នាយករដ្ឋមន្ដ្រី​ប្រា​យុទ្ធ បាន​ឆ្លង​ផុតពី​ការសាកល្បង​អនុម័ត​កញ្ចប់​ថវិកាជាតិ នៅក្នុង​សភា​

ព័ត៌មានអន្តរជាតិ
0
167
រាជធានី​បាងកក​៖ ស្របពេល​តុលាការ​ធម្មនុញ្ញ​ថៃកំពុងតែ​ពិចារណាលើ​អាណ​ត្ដិ រយៈពេល​៨​ឆ្នាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ដ្រីនោះ សភាជាតិបានអនុម័ត​លើ​កញ្ចប់​ថវិកា​ឆ្នាំសារពើពន្ធ ២០២៣ ហើយ​នេះ​ជា​ជ័យជម្នះ​ថ្មី​មួយសម្រាប់​គាត់ក្រោយ​ពល​ឆ្លង​ផុតពី​ការបោះឆ្នោតដក​សេចក្ដី​ទុក​ចិ​ត្ដ​លើ​ការគ្រប់គ្រង​សេដ្ឋកិច្ច មិនបាន​ល្អកាលពី​ខែកក្កដា​។​

​សារព័ត៌មាន The Straits Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៤ ខែសីហា ថា រដ្ឋសភា កាលពី​ថ្ងៃ​អង្គារ បានអនុម័ត​នូវ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ ចំនួន ៣,១៩​ពាន់​ពាន់​លាន​បាត (​លុយ​ថៃ​) ឬ​ស្មើនឹង​ប្រហែល ជាង ៨៨,០៥៨​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣​។ ការអនុម័ត​កញ្ចប់​ថ​វិកា​ឆ្នាំសារពើពន្ធ​របស់​សភា​ថៃ នាពេលនេះ ហាក់បីដូចជា ការប្រគល់​ជ័យជម្នះ​ថ្មី​មួយ​បន្ថែមទៀត ជូន​ដល់​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) ដែល​បាន​រួចផុត ពី​ការបោះឆ្នោត ដក​សេចក្ដី​មិន​ទុកចិត្ត កាលពី​ខែកក្កដា ក្រោយពេល​គណបក្សប្រឆាំង បាន​ចោទប្រកាន់​គាត់ អំពី​ការគ្រប់គ្រង​សេដ្ឋកិច្ច មិន​ត្រឹមត្រូវ​។​


​ផែនការ​ចំណាយ​ថវិកាជាតិ សម្រាប់​ឆ្នាំ​២០២៣ នេះ ក៏​រាប់​រួមបញ្ចូល​ទាំង​ឱនភាព ចំនួន ៦៩៥​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង ១៩,១៨៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំសារពើពន្ធ ដែល​នឹង​ចាប់ផ្តើម ពីថ្ងៃ​ទី​១ ខែតុលា ដោយ​បានទទួល​សំឡេងគាំទ្រ ពី​សភា​ជាន់​ទាប ដែលមាន​ចំនួន​៥០០​អាសនៈ នៅក្នុង​អំឡុង​បោះឆ្នោត​ចុងក្រោយ​។ ខណៈ​សមាជិកសភា សរុប ចំនួន​២៥៨​បាន​បោះឆ្នោត​គាំទ្រ និង សមាជិកសភា​ចំនួន​១៨០ បាន​បោះឆ្នោត​ប្រឆាំង ក្រោយ​ការជជែក​ដេញដោល​គ្នា នៅក្នុង​រដ្ឋសភា អស់​រយៈពេល​ប្រាំ​ថ្ងៃ​កន្លងមក​។ ក្រោយ​សភា​ជាន់​ទាប​អនុម័ត​លើ​កញ្ចប់​ថវិកាជាតិ​នេះ​រួច នឹង​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា សម្រាប់​ការពិភាក្សា និង អនុម័ត នៅក្នុង​រយៈពេល​២០​ថ្ងៃ​។​

​លោក​ឧត្ដមសេនីយ៍ Prayut Chan-o-cha និង រដ្ឋាភិបាល​របស់គាត់ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ខណៈ​រដ្ឋាភិបាល​កំពុង​តែ​ពុះពារ​នឹង​ការស្តារ​សេដ្ឋកិច្ច ដែល​រង​ការ​រាតត្បាត ពី​ជំងឺ​កូ​វីដ​-១៩​។ បច្ចុប្បន្ន សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ត្រូវគេ​មើលឃើញថា កំពុងតែ​រីកចម្រើន​យឺតយ៉ាវ ជាង​បណ្ដា​ប្រជាជាតិ​អាស៊ាន ដោយសារ​អតិផរណា​កើនឡើង ក្នុង​កម្រិត​ខ្ពស់បំផុត នៅក្នុង​រយៈពេល ១៤​ឆ្នាំ​កន្លងមកនេះ​។​


​លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា ជា​មេដឹកនាំ​របប​យោធា ក្រោយ​ការធ្វើ​រដ្ឋប្រហារ​យោធា នា​ឆ្នាំ​២០១៤ ហើយ​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ស៊ីវិល បន្ទាប់ពី​ការបោះឆ្នោត នៅ​ឆ្នាំ ២០១៩​។ បច្ចុប្បន្ន គាត់​កំពុងតែ​ប្រឈមមុខ​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ ស្តីពី​សិទ្ធិ​របស់គាត់ នៅក្នុង​ការបន្ត​កាន់តំណែង ជា​នាយករដ្ឋមន្ដ្រី​។


​គណបក្សប្រឆាំង​របស់​ប្រទេស​ថៃ បាន​អះអាងថា លោក ប្រា​យុទ្ធ បាន​កាន់តំណែង ជា​នាយករដ្ឋមន្ដ្រី អស់​រយៈពេល​៨​ឆ្នាំ ត្រឹម​ពីថ្ងៃ​អង្គារ ទី​២៣ ខែសីហា ឆ្នាំ​២០២២ ស្របតាម​ការកំណត់ នៅក្នុង​រដ្ឋធម្មនុញ្ញរ​បស់​ប្រទេស​ថៃ ដែល​ត្រូវ​ឲ្យ​បុគ្គល​ម្នាក់ កាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី ត្រឹមតែ​រយៈពេល​៨​ឆ្នាំ​។ គណបក្សប្រឆាំង បានដាក់​ញ​ត្ដិ ស្វែងរក​សេចក្តីសម្រេច ពី​តុលាការ​ធម្មនុញ្ញ​ថៃ ដើម្បី​បញ្ចប់​អាណ​ត្ដិ​របស់លោក ប្រា​យុទ្ធ​។​


​ជាមួយគ្នានេះដែរ ក្រុមបាតុករ​យ៉ាងតិច ចំនួន​៣​ក្រុម​ផ្សេងគ្នា បានធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ដ្រី ចុះ​ចេញពី​តំណែង​។ បច្ចុប្បន្ន លោក ប្រា​យុទ្ធ ចាន់​អូ​ចា កំពុងតែ​រង​សម្ពាធ​នយោបាយ កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​៕​