​ទៅលើ​នាវា ដែលមាន​ស្រាប់ ដើម្បី​បង្កើន​ចម្ងាយ នៃ​ការបាញ់ ចន្លោះ​ពី​ចម្ងាយ​១០០ រហូតដល់ ១ ០០០​គីឡូម៉ែត្រ ដែលមាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ការវាយប្រហារ ទៅលើ​ទឹកដី​របស់​ចិន ក៏ដូចជា ប្រទេស​កូរ៉េខាងជើង ផងដែរ​។ ចំណែក​ការកែលម្អ​ប្រព័ន្ធ​មី​ស៊ី​ល​ថ្មី​នេះ ក៏​អាច​បំពាក់ ទៅលើ​នាវាចម្បាំង និង យន្ដហោះ​យោធា​របស់​ជប៉ុន អាចមាន​សមត្ថភាព​បា​ញ់ ទៅលើ​គោលដៅ នានា នៅលើ​ដី​ថែម​ទៀតផង​។​


​ជប៉ុន នឹងដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន ទាំង​នៅ​ខាងក្នុង និង នៅ​ជុំវិញ​តំបន់​ឃ្យូ​ស៊ុ (Kyushu) ហើយ​នៅតាម​កោះ​តូចៗ នៅ​ភាគ​និរតី​របស់​ប្រទេស​ជប៉ុន ស្ថិត​ជិត​នឹង​កោះ​តៃវ៉ាន់​។ ទោះជា​យ៉ាងណា មន្ដ្រី​ជប៉ុន មិន​បានធ្វើ​អត្ថាធិប្បាយ ជុំវិញ​សេចក្ដីរាយការណ៍​នេះឡើយ​។ ប៉ុន្ដែ​ផែនការ​នេះ ក៏​ជា​ផ្នែក​មួយ​នេះ នៃ​គោលបំណង​របស់​ជប៉ុន ដើម្បី​បង្រួម​នូវ​គម្លាត​សមត្ថភាព​កាំជ្រួច​របស់ខ្លួន ជាមួយ​ប្រទេស​ចិន ខណៈ​ក្រុង​តូ​ក្យូ កំពុងតែ​ដោះស្រាយ ដើម្បី​លុបបំបាត់​នូវ​ការគំរាមកំហែង ពី​ប្រទេស​កូរ៉េខាងជើង​៕​