ប្រធានាធិបតី​សហរដ្ឋអាមេរិក លុបចោល​បំណុល​របស់​និស្សិត ជាង​៤០​លាន​នាក់​

ព័ត៌មានអន្តរជាតិ
0
91
​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល​និស្សិត​បាន​ទន្ទឹងរង់ចាំ អស់​រយៈពេល​ជា​យូរ​មកហើយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​បំណុល នៅក្នុង​វិធី​ប្រាក់កម្ចី​របស់​និស្សិត​នោះ នៅ​ទីបំផុតប្រធានាធិបតី​សហរដ្ឋអាមេរិកនឹង​សម្រេច​លុបចោល​ប្រាក់ ១០ ០០០​ដុល្លារ នៅក្នុង​កម្មវិធី​បំណុល​និស្សិតសម្រាប់​ពលរដ្ឋ​អាមេរិកាំងរាប់លាន​នាក់​។

​សារព័ត៌មាន Boston Herald បានចេញ​ផ្សាយកាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ទី​២៥ ខែសីហា ថាលោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិកនឹង​សម្រេច​លុបចោល​ប្រាក់ ១០ ០០០​ដុល្លារ នៅក្នុង​កម្មវិធី​ប្រាក់កម្ចី​របស់​និស្សិត​សហព័ន្ធន៍ សម្រាប់​ជនជាតិ​អាមេរិកាំងរាប់លាន​នាក់ដែល​រកបាន​ប្រាក់ចំណូល តិចជាង ១២៥ ០០០​ដុល្លារ នៅក្នុង​១​ឆ្នាំ​។ ជាមួយគ្នានេះដែរ លោក​ប្រធានាធិបតីក៏​នឹង​លើកលែង​ប្រាក់​បំណុលចំនួន ២០ ០០០​ដុល្លារ សម្រាប់​និស្សិតនៅក្នុង​កម្មវិធី Pell Grants ដែល​នឹង​អនុវត្ត សម្រាប់តែ​អ្នកត្រូវការ​ហិរញ្ញវត្ថុ​ខ្លាំង​បំផុត​។​


​រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​អាមេរិកាំង ប្រហែល ៤៣​លាន​នាក់ កំពុងតែ​ជាប់ជំពាក់​នឹង​បំណុល នៅក្នុង​កម្មវិធី​ប្រាក់កម្ចី​និស្សិត​សហព័ន្ធន៍ ដែលមាន​តម្លៃ​សរុប ១,៦​ពាន់​ពាន់​លាន​ដុល្លារ​។​

​ថ្លែង​ចេញពី​សេត​វិមាន កាលពី​ថ្ងៃ​ពុធ លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «​ផែនការ​របស់គាត់ នឹង​ជួយ​បន្ធូរបន្ថយ​ដល់​គ្រួសារ​កម្មករ និង អ្នកមាន​ជីវភាព​មធ្យម​។ បន្ទុក​នេះ គឺ​ធ្ងន់​ណាស់ សូម្បីតែ​អ្នក​បញ្ចប់​ការសិក្សា​ក៏ដោយ អ្នក​ប្រហែលជា​មិនអាច​ឈានចូល​ទៅក្នុង​ជីវិត​វណ្ណៈ​ថ្នាក់កណ្តាល ដែល​សញ្ញាបត្រ ចេញពី​មហាវិទ្យាល័យ ធ្លាប់​ផ្តល់ឱ្យ​ដែរ​។ លោក​ប្រធានាធិបតី ក៏បាន​រំឭក​ពី​ភាពអាម៉ាស់ ឪពុក​របស់គាត់ ជា​អ្នកលក់​រថយន្ត បាន​ធ្លាក់ខ្លួន ខណៈ​ឪពុក​កំពុងតែ​តស៊ូ​លើ​ការចំណាយ សម្រាប់​ការសិក្សា​របស់​កូនៗ​គាត់​។​ ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​បន្ថែមថា «​នៅ​ទីបំផុត ប្រជាជន​អាមេរិក អាច​ងើប​រួច​ផុតពី​គំនរ​បំណុល​នេះហើយ​»​។​



​បើតាម​ការសិក្សា​របស់​គ្រឹះស្ថាន Brookings បាន​ឲ្យ​ដឹងថា និស្សិត​ស្បែក​ខ្មៅ ទំនងជា​ខ្ចីប្រាក់​ពី​កម្មវិធី​កម្ចី​របស់​និស្សិត​សហព័ន្ធន៍ នៅក្នុង​បរិមាណ​ខ្ពស់ជាង​ជនជាតិ​អាមេរិក​ដទៃទៀត​។ បួន​ឆ្នាំ បន្ទាប់ពី​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ កូនបំណុល​ជា​និស្សិត​ស្បែក​ខ្មៅ ជំពាក់​ប្រាក់ជិត ២៥ ០០០​ដុល្លារ គឺមាន​ចំនួន​ច្រើនជាង​មិត្តភក្តិជា​និស្សិត​ស្បែក​ស​របស់​ពួកគេ​៕