ប្រធានាធិបតី​សហរដ្ឋអាមេរិកបន្តផ្គើនដាក់​ពូ​ទីន

ព័ត៌មានអន្តរជាតិ
0
137
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ដោយសារតែ​សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បានអូសបន្លាយ អស់​រយៈពេល​ជាង​៦​ខែ ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​កំពុងតែបន្ដ ឥត​ស្រាកស្រាន្ដ​នោះ ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹងធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ កាន់តែ​ប្រឈមមុខ​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ឡើង ក្រោយ​ការប្រកាស​ផ្ដល់​កញ្ចប់​ជំនួយ​យោធា​ថ្មី​បន្ថែមទៀត មាន​ទំហំ​ទឹកប្រាក់ ជិត​៣​ពាន់​លាន​ដុល្លារ ជួយ​ដល់​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន Ansa បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២៤ ខែសីហា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ បានប្រកាស អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​បន្ថែម មាន​ទំហំ​ទឹកប្រាក់ ជិត​៣​ពាន់​លាន​ដុល្លារ​។ នេះ​ជា​កញ្ចប់​ជំនួយ​ថ្មី​ដ៏​ធំ​បំផុត​របស់​សហរដ្ឋ​អាម​រិ​ក ផ្ដល់ជូន​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ នា​ថ្ងៃបុណ្យ​ឯករាជ្យ​របស់​អ៊ុយ​ក្រែ​ន និង ជាការ​រំឭក​ខួប​៦​ខែ នៃ​ការឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​។​


​បើតាម​សេចក្តីថ្លែងការណ៍​មួយ បាន​ឲ្យ​ដឹងថា លោក Biden បានបង្ហាញ អំពី​ការប្តេជ្ញាចិត្ត​យ៉ាងរឹងមាំ​របស់​ក្រុង​វ៉ាស៊ីនតោន ចំពោះ​ការតស៊ូ​របស់​អ៊ុយ​ក្រែ​ន​។ ចំណែក​កញ្ចប់​ជំនួយ​យោធា​ថ្មី​នេះ មាន​ទំហំ​ទឹកប្រាក់ ២,៩៨​ពាន់​លាន​ដុល្លារ សម្រាប់​គ្រឿង​សព្វាវុធ និង ឧបករណ៍​ផ្សេងៗ​ទៀត មាន​គោលបំណង ដើម្បី​ធានាថា អ៊ុយ​ក្រែ​ន អាច​បន្ត​ការពារ​ទឹកដី​របស់ខ្លួន នៅក្នុង​រយៈពេល​យូរ​បាន​»​។​

​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា កញ្ចប់​ជំនួយ​ថ្មី​នេះ នឹង​រាប់បញ្ចូល ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស កាំភ្លើង​ធំ និង គ្រាប់រំសេវ សម្រាប់​ប្រព័ន្ធ​គ្រឿង​ចម្បាំង​ទាំងនេះ ក៏ដូចជា រ៉ា​ដា និង ប្រព័ន្ធ​កាំភ្លើង​ទំនើបៗ​ជាច្រើន​ផ្សេងទៀត ដើម្បី​ប្រឈមមុខ​នឹង​ដ្រូ​ន​វាយប្រហារ​របស់​រុស្ស៊ី​។​


​ជាការ​ចូលរួម​អបអរសាទរ​ដល់​អ៊ុយ​ក្រែ​ន ចំពោះ​ទិវា​ឯករាជ្យ​របស់ខ្លួន ដែល​ត្រូវ​បានប្រកាស ផ្ដាច់​ចេញពី​សហភាពសូវៀត នា​ឆ្នាំ​១៩៩១ នោះ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​សង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក «​ប្តេជ្ញា​គាំទ្រ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន ខណៈ​កំពុងតែបន្ត​ប្រយុទ្ធ ដើម្បី​ការពារ​សេរីភាព និង អធិបតេយ្យភាព​របស់​ពួកគេ​»​។​

​ជាមួយគ្នានេះដែរ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ក៏បាន​កោតសរសើរ ចំពោះ​ការតស៊ូ​របស់​អ៊ុយ​ក្រែ​ន ប្រឆាំងនឹង​ការឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ដែល​បានចាប់ផ្តើម នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រោយពេល​ព្យាយាម​មិន​ជោគជ័យ អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក ដើម្បី​ដាក់​ប្រទេសមួយ​នេះ ឲ្យ​ស្ថិតនៅក្រោម​គ្រប់គ្រង​រប​ស់​រុស្ស៊ី​ឡើងវិញ ខណៈ​អ៊ុយ​ក្រែ​ន​ចង់​ចូល​ជា​សមាជិក នៅក្នុង​អង្គការ​ណា​តូ និង សហភាព​អឺរ៉ុប​។​



​នៅក្នុង​សង្គ្រាម រយៈពេល​ជាង​៦​ខែ​កន្លងមកនេះ បានធ្វើ​ឲ្យ​ជន​ស៊ីវិល និង ទាហាន​ទាំងសងខាង បាន​បាត់​បង់ជីវិត រាប់ម៉ឺន​នាក់ និង ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្ដិ អស់​រាប់រយ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​ជាការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​បំផុត​បំផុត ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក​។ ថ្វីបើ​រុស្ស៊ី បាន​រំពឹង​ទុកជាមុន អំពី​ជ័យជម្នះ​យ៉ាង​លឿន​បំផុត​យ៉ាងណាក្ដី ប៉ុន្ដែ​កងទ័ព​អ៊ុយ​ក្រែ​ន ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល ពី​លោកខាងលិច មានលទ្ធភាព​វាយបក និង ទប់ទល់​ដល់​កម្លាំង​ទាហាន​រុស្ស៊ី មិន​ឲ្យ​លេប​ត្របាក់​ប្រទេស​របស់​ពួកគេ​បាន​នោះឡើយ​៕​