ប្រធានាធិបតី​រុស្ស៊ី នឹង​បញ្ចុះតម្លៃ​ប្រេង​ដល់​ប្រទេស​អាស៊ាន រហូតដល់​៣០​ភាគរយ​

ព័ត៌មានអន្តរជាតិ
0
118
រដ្ឋធានី​មូ​ស្គូ​៖ ដោយសារតែ​ទណ្ឌកម្ម ពី​បណ្ដា​ប្រទេស​លោក​លិច និង សម្ពន្ធមិត្ត លើ​ការនាំចេញ​ផលិតផល​ថាមពល​របស់​ប្រទេស​រុស្ស៊ី ប្រឆាំងនឹង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន នោះ ក្រុង​មូ​ស្គូ​កំពុងតែ​ស្វះស្វែង រក​អ្នកទិញ​ប្រេង​របស់ខ្លួន ពី​បណ្ដា​ប្រទេស នៅ​តំបន់​អាស៊ី និង ប្លុក​អាស៊ាន ក្រោម​ការបញ្ចុះ​តម្លៃ រហូតដល់​៣០​ភាគរយ ទាប​ជាង​តម្លៃ​ទីផ្សារ​អន្ដរជាតិ​។​

​សារព័ត៌មាន​ជប៉ុន The Japan Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២៤ ខែសីហា ថា មន្ដ្រី​លោកខាងលិច បាន​ប្រាប់​ដល់​សារព័ត៌មាន Bloomberg កាលពី​ថ្ងៃ​ពុធ ថា ឥឡូវ រុស្ស៊ី កំពុងតែ​ពិភាក្សា ជាមួយ​បណ្ដា​ប្រទេស​អាស៊ី​មួយចំនួន សម្រាប់​កិច្ចសន្យា​ទិញ​ប្រេង រយៈពេល​វែង ប្រកបដោយ​សក្ដានុពល​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន​បំផុត​។ ប្រសិន​មានការ​ពិភាក្សា​នេះ ឈានដល់​កិច្ច​ព្រមព្រៀងគ្នា​នោះ រុស្ស៊ី នឹង​បញ្ចុះតម្លៃ​ប្រេង​របស់ខ្លួន រហូតដល់​៣០​ភាគរយ សម្រាប់​អ្នកទិញ នៅ​អាស៊ី ខណៈ G7 គ្រោង​នឹង​ជំរុញ​តម្លៃ​ប្រេង​របស់ខ្លួន​។​


​បើតាម​របាយការណ៍​នោះ បាន​ឲ្យ​ដឹងថា ការបញ្ចុះ​តម្លៃ អាចមាន​រហូតដល់​ទៅ​៣០​ភាគរយ ហើយ​ករណីនេះ អាច​បង្ហាញថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ កំពុងតែ​សម្លឹងមើល អំពី​ការ​ប្រឆាំងនឹង​កិច្ចពិភាក្សា ដែល​កំពុង​បន្ត ដោយ​សហរដ្ឋអាមេរិក និង បណ្ដា​ប្រទេស G7 ទាក់ទង​នឹង​តម្លៃ ប្រេង​ឆៅ​របស់​រុស្ស៊ី​។

​លើសពីនេះទៅទៀត កិច្ចពិភាក្សា​របស់​រុស្ស៊ី ជាមួយ​បណ្ដា​ប្រទេស នៅ​អាស៊ី ក៏​អាច​ឆ្លុះបញ្ចាំង​អំពី​ការជំរុញ​ឲ្យ​មានការ​ធានា​ដល់​អ្នកទិញ កាន់តែ​ច្រើនឡើង​ផងដែរ ខណៈ​បណ្ដា​ប្រទេស នៅ​អឺរ៉ុប បដិសេធ​នូវ​ការផ្គត់ផ្គង់​របស់​ក្រុង​មូ​ស្គូ​។​


​លោក សាន​ឌី​យ៉ា​ហ្គា អ៊ុយ​ណូ (Sandiaga Uno) រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​ឥណ្ឌូនេស៊ី បានបញ្ជាក់ នៅក្នុង​បណ្ដាញ​សង្គម Instagram ថា រុស្ស៊ី បាន​បញ្ចុះតម្លៃ​លក់​ប្រេង មកដល់​ប្រទេស​ឥណ្ឌូនេស៊ី រហូតដល់​៣០​ភាគរយ គឺ​ទាប​ជាង​តម្លៃ​ទីផ្សារ​អន្ដរជាតិ​។ ប៉ុន្ដែ​បើទោះជា​យ៉ាងនេះ​ក្ដី គាត់​បានបង្ហាញ​នូវ​កត់សម្គាល់ថា ឥណ្ឌូនេស៊ី នៅតែមាន​ការព្រួយបារម្ភ ចំពោះ​ការដាក់ទណ្ឌកម្ម ដែល​អាច​កើតមាន ពី​សហរដ្ឋអាមេរិក ផងដែរ​។​

​សហភាព​អឺរ៉ុប បានដាក់​បម្រាម លើ​ការ​នាំចូល​ប្រេង​តាម​សមុទ្រ មកពី​ប្រទេស​រុស្សី គ្រោង​នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២​។ ប៉ុន្តែ​ការព្រួយបារម្ភ ថា វា​អាច​នឹង​ធ្វើឱ្យ​តម្លៃ​ប្រេង​កើនឡើង ហើយ​យន្ដការ​នេះ នឹង​នាំ​ឲ្យ​មាន​ប្រាក់ចំណេញ​ច្រើន សម្រាប់​រុស្ស៊ី ទើប​មានការ​អំពាវនាវ​ឱ្យ​លើកលែង​នូវ​ការហាមឃាត់ ដែល​នឹង​ធ្វើឱ្យ​ប្រេង​បន្ត​ដំណើរការ និង កាត់បន្ថយ​តម្លៃ​។​


​ដោយឡែក Rystad Energy ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ថាមពល និង ស៊ើបអង្កេត​ពាណិជ្ជកម្ម​ឯករាជ្យ នៅក្នុង​ប្រទេស​ន័​រ​វ៉ែ​ស បាន​ព្យាករ​ថា ទិន្នផល​ប្រេង​ឆៅ​របស់​រុស្ស៊ី នឹង​ធ្លាក់ចុះ ជាង​១​លាន​បារ៉ែល នៅក្នុង​មួយថ្ងៃ នាពេល​ឆាប់ៗ​នេះ ដោយសារតែ​តម្រូវការ​ទាប នៅ​អាស៊ី ហើយ​ការហាមឃាត់​របស់​សហ​ភាព​អឺរ៉ុប នឹង​ចូល​មកដល់​។​

​ក្រុមហ៊ុន​ស្រាវជ្រាវ​រប​ស់​ន័​រ​វ៉ែ​ស ដដែល​នេះ បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ថា «​រហូតមកដល់​ពេលនេះ ប្រទេស​រុស្ស៊ី បានបង្ហាញ​ពី​ភាព​ធន់​ខ្ពស់ ចំពោះ​សម្ពាធ​មិន​ធ្លាប់មាន​ពីមុនមក ដោយ​ការដាក់ទណ្ឌកម្ម ពី​សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក ប៉ុន្តែ​អ្វីដែល​អាក្រក់​បំផុត​នោះ មិនទាន់​មកដល់​នោះឡើយ​។ ចំណែក​ការប្រើប្រាស់​ក្នុងស្រុក បាន​ជួយ​បំពេញ​គម្លាត នៅក្នុង​រដូវ​កាល​មាន​តម្រូវការ​ខ្ពស់បំផុត ប៉ុន្តែ​តម្រូវការ​នៅក្រៅ​ប្រទេស សម្រាប់​ផលិត​ថាមពល​របស់​រុស្ស៊ី បាន​ធ្លាក់ចុះ ហើយ​វា​នឹងធ្វើ​ឲ្យ​មាន​បញ្ហា​បន្ថែមទៀត នាពេល​ខាងមុខនេះ​»៕​