រដ្ឋាភិបាល​សឹក​មី​យ៉ាន់​ម៉ា ចាប់ឃុំខ្លួន​អតីត​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​

ព័ត៌មានអន្តរជាតិ
0
149
រដ្ឋធានី​ណៃ​ពិដោរ​៖ អាជ្ញាធរ នៃ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាន​ចាប់ឃុំខ្លួន​អតីត​ឯកអគ្គរាជទូត ចក្រភព​អង់គ្លេស និង ស្វាមី​របស់លោក​ស្រី ក្រោម​ការចោទប្រកាន់ ពីបទ​រំលោភបំពាន​លើ​ច្បាប់​អន្ដោប្រវេសន៍​របស់​ប្រទេស​អាស៊ាន​មួយ​នេះ ហើយ​នាំទៅ​ឃុំខ្លួន នៅក្នុង​កន្លែង​ផ្សេងគ្នា​។​

​សារព័ត៌មាន The Guardian បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២៦ ខែសីហា ថា លោកស្រី វិក​គី បូ​វ​ម៉ែន (Vicky Bowman) អតីត​ឯកអគ្គរាជទូត ចក្រភព​អង់គ្លេស ប្រចាំ​នៅ​ភូមា និង ស្វាមី​របស់លោក​ស្រី គឺ​លោក កូ ហា​ថែ​ន លីន (Ko Htein Lin) ជា​វិចិត្រករ​ដ៏​លេចធ្លោ​មួយរូប ត្រូវបាន​អាជ្ញាធរ​របប​សឹក​មី​យ៉ាន់​ម៉ា ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​។ ស្របគ្នា​នេះដែរ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ជាថ្មី ប្រឆាំងនឹង​ប្រទេស​អាស៊ាន​មួយ​នេះ ខណៈ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា រាប់សែន​នាក់​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៥ នៃ​ការជម្លៀស​របស់​ពួកគេ ចេញពី​មី​យ៉ាន់​ម៉ា រត់​ទៅ​ជ្រកកោន នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​។​


​លោកស្រី និង ស្វាមី ត្រូវបាន​អាជ្ញាធរ នាំទៅ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ អ៊ី​ន​សេន (Insein) កាលពី​យប់ ថ្ងៃ​ព្រហស្បតិ៍ នៅ​ស្ថានីយ​ប៉ូលិស ចំនួន​២​ផ្សេងគ្នា ចាប់តាំងពី​យប់នោះ​។​

​របប​យោធា​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបញ្ជាក់ ថា អាជ្ញាធរ​មី​យ៉ាន់​ម៉ា បាន​ចាប់ខ្លួន​អតីត​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ និង ស្វាមី​របស់គាត់ ដែលជា​វិចិត្រករ​ដ៏​លេចធ្លោ​មួយរូប និង ធ្លាប់ជា​អ្នកទោសនយោបាយ​ម្ដង​រួចមកហើយ ពីបទ​បំពាន​ច្បាប់​អន្តោប្រវេសន៍​។​


​របប​សឹក​មី​យ៉ាន់​ម៉ា បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថា លោកស្រី Vicky Bowman ដែល​ធ្លាប់​ធ្វើជា​ឯ​អគ្គរាជទូត​ចក្រភព​អង់គ្លេស ចន្លោះ​ពី​ឆ្នាំ​២០០២ ដល់​២០០៦ ត្រូវបាន​ចាប់ឃុំខ្លួន ជុំវិញ​ការខកខាន​ប្រកាសថា លោកស្រី​កំពុងតែ​រស់នៅ​អាសយដ្ឋាន ផ្សេង​ពី​ការចុះបញ្ជី​បញ្ជាក់​ពី​កន្លែង​ស្នាក់នៅ​របស់លោក​ស្រី​។ រីឯ​ស្វាមី​របស់លោក​ស្រី ក៏​ត្រូវបាន​ចាប់ខ្លួន ជុំវិញ​ការចោទប្រកាន់ ជួយ​ដល់​ប្រពន្ធ​របស់ខ្លួន ឲ្យ​រស់នៅ​កន្លែង​ផ្សេង ពី​ផ្ទះ​ដែល​ត្រូវបាន​ចុះបញ្ជី ស្ថិតក្នុង​តំបន់ឧស្សាហកម្ម​យ៉ាំង​ហ្គូ​ន (Yangon) ។​

​ដោយឡែក អ្នកនាំពាក្យ ស្ថានទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅក្នុង​ទីក្រុង Yangon បាន​បញ្ជាក់ថា មន្ដ្រី​ស្ថានទូត ចក្រភព​អង់គ្លេស មានការ​ព្រួយបារម្ភ ជុំវិញ​ករណី​ចាប់ខ្លួន​ស្ដ្រី​អង់គ្លេស នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​មិនបាន​បញ្ជាក់ ឈ្មោះ Bowman នោះឡើយ​។ យើង​កំពុងតែ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​កំពុងតែ​ផ្តល់ជំនួយ​ផ្នែក​កុងស៊ុល​»​។​



​បើតាម​ប្រភពព័ត៌មាន​ដែល​ដឹង​អំពី​បញ្ហា​នេះ បានបញ្ជាក់ ថា លោកស្រី Bowman និង ស្វាមី​របស់លោក​ស្រី គឺ​លោក Htein ត្រូវបាន​អាជ្ញាធរ​មី​យ៉ាន់​ម៉ា នាំទៅ​កាន់​ពន្ធនាគារ Insein ស្ថិតក្នុង​ទីក្រុង Yangon​។ ចំណែក​សវនាការ លើ​លោកស្រី អតីត​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស និង ស្វាមី ត្រូវបាន​កំណត់ ធ្វើឡើង នៅ​ថ្ងៃទី​៦ ខែកញ្ញា បើទោះជា​គេ​មិនទាន់​ដឹងថា នឹងមាន​អ្វី​កើតឡើង​ក៏ដោយ​។ ប្រសិនបើ​របប​សឹក​ចោទប្រកាន់ អំពី​ការរំលោភ​លើ​ច្បាប់​អន្ដោប្រវេសន៍​មែន​នោះ លោកស្រី អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ជា​អតិបរមា រយៈពេល​៥​ឆ្នាំ​៕​