រុស្ស៊ី វាយប្រហារ​មី​.ស៊ី​ល​លើ​ស្ថានីយ​រថភ្លើង​ដឹក​ជន​ស៊ីវិលចំ​ទិវា​ឯករាជ្យ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
116
​រដ្ឋធានី​កៀវ​៖ រុស្ស៊ី បាន​វាយប្រហារ​មី​ស៊ី​ល ទៅលើ​ស្ថានីយ​រថភ្លើង ចំ​ទិវា​ឯករាជ្យ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​អ្នកដំណើរ​ជាច្រើន​នាក់ បាត់បង់​ជីវិត កាលពី​ថ្ងៃ​ពុធ ទី​២៤ ខែសីហា ស្ថិតក្នុង​ទីក្រុង​ចា​ព្លី​ន (Chaplyn) នា​ភាគ​ខាងកើត ប្រទេស​នេះ​។​

​សារព័ត៌មាន The Times of India បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែសីហា ថា លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​ទាហាន​រុស្ស៊ី ទៅលើ​ទីក្រុង Chaplyne នា​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន បានសម្លាប់​មនុស្ស ចំនួន​២២​នាក់ និង រាប់សិប​នាក់​ផ្សេងទៀត រងរបួស​។ នេះ​ជា​សកម្មភាព​វាយប្រហារ​ថ្មី​របស់​រុស្ស៊ី កំណត់​គោលដៅ​ទៅលើ​រថភ្លើង​ដឹក​អ្នកដំណើរ​។​



​នៅក្នុង​ការ​ថ្លែង​តាម​ប្រព័ន្ធ​វីដេអូ ទៅកាន់​ក្រុមប្រឹក្សាសន្ដិសុខ​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់ UNSC កាលពី​ថ្ងៃ​ពុធ លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា «​ការវាយប្រហារ​របស់​រុស្ស៊ី បានកំណត់​គោល​លើ​រថភ្លើង​ដឹក​អ្នកដំណើរ​ជា​ជន​ស៊ីវិល នៅក្នុង​ទីក្រុង Chaplyne ដែលមាន​ប្រជាជន ប្រហែល ៣ ៥០០​នាក់​រស់នៅ ស្ថិតក្នុង​តំបន់​ឌី​នី​ប្រ៉ូ​ប៉េ​ត្រូវ​ស្ក៍ (Dnipropetrovsk)​។ រីឯ​ចំនួន​អ្នកស្លាប់ អាច​នឹង​កើនឡើង​បន្ថែមទៀត​។ ដូច្នេះ រុស្ស៊ី​ត្រូវតែ​ទទួលខុសត្រូវ ចំពោះ​អ្វីដែល​ក្រុង​មូ​ស្គូ បាន និង កំពុងតែ​ប្រ​ព្រឹ​ត្ដ​»​។​

​ទោះជា​យ៉ាងណា រុស្ស៊ី បានធ្វើការ​អត្ថាធិប្បាយ ឆ្លើយតប​ភ្លាមៗ ជុំវិញ​ការចោទប្រកាន់ ពី​មេដឹកនាំ​អ៊ុយ​ក្រែ​ន នោះឡើយ​។ ប៉ុន្ដែ​ក្រុង​មូ​ស្គូ​បាន​ច្រានចោល ចំពោះ​ការចោទប្រកាន់ អំពី​ការកំណត់​គោលដៅ វាយប្រហារ​ទៅលើ​ជន​ស៊ីវិល​។ ដោយឡែក សហរដ្ឋអាមេរិក ក៏បាន​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការវាយប្រហារ ទៅលើ​រថភ្លើង​ដឹក​អ្នកដំណើរ ចំ​ទិវា​ឯករាជ្យ​របស់​អ៊ុយ​ក្រែ​ន ៕​