ប្រធានាធិបតី​អ៊ុយ​ក្រែ​ន សន្យា​យកជ័យ​ជម្នះ​លើ​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី

ព័ត៌មានអន្តរជាតិ
0
182
រដ្ឋធានី​កៀវ​៖ សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានអូសបន្លាយ អស់​រយៈពេល​ជាង​៦​ខែ​កន្លងមក ហើយ​ការប្រយុទ្ធ​គ្នា​កំពុងតែបន្ដ​នោះ ទើប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​មុខមក​អះអាង​ជាថ្មី​ថា អ៊ុយ​ក្រែ​ន ត្រូវតែ​ឈ្នះ​សង្គ្រាម និង រំដោះ​ឧបទ្វីប​គ្រី​មៀ​។​

​សារព័ត៌មាន Republic World បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​២៤ ខែសីហា ថា លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​សន្យាថា ក្រុង​កៀវ នឹង​ស្តារ​សេរីភាព​ឡើងវិញ នៅ​គ្រប់ផ្នែក​ទាំងអស់​របស់​ប្រទេសជាតិ រួមទាំង ឧបទ្វីប​គ្រី​មៀ (Crimea) ផងដែរ​។​


​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​ថ្លែង នៅក្នុង​សុន្ទរកថា ទៅកាន់​កិច្ចប្រជុំ​កំពូល​វេទិកា​គ្រី​មៀ (Crimea) ដោយ​សន្យា ថា អ៊ុយ​ក្រែ​ន នឹងធ្វើ​ឱ្យ​អស់ពី​សមត្ថ​ភាព ដើម្បី​ដណ្តើមយក​ឧបទ្វីប​គ្រី​មៀ ដែល​ក្រុង​មូ​ស្គូ បាន​រឹបអូស យកទៅដាក់​បញ្ចូល​ជា​ទឹកដី​របស់​រុស្ស៊ី កាលពី​ឆ្នាំ​២០១៤ ត្រឡប់មកវិញ ហើយ​ក្រុង​កៀវ ក៏​នឹង​ជំរុញ​ដល់​សម្ពន្ធមិត្ត​អន្តរជាតិ ឲ្យ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ផងដែរ​។​

​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ប្រាប់​ដល់​ក្រុម​អ្នកចូលរួម នៅក្នុង​សន្និសីទ តាម​ប្រព័ន្ធ​វីដេអូ​មួយ កាលពី​ថ្ងៃ​អង្គារ ទី​២៣ ខែសីហា មុនពេល​ប្រជាជាតិ​អ៊ុយ​ក្រែ​ន ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​២៤ ខែសីហា ក្រោយ​ទទួលបាន​ឯករាជ្យ ពី​សហភាពសូវៀត ខណៈ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ​អូសបន្លាយ អស់​រយៈពេល​ជាង​ខែ​៦​កន្លងមកហើយ​។


​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​សង្កត់ធ្ងន់ នៅក្នុង​សុន្ទរកថា​របស់គាត់ ថា «​ខ្ញុំ​ដឹងថា គ្រី​មៀ (Crimea) នៅ​ជាមួយ​អ៊ុយ​ក្រែ​ន ហើយ​កំពុងតែ​រង់ចាំ​យើង​ត្រឡប់មកវិញ​។ ខ្ញុំ​ចង់ឱ្យ​អ្នក​គ្រប់គ្នា​ដឹងថា យើង​នឹង​ត្រឡប់មកវិញ​។ នៅពេល​យើង​ត្រឡប់មកវិញ និង កែតម្រូវ​អ្វីៗ​គ្រប់យ៉ាង ដែល​អ្នក​ឈ្លានពាន​បានធ្វើ នៅលើ​ឧបទ្វីប​អ៊ុយ​ក្រែ​ន​របស់​យើង​»​។​


​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បន្ថែមថា «​ពិភពលោក​ទាំងមូល ត្រូវតែ​ឈ្នះ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្សី ដើម្បី​យកជ័យ​ជម្នះ​លើ​ភេរ​វករ ហើយ​នាំយក​សុវត្ថិភាព និង សន្តិសុខ ត្រឡប់​មកដល់​តំបន់​របស់​យើង នៅ​អឺរ៉ុប​។ ដូច្នេះ វា​ជាការ​ចាំបាច់​បំផុត សម្រាប់​ការដោះលែង​ឧបទ្វីប Crimea ចេញពី​កណ្ដាប់ដៃ​របស់​អ្នក​ឈ្លានពាន ហើយ​កន្លែង​ណា​មានការ​ឈ្លានពាន ការរំដោះ​នឹង​ចាប់ផ្តើម នៅ​ទីនោះ ហើយ​វា​នឹង​បញ្ចប់​នូវ​សកម្មភាព​ឈ្លានពាន​នេះ​ផងដែរ​»​។​

​លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​បន្ដថា អ៊ុយ​ក្រែ​ន នឹង​ដណ្ដើមយក​តំបន់​គ្រី​មៀ ត្រឡប់មកវិញ តាម​មធ្យោបាយ​របស់​ក្រុង​កៀវ​មាន ហើយ​នឹងមិន​ពិគ្រោះ​យោបល់​ជាមួយនឹង​ប្រទេស​ដទៃ​ណាមួយ មុន​នឹងធ្វើ​សកម្មភាព​នោះឡើយ​៕​