​អាជ្ញាធរ​របប​សឹក​មី​យ៉ាន់​ម៉ា នាំ​លោកស្រី​ស៊ូ​ជី ចេញពី​ពន្ធ​.​នាគារ​ទៅ​ដាក់​នៅក្នុង​វិមាន​រដ្ឋាភិបាល​

ព័ត៌មានអន្តរជាតិ
0
0


​រដ្ឋធានី​ណៃ​ពិដោ (NAYPYIDAW)៖ ចាប់តាំងពី​ការចាប់ខ្លួន ក្រោយ​ការធ្វើ​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​សឹក​មី​យ៉ាន់​ម៉ា បានសម្រេច បញ្ជូន​លោកស្រី អ៊ោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) មេដឹកនាំ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អាស៊ាន​មួយ​នេះ ចេញពី​ពន្ធនាគារ​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២៨ ខែកក្កដា ថា មន្ដ្រី​មួយរូប មកពី​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) បានបញ្ជាក់ នៅ​ថ្ងៃ​សុក្រ នេះ ថា លោកស្រី ស៊ូ​ជី មេដឹកនាំ​ស៊ីវិល​របស់​មី​យ៉ាន់​ម៉ា ដែល​ត្រូវបាន​ពួកយោធា បណ្ដេញ​ចេញពី​អំណាច នៅក្នុង​ឆ្នាំ​២០២១ ត្រូវបាន​អាជ្ញាធរ​របប​សឹក បញ្ជូន​ចេញពី​ពន្ធនាគារ នាំទៅ​កាន់​វិមាន​រដ្ឋាភិបាល​។​

​លោកស្រី អ៊ោ​ង សាន​ស៊ូ​ជី បានបង្ហាញ​ខ្លួន​តែម្ដង​គត់ ចាប់តាំងពី​លោកស្រី ត្រូវបាន​ពួកយោធា ចាប់ឃុំខ្លួន ក្រោយ​អំពើ​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ បាន​ផ្សាយ អំពី​សកម្មភាព នៅក្នុង​បន្ទប់​សវនាការ ស្ថិតក្នុង​រដ្ឋធានី​ណៃ​ពិដោ ដែល​ត្រូវបាន​សាងសង់ឡើង ដោយ​ពួកយោធា​។​
ពាណិជ្ជកម្ម

​បើតាម​ក្រុមមន្ដ្រី​របស់​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹង ថា អំពី​រដ្ឋប្រហារ​យោធា​នេះ បាន​រុញច្រាន​ប្រទេស​មី​យ៉ាន់​ម៉ា ឱ្យ​ធ្លាក់​ចូលក្នុង​ជម្លោះ​ប្រដាប់អាវុធ ហើយ​មនុស្ស ជាង​១​លាន​នាក់ បាន​រត់ចោល​ផ្ទះសម្បែង​។​

​មន្ដ្រី​មួយរូប​របស់​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន​របស់​បារាំង AFP ដោយ​សុំ​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្ដ​សញ្ញាណ ថា «​លោកស្រី អ៊ោ​ង សាន​ស៊ូ​ជី ត្រូវបាន​ពួកយោធា បញ្ជូន​ទៅកាន់​អគារ​ដ៏​ខ្ពស់​មួយ កាលពី​ថ្ងៃ​ចន្ទ​»​។​

​មន្ដ្រី​ដដែល​នេះ ក៏បាន​អះអាង ថា លោកស្រី ស៊ូ​ជី បាន​ជួប​ជាមួយនឹង​ប្រធានសភា​ជាន់​ទាប​របស់​មី​យ៉ាន់​ម៉ា គឺ​លោក ធី ឃុន មី​យ៉ា​ត (Ti Khun Myat) ហើយ​គាត់​ក៏​ទំនងជា​នឹង​ជួប​ជាមួយ​លោក ដេ​ង ស៊ី​ជួន (Deng Xijuan) បេសកជន​ពិសេស​របស់​ចិន ទទួលបន្ទុក​កិច្ចការ​អាស៊ី ដែល​កំពុងតែ​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​ប្រភពពី​គណបក្សនយោបាយ​មួយ​ផ្សេងទៀត បាន​អះអាង ថា លោកស្រី ស៊ូ​ជី ត្រូវបាន​ពួកយោធា បញ្ជូន​ទៅកាន់​អគារ​ដ៏​ប្រណីត​មួយ ស្ថិតក្នុង​រដ្ឋធានី​ណៃ​ពិដោ​។​

​លោក ដូន ប្រា​មូ​ដ​វី​ណៃ (Don Pramudwinai) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ថៃ បានបញ្ជាក់ នៅក្នុង​ខែកក្កដា ថា គាត់​បាន​ជួប​ជាមួយនឹង​លោកស្រី ស៊ូ​ជី ជា​ជំនួប​ដំបូងបង្អស់ ជាមួយនឹង​ប្រេសិត​បរទេស ចាប់តាំងពី​លោកស្រី ត្រូវបាន​ពួកយោធា ចាប់ឃុំខ្លួន​។​

​អ្នកនាំពាក្យ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា កិច្ចប្រជុំ​នោះ បាន​ចំណាយពេល​ជាង​១​ម៉ោង​។ ប៉ុន្ដែ​គាត់​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត អំពី​ចំណុច​សំខាន់​អ្វីខ្លះ ត្រូវបាន​ពិភាក្សា​នោះឡើយ​។​


​លោកស្រី អ៊ោ​ង សាន​ស៊ូ​ជី វ័យ​៧៨​ឆ្នាំ ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្ដិភាព ត្រូវបាន​របប​យោធា​មី​យ៉ាន់​ម៉ា កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​៣៣​ឆ្នាំ សម្រាប់​សំណុំរឿង​ព្រហ្មទណ្ឌ​ជាច្រើន រួមមាន អំពើពុករលួយ កាន់កាប់​វិទ្យុទាក់ទង​ដោយ​ខុសច្បាប់ និង រំលោភ​លើ​វិធានការ​រឹតបន្ដឹង​ទប់ស្កាត់​កូ​វីដ​-១៩​។ ប៉ុន្ដែ​បណ្ដា​ក្រុម​អង្គការសិទ្ធិមនុស្ស​ជាច្រើន បាន​ថ្កោលទោស​ដល់​ការកាត់ក្ដី ប្រឆាំងនឹង​លោកស្រី ស៊ូ​ជី ដោយ​ចាត់ទុក ថា វា​ជា​វិធានការ ត្រូវបាន​តាក់តែងឡើង ដើម្បី​បណ្ដេញ​មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​រូបនេះ ចេញពី​ឆាកនយោបាយ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​នៅក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២២ ក្រោយពេល​ឃុំខ្លួន នៅក្នុង​ផ្ទះ អស់​រយៈពេល​ជាង​១​ឆ្នាំ ស្ថិតក្នុង​ទីក្រុង​ណៃ​ពិដោ រួចមក លោកស្រី ស៊ូ​ជី ត្រូវបាន​ពួកយោធា បញ្ជូន​ទៅកាន់​ពន្ធនាគា​រ​មួយ​ផ្សេងទៀត ស្ថិតក្នុង​រដ្ឋធានី​រប​ស់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ប្រភពព័ត៌មាន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP នាពេលនោះ ថា នៅ​ទីនោះ រដ្ឋាភិបាលយោធា បាន​ហាម​ដល់​បុគ្គលិក​ក្នុងស្រុក​របស់លោក​ស្រី ដែលមាន​មនុស្ស​ប្រហែល​១០​នាក់ ចូលជួប​លោកស្រី ហើយ​បាន​ចាត់តាំង​ជំនួយការ​ផ្សេង ត្រូវបាន​ជ្រើសរើស ដោយ​ពួកយោធា​។​

​បើទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ លោកស្រី ស៊ូ​ជី នៅតែមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា សូម្បីតែ​ក្រោយពេល​ខូច​មុខមាត់​របស់លោក​ស្រី នៅលើ​ឆាក​អន្ដរជាតិ ដោយសារ​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច ជាមួយ​ពួក​ឧ​ត្ត​ម​សេនីយ៍​យោធា និង ការខកខាន នៅក្នុង​ការនិយាយស្តី អំពី​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​ត្រូវបាន​ពួកយោធា ធ្វើទុក្ខបុកម្នេញ​យ៉ាងណាក្ដី​។ ប៉ុន្តែ​ការ​វាយ​ប្រយុទ្ធ​គ្នា ដើម្បី​លទ្ធិប្រជាធិបតេយ្យ កំពុងតែ​លុបចោល​នូវ​គោលការណ៍​គ្រឹះ​អហិង្សា​របស់លោក​ស្រី ហើយ​ងាក​ទៅ​ចាប់យក​អាវុធ ព្យាយាម​លុបបំបាត់​នូវ​ការត្រួតត្រា​របស់​យោធា​ជា​អចិន្ត្រៃយ៍ លើ​វិស័យ​នយោបាយ និង សេដ្ឋកិច្ច​របស់​ប្រទេស​។​

​ពួកយោធា បាន​ចោទប្រកាន់ អំពី​ការ​ក្លែងបន្លំ​អ្នកបោះឆ្នោត​យ៉ាង​ទូលំទូលាយ នៅក្នុង​ការបោះឆ្នោត នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ទើប​នាំ​ឲ្យ​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​បែបនេះ​។ ការអះអាង​របស់​ពួកយោធា បានក្លាយ​ជាដើម​ចម នៃ​អំពើ​រដ្ឋប្រហារ ហើយ​បង្កឱ្យមាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ រហូត​ឈានដល់​ការបង្ក្រាប​យ៉ាង​បង្ហូរឈាម​។​


​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី ស៊ូ​ជី បានឈ្នះ​ភ្លូកទឹកភ្លូកដី នៅក្នុង​ការបោះឆ្នោត នា​ខែវិច្ឆិកា ឆ្នាំ​២០២០ ខណៈ​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ បាន​អះអាង នាពេលនោះ ថា ការបោះឆ្នោត នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ភាគច្រើន បាន​ប្រ​ព្រឹ​ត្ដទៅ ដោយសារ​សេរីភាព និង យុត្តិធម៌​។ ប៉ុន្ដែ​ក្រោយពេល​កើតមាន​អំពើ​រដ្ឋប្រហារ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នោះមក សមាជិក​ជាន់ខ្ពស់​រប​ស់ NLD ជាច្រើន​នាក់ ត្រូវបាន​ពួកយោធា ចាប់​ដាក់គុក ឬ បញ្ជូនទៅ​ឃុំខ្លួន នៅ​កន្លែង​ដ៏​អាថ៌កំបាំង​។​

​បើតាម​ក្រុម​អង្គការ​ឃ្លាំមើល​ក្នុង​តំបន់ បានឱ្យដឹងថា មនុស្ស​ជាង ៣ ៨០០​នាក់ ត្រូវបាន​សម្លាប់ នៅក្នុង​ការតវ៉ា ចាប់តាំងពី​ក្រោយ​រដ្ឋប្រហា​រ រហូតមក​៕​