ចិន ដាក់​កម្លាំង​ទាហាន​ឡោមព័ទ្ធ​តៃវ៉ាន់ អាច​បង្ខំ​ឲ្យ​ចុះចាញ់​

ព័ត៌មានអន្តរជាតិ
0
210
ទីក្រុង​តៃប៉ិ​៖ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) បានមក​ដល់ទី​ក្រុង​តៃប៉ិ កាលពី​ថ្ងៃទី​២ ខែសីហា បានក្លាយ​ជា​លេស​មួយ សម្រាប់​ក្រុង​ប៉េកាំង ដាក់ពង្រាយ​កម្លាំង​ទាហាន នាវាចម្បាំង និង យន្ដហោះ​យោធា​ជាច្រើន​គ្រឿង ធ្វើ​សមយុទ្ធ បាញ់​គ្រាប់​ពិត ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ដែន​កោះ​មួយ​នេះ ចុះចាញ់ ដោយ​មិនចាំបាច់​ធ្វើសង្គ្រាម​។​

​សារព័ត៌មាន Taiwan News បាន​ដកស្រង់ កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែសីហា ថា សារព័ត៌មាន​របស់​ស​ហ​រដ្ឋ​អាមេរិក New York Times បាន​ផ្សាយ​ថា ក្រុង​ប៉េកាំង អាច​នឹង​បិទ​កំពង់ផែ​នានា និង ដែនអាកាស​របស់​តៃវ៉ាន់ ជំនួស​ពី​ការប្រយុទ្ធ​នឹង​សង្គ្រាម​។ អាច​នឹង​បិទ​កំពង់ផែ និង ដែនអាកាស​របស់​តៃវ៉ាន់ ដើម្បី​ដាក់​សម្ពាធ ទៅលើ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ បង្ខំ​ឲ្យ​ចុះចាញ់ ដោយ​មិនចាំបាច់​ធ្វើសង្គ្រាម​។


​ជាមួយនឹង​ការបញ្ជូន​កប៉ាល់​ជាច្រើន​គ្រឿង និង នាវាមុជទឹក​នានា ទៅជិត​កំពង់​របស់​តៃវ៉ាន់ នោះ ក្រុង​ប៉េកាំង អាច​នឹង​រារាំង​ដល់​ការដឹកជញ្ជូន​ទំនិញ តាម​កប៉ាល់​ចេញ និង ចូលមក​កាន់​ដែន​កោះ​មួយ​នេះ​បាន​។ ក្រៅពី​ដែនសមុទ្រ​នោះ ចិន ក៏​អាច​នឹង​បញ្ជូន​យន្ដហោះ​ចម្បាំង និង មី​ស៊ី​ល ទៅ​រក្សា​នូវ​អនុ​ត្ដរ​ភាព ពីលើ​ដែនអាកាស​របស់​តៃវ៉ាន់ ដើម្បី​ប្រឈមមុខ​នឹង​អន្ដរាគមន៍​ណាមួយ ពី​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត​។​

​នៅក្នុង​ការឡោមព័ទ្ធ​ជុំវិញ​ដែន​កោះ​តៃវ៉ាន់​នោះ ចិន អាច​ព្យាយាម​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​របស់​បច្ចាមិត្ត ជាមួយនឹង​មី​ស៊ី​ល បាញ់​ពីលើ​ដី​ទៅលើ​អាកាស ហើយក៏​អាច​បាញ់​មី​ស៊ី​ល ទៅលើ​មូលដ្ឋាន​កងទ័ពអាកាស​របស់​សហរដ្ឋអាមេរិក នៅ​កោះ​ហ្គា​ម (Guam) និង ជប៉ុន​ផងដែរ​។ ក្រៅពីនេះ ចិន ក៏​អាច​ប្រើប្រាស់​នូវ​ការឃោសនា ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត និង សង្គ្រាម​តាម​បណ្ដាញ​អ៊ិនធើរណេត ដើម្បី​បង្កើន​នូវ​ការគាំទ្រ​ក្នុងស្រុក ហើយ​ផ្សព្វផ្សាយ ព័ត៌មាន​បង្កើត​ការសង្ស័យ និង ការភ័យខ្លាច នៅក្នុង​ចំណោម​ប្រជាជន​តៃវ៉ាន់ និង ប្រជាជន នៅ​ជុំវិញ​ពិភពលោក​ថែមទៀត​ផង​។​


​បើតាម​របាយការណ៍​ដ​ដែល បានឱ្យដឹង​ទៀតថា «​សូម្បីតែ​ការបិទផ្លូវ​ដែល​បានកំណត់ នឹង​គំរាមកំហែង​ដល់​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក​។ រីឯ​អ្នក​យុទ្ធសាស្ត្រ​យោធា​របស់​ចិន ជឿថា យុទ្ធសាស្ត្រ​បែបនេះ អនុញ្ញាតឱ្យ​មានលទ្ធភាព រឹតបន្តឹង ឬ​បន្ធូរបន្ថយ​នូវ​ការរំខាន នៅ​ជុំវិញ​កោះ​តៃវ៉ាន់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ថែម​ទៀតផង​»​។​

​បើ​គិតពី​ការពឹងផ្អែក​យ៉ាងខ្លាំង​របស់​តៃវ៉ាន់ ទៅលើ​ប្រេងឥន្ធនៈ និង ស្បៀងអាហារ គឺ​ការប្រើប្រាស់​យុទ្ធសាស្ដ្រ​បែបនេះ នឹងធ្វើ​ឲ្យ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត ដល់​ប្រជាជន នៅលើ​ដែន​កោះ​មួយ​នេះ​។

​ចិន បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ បាញ់​គ្រាប់​ពិត ដើម្បី​ឆ្លើយតប​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​សហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានមក​កាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ ខែសីហា​។ បើទោះជា​សមយុទ្ធ​នេះ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង មានការ​បំភិតបំភ័យ​យ៉ាងណាក៏ដោយ ប៉ុន្ដែ​ពួកគេ នៅតែ​មិន​រាប់បញ្ចូល ជា​ទ្រព្យសម្បត្តិ​យោធា​ដ៏​ទំនើប​បំផុត​របស់​ចិន និង មិនត្រូវ​បានចាត់ទុក​ថា ជាការ​ហាត់​សម​ដ៏​ពេញលេញ​នោះដែរ​។​


​សារព័ត៌មាន New York Times បាន​ដកស្រង់​សម្ដី​របស់លោក ឌ្រូ ថម​សុន (Drew Thompson) សាស្ត្រាចារ្យ​ជាន់ខ្ពស់ នៅ​សាលា​នយោបាយ​សាធារណៈ Lee Kuan Yew ស្ថិតក្នុង​ប្រទេស​សិង្ហ​បុរី ថ្លែងថា «​ទិដ្ឋភាព​នយោបាយ ចំពោះ​អ្វីដែល​ពួកគេ​ធ្វើ ជួនកាល មាន​សារៈសំខាន់ ជាង​ការបណ្តុះបណ្តាល​ជាក់ស្តែង ដែល​ពួកគេ​កំពុងតែ​អនុវត្ត​ទៅទៀត​»​។​

​យន្តហោះ​យោធា​ចិន បាន​ឆ្លងកាត់​ខ្សែបន្ទាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​ញឹកញាប់ ហើយ​នៅក្នុង​រយៈពេល​៣​សប្តាហ៍​ដំបូង នៃ​ខែសីហា នេះ ក្រុង​ប៉េកាំង បាន​បញ្ជូន​យន្តហោះ​ចម្បាំង ជាង​៦០០​គ្រឿង ហោះចូល​ទៅក្នុង​ដែនអាកាស ឬ នៅ​ជិត​តំបន់​កំណត់​ការពារ​ដែនអាកាស​រប​ស់​តៃវ៉ាន់ នៅក្នុង​ការប៉ុនប៉ង​បង្កើត​លក្ខណៈ​ហោះហើរ​ធម្មតា​ថ្មី​មួយទៀត​។​

​ជាមួយគ្នានេះ លោក អូ ស៊ី​ហ្វូ (Ou Si-fu) ជា​អ្នកស្រាវជ្រាវ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិស័យ​ការពារជាតិ និង សន្តិសុខ​ជាតិ បាន​អះអាងថា «​ខ្ញុំ​គិតថា ចិន​បានបង្ហាញ​ចេតនា​របស់​ពួកគេ ដើម្បី​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ហើយ​ប្រឆាំងនឹង​អន្តរាគមន៍ មកពី​បរទេស​»​។


​ជាមួយនឹង​ការគំរាមកំហែង​ជា​ញឹកញាប់​ដល់​សន្ដិសុខ ពី​ប្រទេស​ចិន បែបនេះ គណៈរដ្ឋមន្ដ្រី​តៃវ៉ាន់ បានអនុម័ត​កញ្ចប់​ថ​វិកា​ជាតិ រហូតដល់​៥៨៦,៣​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើនឹង ១៩,៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំ​សារពើ​ព​ន្ថ ២០២៣​។ កញ្ចប់​ថវិកា​វិស័យ​ការពារជាតិ នា​ឆ្នាំ​២០២៣​នេះ នឹង​កើត​ដល់​ជិត​១៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុខ ហើយនឹង​អនុ​ញ្ញ​ត​ឲ្យ​ក្រសួងការពារជាតិ​តៃវ៉ាន់ អាច​ទិញ​នាវាចម្បាំង និង មី​ស៊ី​ល​ថ្មីៗ​ផលិត​ក្នុងស្រុក​បាន​។​

​វិទ្យាស្ថាន​វិទ្យាសាស្ដ្រ និង បច្ចេក​វិ​ទ្យ​ជាតិ​ចុង​សាន (Chung-Shan) បានបញ្ជាក់ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៧ ខែសីហា ថា វិទ្យាស្ថាន​នេះ នឹង​បង្កើន​ការផលិត​មី​ស៊ី​ល​ប្រចាំឆ្នាំ​របស់ខ្លួន ទ្វេដង កើន​ដល់​៥០០​គ្រឿង​។ ការបង្កើន​នូវ​ការផលិត​នេះ នឹង​រួមបញ្ចូល មី​ស៊ី​ល Sky Sword II, មី​ស៊ី​ល Sky Bow III, មី​ស៊ី​ល Hsiung Feng III, មី​ស៊ី​ល Hsiung Feng II, មី​ស៊ី​ល Hsiung Sheng និង មី​ស៊ី​ល Wan Chien ផងដែរ​។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិ​តៃវ៉ាន់ ក៏បាន​អះអាង​ពី​កម្លាំង​ទាហាន​របស់ខ្លួន បានសម្រេច​បង្កើត​ប្រព័ន្ធ​ទប់ស្កាត់​ដ្រូ​ន​រួចរាល់​ហើយ​ដែរ​៕​